មេបក្សក្រៅរដ្ឋាភិបាល ជំរុញឱ្យស្ថាប័នបោះឆ្នោតកែទម្រង់ និងកុំលម្អៀង បើចង់ឱ្យមានការបោះឆ្នោតផ្លាស់ប្តូរពីសំណាក់ពលរដ្ឋ តាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
ក្រុមមេដឹកនាំគណបក្សជំទាស់ លើកឡើងថា ការផ្លាស់ប្តូរមេដឹកនាំប្រទេស ដោយការមិនពេញចិត្តពីប្រជាពលរដ្ឋ ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់ឱ្យពលរដ្ឋបោះឆ្នោតទម្លាក់គាត់ បើមិនពេញចិត្តនោះ គន្លឹះដែលអាចធ្វើទៅបាន លុះត្រាតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)មានការកែទម្រង់ស៊ីជម្រៅ និងត្រូវឈរជាអាជ្ញាកណ្តាលពិតប្រាកដ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស កាលពីថ្ងៃទី១៥ សីហា បានប្រាប់ឱ្យប្រជាពលរដ្ឋ បោះឆ្នោតទម្លាក់រដ្ឋាភិបាលរបស់គាត់ចោលចុះ បើនៅក្រោមការដឹកនាំរបស់គាត់ធ្វើឱ្យមានការបាត់បង់ទឹកដី។
លោកថ្លែងថា៖«បើសិនជារាជរដ្ឋាភិបាលអាណត្តិនេះធ្វើឱ្យបាត់បង់ទឹកដី បាត់បង់អធិបតេយ្យភាពគ្មានការអភិវឌ្ឍន៍ឈានទៅដល់ការបំផ្លាញធនធានធម្មជាតិនៅក្នុងខេត្តទាំង៤ ខ្ទេចអស់ប្រជាពលរដ្ឋខ្មែរនៅទីនោះ ដែលគ្មានហេតុផលច្បាស់លាស់ តើប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណា? ២០២៧-២៨ បោះទម្លាក់តែម្តងទៅ កុំពិបាក។ នេះគឺជាសិទ្ធិនៅក្នុងរដ្ឋធម្មនុញ្ញ សិទ្ធិស្របច្បាប់ សុំអនុវត្តសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ»។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា លើកឡើងថា ការថ្លែងសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិតជាត្រឹមត្រូវ។ អំណាចមេដឹកនាំបានមក ដោយសារពលរដ្ឋម្ចាស់ប្រទេស ម្ចាស់ឆ្នោត។ បើពលរដ្ឋមិនគាំទ្រ មិនពេញចិត្តនឹងការដឹកនាំរបស់នាយករដ្ឋមន្ត្រី មិនរីកចម្រើនទៅមុខ ប្រទេសជួបវិបត្តិនយោបាយ សេដ្ឋកិច្ច ឬក៏គាបសង្កត់សេរីភាព បង្កើតភាពអយុត្តិធម៌សង្គម គឺប្រទេសប្រជាធិបតេយ្យយកពលរដ្ឋជាធំ មានសិទ្ធិបោះឆ្នោតដូរមេដឹកនាំតាមរយៈការបោះឆ្នោត។
លោកបញ្ជាក់ថា គណបក្សនយោបាយក្រៅរដ្ឋាភិបាល ត្រូវនាំគ្នាធ្វើការតស៊ូមតិ ដើម្បីធានាថា ស្ថាប័នបោះឆ្នោត ត្រូវតែជាអង្គការមួយឈរលើជំហរអព្យាក្រឹត សេរី យុត្តិធម៌ ត្រឹមត្រូវ ដែលអាចទទួលយកបាន។
លោក មាជ សុវណ្ណារ៉ា ប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី១៦ សីហា ថា៖«ពីព្រោះថា កម្ពុជា គ្មានជម្រើសណាក្រៅពីផ្លាស់ប្តូរតាមរយៈការបោះឆ្នោតនោះទេ។ អ៊ីចឹង យើងទាមទារឱ្យ គជប កុំស្ថិតក្នុងការរងសម្ពាធ ឬឥទ្ធិពលពីអ្នកនយោបាយ ដោយលម្អៀងក្នុងនិន្នាការនយោបាយ»។
អតីតអ្នកទោសនយោបាយរូបនេះ ក៏បានប្រាប់ឱ្យប្រជាពលរដ្ឋ តាមដានពីសង្គមជាតិ និងសកម្មភាពរបស់អ្នកនយោបាយ ដើម្បីកុំឱ្យបោះឆ្នោតជ្រើសរើសមេដឹកនាំខុស ចៀសវាងទទួលរងនូវការឈឺចាប់ ឬក៏ជួបនូវផលវិបាកក្នុងជីវភាពរស់នៅ រងនូវការជិះជាន់។ លោកថា គណបក្សជំនាន់ថ្មីត្រៀមខ្លួនរួចហើយ ជាមួយគោលនយោបាយជាតិ ដើម្បីបង្ហាត់បង្ហាញប្រជាពលរដ្ឋឱ្យយល់ដឹង និងគាំទ្រ។ លោកសម្តែងនូវក្តីរំពឹងថា សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧ និងបោះឆ្នោតជាតិ ឆ្នាំ២០២៨ បក្សរបស់លោកនឹងអាចដណ្តើមបានអាសនៈ ដើម្បីចូលរួមកសាងជាតិ និងបម្រើប្រជារាស្ត្រ។
សម្រាប់ប្រធានគណបក្សកែទម្រង់កម្ពុជា លោកអ៊ូ ច័ន្ទរ័ត្ន សម្តែងនូវក្តីរំភើប និងគាំទ្រចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលប្រាប់ឱ្យពលរដ្ឋបោះឆ្នោតទម្លាក់រដ្ឋាភិបាលរបស់គាត់ បើលោកដឹកនាំរដ្ឋាភិបាល ធ្វើឱ្យបាត់បង់ទឹកដី ឬក៏ធ្វើឱ្យខាតបង់ប្រយោជន៍ជាតិ។ លោកថ្លែងថា អ្វី ដែលពលរដ្ឋព្រួយបារម្ភពីការបាត់បង់ទឹកដី គឺមិនមែនបារម្ភ ក្នុងជំនាន់លោក ហ៊ុន ម៉ាណែត ដឹកនាំបច្ចុប្បន្ននេះទេ គឺពលរដ្ឋបារម្ភពីការបាត់បង់ ដែលអាចកើតឡើងនៅពេលខាងមុខទៀត។
លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា៖«ប៉ុន្តែសុំធ្វើម៉េចឱ្យប្រព័ន្ធបោះឆ្នោតហ្នឹងវាប្រសើរ ហើយអាចទុកចិត្តបាន ហើយយើងបានលើកឡើងច្រើនដង តាំងពីមុនមានភាពចម្រូងចម្រាសរឿង CLV រឿងហ្វូណនតេជោអីជាដើម។ ខ្ញុំបានលើកឡើងជាច្រើនដងហើយ ធ្វើម៉េចឱ្យប្រព័ន្ធបោះឆ្នោតនេះមានទំនុកចិត្តពីប្រជាពលរដ្ឋនិងមតិអន្តរជាតិ»។
លោកថា៖«ខ្ញុំបានលើកឡើងដែរថា គួរតែមានការធ្វើកំណែទម្រង់ចំពោះក្បាលម៉ាស៊ីនដឹកនាំ[គជប] មិនអាចចេញពីអ្នកមាននិន្នាការនយោបាយទេ។ ច្បាប់បោះឆ្នោតមួយចំនួនត្រូវតែលុប ព្រោះកន្លែងខ្លះ ងាយពេកក្នុងការរំលាយគណបក្សនយោបាយ ធ្វើឱ្យប្រជាពលរដ្ឋមិនមានសង្ឃឹម ក្នុងការចូលរួមបោះឆ្នោត។ [ពលរដ្ឋ]យល់ថា ចូលរួមបោះឆ្នោត បើបោះឆ្នោតហើយគណបក្សលោកត្រូវបានគេរំលាយងាយៗបែបហ្នឹង វាមិនមានឱកាសក្នុងការផ្លាស់ប្តូរ»៕