រដ្ឋមន្ត្រីថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ កើនឡើង១០ភាគរយ ខណៈជាមួយវៀតណាម កើន២៤ភាគរយ រយៈពេល៧ខែ នៃឆ្នាំ២០២៤នេះ តែមន្ត្រីសង្គមស៊ីវិល នៅតែទទូចឱ្យពន្យារគម្រោង CLV
គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម(CLV) ដែលបានព្រមព្រៀងពីឆ្នាំ១៩៩៩ បានរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ កើនឡើង១០ភាគរយ ក្នុងនោះនាំចេញ២៧២ភាគរយ ខណៈរវាងកម្ពុជា និងវៀតណាម កើនឡើង២៤ភាគរយ និងនាំចេញកើនឡើង៣៨ភាគរយ ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២៤ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល នៅតែទទូចឱ្យរដ្ឋាភិបាលពន្យារនូវកិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ដោយសារតែកម្ពុជា កំពុងតែមានជម្លោះផ្ទែក្នុង ដែលជាហានិភ័យអាចនាំឱ្យកម្ពុជា ខាតប្រយោជន៍ទៅក្នុងគម្រោងអភិវឌ្ឍន៍រួមគ្នានះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែសីហា នេះ ក្រៅពីទទួលបានលទ្ធផលកើនឡើងបែបនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និមល អះអាងថា ក្នុងនោះកម្ពុជាក៏ទទួលបានការវិនិយោគលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ CLV មានគម្រោងអាទិភាពចំនួន៥ ដែលជាហិរញ្ញប្បទានក្របខ័ណ្ឌCLV របស់ជប៉ុន។
លោកស្រីចម និមល បានថ្លែងថា៖«សមិទ្ធផលទាំងអស់នេះក៏យើងឃើញថា មានការចូលរួមមិនថា ជាការវិនិយោគសាធារណៈរបស់ប្រទេសរៀងៗខ្លួននោះទេ ទាំងការវិនិយោគរបស់ឯកជន ក៏ដូចគ្នាការវិនិយោគរបស់ដៃគូអភិវឌ្ឍន៍»។
លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ថា៖«យើងឃើញថា ការអភិវឌ្ឍ ការតភ្ជាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ត្រីកោណនេះ អនុញ្ញាតឱ្យមានការចូលរួមវិនិយោគ ទាំងដៃគូអភិវឌ្ឍន៍ផង ទាំងដៃគូវិនិយោគក្នុងស្រុកផង ទាំងនៅក្នុងតំបន់ផងដែរ។ នេះជាសមិទ្ធផលរួម»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ស្របទៅនឹងការលើកឡើងថា កម្ពុជាធ្វើពាណិជ្ជកម្មជាមួយឡាវ និងវៀតណាម ទទួលបានលទ្ធផលល្អ ក្រោយពីប្រទេសទាំង៣ បានជជែកគ្នាជាយុទ្ធសាស្ត្រប៉ុន្មានឆ្នាំកន្លងទៅ។ ប៉ុន្តែលោកថា ការសហប្រតិបត្តិការក្នុងគម្រោងរួមគ្នាអភិវឌ្ឍន៍តំបន់ត្រីកោណ CLV គួរតែរដ្ឋាភិបាលកម្ពុជាពន្យារពេល និងពិចារណាឱ្យបានដិតដល់ ព្រោះវាទាក់ទងនឹងបូរណភាពទឹកដី និងក្តីព្រួយបារម្ភពីភាគីផ្សេងៗទៀត ដែលមិនទាន់មានទំនុកចិត្ត ឬក៏មានភាពរកាំរកូសជាមួយគណបក្សកាន់អំណាច ដែលហៅថា រដ្ឋាភិបាលនេះ។
លោក សេក សុជាតិ ថ្លែងនៅថ្ងៃទី១០ ខែសីហា ថា៖«ការអភិវឌ្ឍមួយ ដែលអាចធានាបាននូវភាពច្បាស់លាស់ ហើយធានាបាននូវការរីកចម្រើនមួយប្រកបទៅដោយគុណតម្លៃ វាទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយទទួលយកផលប្រយោជន៍ហ្នឹងជួយគ្នាទៅវិញទៅមក ធ្វើយ៉ាងណា ដើម្បីឱ្យសេដ្ឋកិច្ចរបស់កម្ពុជាហ្នឹង វាមានភាពល្អប្រសើរឡើងទាំងព្រម»។
ករណី CLV លោកសុជាតិ លើកឡើងថា កម្ពុជា នៅមិនទាន់មានទំនុកចិត្តពីភាគីផ្សេងៗជាច្រើន ដែលមិនបានចូលរួមពិភាក្សារួមគ្នា ដូច្នេះជាហានិភ័យមួយខ្ពស់សម្រាប់កម្ពុជា។ បើកម្ពុជាអាចអភិវឌ្ឍន៍ខ្លួនឯងបាន គួរតែអភិវឌ្ឍន៍សិន ហើយពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ផ្លូវ ទីផ្សារ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជាធារាសាស្ត្រ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការដាំដុះ អាចប្រមូលផលបាន ជាពិសេសការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស។
លោកថ្លែងថា៖«មនុស្សមានសមត្ថភាព មានគុណភាព គឺអាចការពារទឹកដី ទោះបីជាមានគ្នាតិចក៏ដោយ ក៏អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ចៀសបញ្ហា ឬក៏អាចទប់ស្កាត់ការបំពានណាមួយពីភាគីណាមួយ ដែលមិនមានភាពស្មោះត្រង់ចំពោះកម្ពុជា។ បញ្ហានេះ គឺសំខាន់ណាស់ គួរតែពិចារណាក្នុងស្ថានភាពដែលកម្ពុជាកំពុងមានបញ្ហាផ្ទៃក្នុង នយោបាយជាតិផង ហើយការបែកបាក់ផ្ទៃក្នុងមិនទាន់បានផ្សះផ្សាផង»។
លោកបញ្ជាក់ថា៖«អ៊ីចឹង វាជាឱកាសសម្រាប់ពួកគេ ដែលមិនមានបញ្ហា ហើយសេដ្ឋកិច្ចគេរឹងមាំ។ អ៊ីចឹងគេនឹងអាចប្រើប្រាស់ឱកាសហ្នឹង ដើម្បីក្តោបយកផលប្រយោជន៍តែឯង ហើយវានឹងធ្វើឱ្យកម្ពុជា ឈ្លោះគ្នាផ្ទៃក្នុងកាន់តែខ្លាំង រហូតអាចជំរុញឱ្យមានការបាក់បែកផ្ទៃក្នុងសាមគ្គីជាតិកាន់តែធ្ងន់ថែមទៀត»៕