សាលាដំបូងរាជធានីភ្នំពេញ ច្រានចោលការចោទថា ករណីចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន ដោយសារមិនចូលរួមគាំទ្រការបើកគម្រោងព្រែកជីហ្វូណនតេជោ
មន្ត្រីគណបក្សភ្លើងទៀន ដែលជាបក្សប្រឆាំង លោកសាន អឿន ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន ដែលព័ត៌មានពីករណីចាប់ខ្លួននេះ ត្រូវបានរាយការណ៍ថា ចាប់ដោយសារលោកមិនបានចូលរួមគាំទ្រពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ ប៉ុន្តែសេចក្តីរាយការណ៍ និងការផ្សព្វផ្សាយបែបនេះ ត្រូវបានអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញច្រានចោល។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែសីហា នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលការចោទប្រកាន់ ដែលថា លោក សាន អឿន ត្រូវបានចាប់ខ្លួន ដោយសារមិនបានទៅចូលរួមគាំទ្រការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា ការចាប់ខ្លួនលោក សាន អឿន គឺជាការអនុវត្តតាមដីការបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងអង្គហេតុ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺមិនពាក់ព័ន្ធនឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនតេជោនោះទេ។
កាលពីថ្ងៃទី៨ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយនៅក្រៅប្រទេស បានស្រង់សម្តីរបសស្ត្រី ឈ្មោះ សាន គន្ធា ដែលជាកូនរបស់លោក សាន អឿន ដោយនិយាយថា ឪពុករបស់អ្នកស្រីត្រូវបានចាប់ខ្លួន ដោយសារមិនបានចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។
បើតាមអ្នកស្រី សាន គន្ធា ថា៖«បើដឹងថា គ្រាន់តែគាត់មិនទៅគាំទ្រព្រែកជីកនេះ រហូតដល់ថ្នាក់ចាប់ខ្លួន ខ្ញុំឱ្យគាត់ទៅហើយ»។ តាមសេចក្តីរាយការណ៍នោះ អ្នកស្រីបាននិយាយថា ឪពុករបស់អ្នកស្រីមិនបានទៅចូលរួមគាំទ្រការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដោយសារតែគាត់ឈឺ។
នៅពេលទាក់ទង នៅថ្ងៃទី៩ សីហា នេះ លោក ជូង ជូងី មេធាវីការពារក្តីឱ្យមន្ត្រី នៃគណបក្សប្រឆាំង ប្រាប់ថា លោកមិនបានដឹងអំពីករណីចាប់ខ្លួននេះច្បាស់ទេ៕