Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អ្នកឃ្លាំមើល ចង់ឱ្យរដ្ឋាភិបាល រកវិធីសាស្ត្រទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន ក្នុងស្ថានភាពនេះ ប្រសើរជាងការកំណត់តម្លៃ នៃការចូលថតក្នុងប្រាសាទអង្គរវត្ត ក្នុងតម្លៃពី $៣០ ដល់ $៥ ០០០

0

ក្រុមអ្នកឃ្លាំមើលបានលើកឡើងថា ក្នុងស្ថានភាព ដែលចំនួនភ្ញៀវទេសចរកំពុងធ្លាក់ចុះបែបនេះ អាជ្ញាធរ ជាតិអប្សរា ដែលជាសេនាធិការ របសរដ្ឋាភិបាល មិនគួរប្រញាប់កំណត់តម្លៃសម្រាប់ការចូលថតក្នុងទីតាំងប្រាសាទអង្គរវត្តទេ អ្វីដែលចាំបាច់ត្រូវធ្វើ គឺអាជ្ញាធរជាតិអប្សរា ត្រូវបង្កើតវិធីសាស្ត្រណា ដែលអាចទាក់ទាញទេសចរឱ្យបានច្រើនចូលមកម្ពុជា។

ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA Cambodia) លោក សន ជ័យ ថ្លែងនៅថ្ងៃទី៧ សីហា ថា ស្ថិតក្នុងស្ថានភាព ដែលចំនួនភ្ញៀវទេសចរកំពុងមានការធ្លាក់ចុះយ៉ាងនេះ មិនគួរមានការកំណត់តម្លៃ នៃការចូលថតអ៊ីចឹងទេ។ លោកថា ការងារ ដែលសំខាន់ គឺវិធីសាស្ត្រ ឬការរៀបចំកម្មវិធីផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមកប្រទេសកម្ពុជា ជាជាងការកំណត់កញ្ចប់តម្លៃ ដែលមិនទាន់ចាំបាច់។

លោក សន ជ័យ ប្រាប់ The Cambodia Now News(CNN) ថា៖«មិនទាន់ចាំបាច់ ដោយសារអ្វី ដោយសារភ្ញៀវទេសចរ មានការធ្លាក់ចុះ។ អ៊ីចឹង ការទាក់ទាញភ្ញៀវទេសចរឱ្យត្រឡប់មកវិញ ឱ្យគេចាប់អារម្មណ៍ពីកម្ពុជា រួមទាំងទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ អាហ្នឹងគឺជារឿងអាទិភាពមុនគេហើយ»។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា កម្ពុជា គួរគិតរកវិធីទាក់ទាញភ្ញៀវទេសចរ និងកៀរគរ ធ្វើយ៉ាងណាឱ្យគេជួយផ្សព្វផ្សាយអំពីទេសចរណ៍របស់កម្ពុជាឱ្យបានច្រើនតាមរយៈរូបភាពជាវីដេអូនិងរូបភាពផ្សេងៗចាប់ពីខ្នាតតូចខ្នាតមធ្យម ទាំងក្នុងស្រុកក្រៅស្រុក ដែលកម្ពុជាគួរតែធ្វើសកម្មភាពទាំងនេះ ក្នុងដំណាក់កាលទេសចរណ៍មិនទាន់មានភាពប្រសើរឡើង។

លោក សេក សុជាតិ ថ្លែងនៅថ្ងៃទី៧ សីហា ថា៖«ខ្ញុំយល់ថា ការកំណត់តម្លៃនេះហាក់បីដូចជាដើរបញ្ច្រាសទិសពីគោលនយោបាយទេសចរណ៍របស់រដ្ឋាភិបាលដែលចង់បានភ្ញៀវទេសចរច្រើន ក៏ប៉ុន្តែបែរទៅជាដាក់របាំងមួយ ធ្វើឱ្យភ្ញៀវទេសចរ ឬក៏អ្នក ដែលមានបំណងចង់ប្រើប្រាស់រូបភាពទេសចរណ៍កម្ពុជាក្នុងការផ្សព្វផ្សាយទៅឱ្យសាធារណជនជាតិ អន្តរជាតិបានមើលឃើញ បែរទៅជាកំណត់តម្លៃទៅវិញ»។

លោកថា ក្នុងស្ថានភាពបែបនេះ គួរតែលើកទឹកចិត្ត និងគាំទ្រលើកកម្ពស់ឱ្យពួកគេផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាឱ្យបានច្រើនជាងនេះ ទើបជាការប្រសើរ។ ក្នុងស្ថានភាពទេសចរណ៍មិនទាន់មានភាពប្រក្រតី គួរតែពិចារណាដកចេញនូវគោលគំនិតទាំងអស់នេះ រង់ចាំដល់ស្ថានភាពទេសចរណ៍កម្ពុជាមានភាពល្អប្រសើរឡើងវិញ សឹមកំណត់តម្លៃបែបនេះ។

លោក សេក សុជាតិ បញ្ជាក់ថា៖«មិនគួរណាមកបំផ្លាញអ្វីៗ ដែលជាមរតកគោលនយោបាយរបស់រដ្ឋាភិបាល ដែលចង់បានភ្ញៀវទេសចរ ដើម្បីបង្កើននូវឱកាស សម្រាប់អ្នកវិនិយោគទៅលើតំបន់ទេសចរណ៍ទាំងអស់ហ្នឹងឱ្យបានល្អប្រសើរឡើង»។

ក្រោយពីមានការផ្ទុះឡើងនូវការកំណត់តម្លៃ ពី៩០ដុល្លារ ដល់ ៥០០០ដុល្លារអាមេរិក នៅតាមបណ្តាញសង្គមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា តម្លៃដែលបានកំណត់ក្នុងតារាងចេញកាលពីថ្ងៃទី២ សីហា ឆ្នាំ២០២៤ ជាតម្លៃ ដែលបានកំណត់តាំងពីឆ្នាំ២០១២ និងបានកែសម្រួលបន្ថយខ្លះផងដែរ។ អាជា្ញធរជាតិអប្សរា ចាត់ទុកព័ត៌មានដែលផ្ទុះឡើងនោះជាព័ត៌មានមិនពិត។

អាជ្ញាធរជាតិអប្សរា បានបំភ្លឺនៅថ្ងៃទី៦ ខែសីហា ថា តម្លៃ ដែលបានកំណត់រួចមកហើយនោះ មិនត្រូវបានដំឡើងតម្លៃណាមួយឡើយ។ តម្លៃសេវា សម្រាប់ប្រភេទអាជីវកម្មនានា ដែលដាក់ឱ្យអនុវត្តមាន៤ជម្រើស ហើយអ្នកត្រូវការប្រើប្រាស់សេវាអាចជ្រើសរើសយកជម្រើសណាមួយតាមតម្លៃសមរម្យ ដែលចង់បាន។

សេចក្តីប្រកាសបញ្ជាក់ថា៖«អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជនទាំងអស់ បញ្ឈប់ការចែករំលែកព័ត៌មាន ដែលផ្ទុយពីការពិត និងចូលរួមចែករំលែកនូវព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់»។
នៅពេលទាក់ទងសុំអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ នៅថ្ងៃទី៧ ខែសីហា អ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់ថា លោកមិនមានអ្វីត្រូវបកស្រាយបន្ថែមទៀតទេ៕

Leave A Reply

Your email address will not be published.