ពលរដ្ឋខ្មែរនៅក្រៅប្រទេសរាប់ពាន់នាក់ធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាល ដកខ្លួនពីគម្រោងCLV ដែលមន្ត្រីរដ្ឋាភិបាលចាត់ទុកជាការបញ្ឆេះរបស់ក្រុមប្រឆាំង និងព្រមានកុំឱ្យចាញ់កល ប្រយ័ត្នរងចំណាត់ការច្បាប់
ប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុន រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅថ្ងៃទី១១ ខែសីហា នេះ ធ្វើបាតុកម្មយ៉ាងផុលផុស ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់កិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម(CLV) ដោយសារបារម្ភពីការបាត់ទឹកដីទៅខាងវៀតណាម។
ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប៉ែន បូណា ចាត់ទុកការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនោះ ជាការញុះញង់ និងដុតបញ្ឆេះដោយក្រុមអ្នកប្រឆាំង។ លោក ប្រាប់ឱ្យពលរដ្ឋ កុំចាញ់បោកក្រុមប្រឆាំងចូលរួមធ្វើបាតុកម្មប្រឆាំងនឹងគម្រោង CLV នេះ ប្រយ័ត្នរងនូវចំណាត់ការផ្លូវច្បាប់។
ក្រុមបាតុករបានស្រែកសុំឱ្យរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដកខ្លូនចេញពីគម្រោង CLV ដោយក្រុមបាតុករ បានលើកបដា និងស្រែកព្រមគ្នាថា«NO CLV, NO CLV, NO CLV» និងមានលើកបដា ដែលមានន័យថា«យើងប្រឆាំដាច់ខាតគម្រោង CLV»។
ក្នុងបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី គេឃើញលោក ចាន់ ចេន មេធាវីការពារក្តីឱ្យលោក គឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់សហគមន៍ជាតិ និងអន្តរជាតិ ថា ទឹកដីរបស់កម្ពុជានេះ គឺមហានគរ។ ទឹកដីប្រទេសកម្ពុជា គឺជាទឹកដីរបស់យើងទាំងអស់គ្នា ទឹកដីប្រទេសកម្ពុជា គឺជាទឹកដីរបស់ប្រជាជាតិខ្មែរទូទាំងប្រទេស ទាំងខ្មែរក្នុងប្រទេស ក៏ដូចជាខ្មែរនៅក្រៅប្រទេស មិនមែនជារបស់ក្រុមគ្រួសារណាមួយទេ។
លោក ចាន់ ចេន ថ្លែងថា៖«យើងមក[ធ្វើបាតុកម្ម]នេះ យើងមកដោយស្ម័គ្រចិត្ត គ្មានអ្នកណាគៀរគរយើង យើងមកដោយចិត្តរបស់យើង ដោយឧត្តមគតិរបស់យើង ដែលយើងស្រឡាញ់…»។
លោកបន្ថែមថា ការណ៍ដែលរដ្ឋាភិបាលបច្ចុប្បន្ន បានចូលក្នុងគម្រោងCLVនេះ គឺមិនត្រឹមត្រូវទេ។ លោកថា រដ្ឋាភិបាលមុននឹងចូលគម្រោងរបស់CLV ក៏ត្រូវសួរប្រជាពលរដ្ឋខ្មែរ ព្រោះក្នុងរដ្ឋធម្មនុញ្ញព្រះជាណាចក្រកម្ពុជា ដែលចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានចារឹកថា ប្រជាពលរដ្ឋខ្មែរគឺជាម្ចាស់ទឹកជាម្ចាស់ដី ប្រជាពលរដ្ឋខ្មែរគឺជាម្ចាស់វាសនានៃប្រទេសជាតិ។ លោកសួរថា ប៉ុន្តែអ្វី ដែលរដ្ឋាភិបាល បានសម្រេចចូលក្នុងគម្រោង CLV តើមានសួរដល់បងប្អូន ដែលជាម្ចាស់ទឹកម្ចាស់ដីទេ?។
ដើម្បីចៀសវាងការចោទប្រកាន់លើលោកផ្ទាល់ លោកចាន់ ចេន បញ្ជាក់ថា៖«សូមជម្រាបឱ្យច្បាស់ត្រង់នេះ ក្រែងលោកាត់តសំឡេង។ ខ្ញុំមិនចោទប្រកាន់ថា រដ្ឋាភិបាលកាត់ដី៤ខេត្តនេះឱ្យប្រទេសយួនទេ។ ខ្ញុំមិនចោទប្រកាន់ទេ ហើយបងប្អូននៅទីនេះ សូមធ្វើជាសាក្សី។ ក៏ប៉ុន្តែយើងមកទីនេះ គឺយើងមានការព្រួយបារម្ភ ដោយសារយើងម្ចាស់ទឹកម្ចាស់ដី យើងជាជនជាតិខ្មែរ យើងមានការព្រួយបារម្ភ ព្រោះប្រវត្តិសាស្ត្របានបង្ហាញយើងហើយ»។
លោកចាន់ ចេន បានអំពាវនាវថា៖«យើងសុំឱ្យរដ្ឋាភិបាល បញ្ឈប់ជាបន្ទាន់ បញ្ឈប់ដោយគ្មានលក្ខខណ្ឌ សូមឱ្យរដ្ឋាភិបាល ចាកចេញពីគម្រោង CLV នេះ ពីព្រោះយើងមើលឃើញថា ការចូលទៅក្នុង CLV នេះ គឺជាគ្រោះថ្នាក់សម្រាប់ប្រជាជាតិខ្មែរ»។
ឆ្លើយតបនឹងបាតុកម្មនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងថា ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទេ ព្រោះនោះជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ឯគម្រោងអភិវឌ្ឍន៍តំបន់CLV ក៏ខាងរដ្ឋាភិបាលបានពន្យល់រួចហើយដែរ ហើយប្រជាពលរដ្ឋក៏បានយល់ផងដែរ ប៉ុន្តែនៅតែប្រជាពលរដ្ឋមួយចំនួនតូច ដែលអាចនៅស្រពិចស្រពិល។
លោកថ្លែងថា៖«ប៉ុន្តែសំខាន់ គឺពួកប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលដុតរឿងនេះ ចង់ឱ្យយករឿងនេះទៅធ្វើជាឆ្នួនផ្ទុះដុតប្រទេសជាតិទាំងមូលតែម្តង។ នេះជាមហិច្ឆតាដ៏អាក្រក់បំផុតរបស់ពួកគេ ដែលតែងប្រើប្រាស់ជារៀងរហូតមក»។
លោក ប៉ែន បូណា បានបញ្ជាក់ថា៖«អ៊ីចឹង ខ្ញុំក៏សូមអំពាវនាវដែរ ឱ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន ជាពិសេស យុវជន សូមកុំចាញ់បោកក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលចង់ដុតប្រទេសឱ្យឆេះ ហើយរុញប្រទេសឱ្យធ្លាក់ចូលក្នុងភាពវឹកវរ សង្គ្រាមស៊ីវិលឡើងវិញ សូមបងប្អូនយើងប្រុងប្រយ័ត្ន។ ប្រយ័ត្ន ទី១ គឺចាញ់កលគេឱ្យដុតផ្ទះខ្លួនឯង និងប្រយ័ត្នទី២ គឺចាញ់កលគេ គេរុញឱ្យប្រព្រឹត្តខុសច្បាប់ ហើយត្រូវរងចំណាត់ការណាមួយចំពោះផ្លូវច្បាប់»។
ពាក់ព័ន្ធនឹងCLV លោក ប៉ែន បូណា ថ្លែងថា ការអភិវឌ្ឍប្រទេសជាតិ រដ្ឋាភិបាលមានទស្សនវិស័យច្បាស់លាស់ ដែលត្រូវធ្វើ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងធ្វើដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ ដើម្បីមានចំណូលខ្ពស់ត្រូវការអភិវឌ្ឍន៍ និងត្រូវការកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ ឬប្រទេសភូមិផងរបងជាមួយ។ លោកថា រាជរដ្ឋាភិបាល មានជំហរច្បាស់លាស់ គឺការពារឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ៕