សង្គមស៊ីវិល អ្នកនយោបាយចង់ឱ្យរដ្ឋាភិបាលមានកិច្ចសន្យាអន្តរជាតិមានUNដឹងឮនិងយកមតិភាគច្រើនរបស់ពលរដ្ឋ អនុវត្តគម្រោង CLV ក្រោយនាយករដ្ឋមន្ត្រីដាក់គ្រួសារធានាលើការបាត់ទឹកដី
មន្ត្រីសង្គមស៊ីវិល និងអ្នកនយោបាយ ស្នើឱ្យរដ្ឋាភិបាល មានកិច្ចសន្យាអន្តរជាតិបន្ថែម ដែលមានអង្គការសហប្រជាជាតិ(UN)ដឹងឮ និងយកមតិភាគច្រើនរបស់ប្រជាពលរដ្ឋ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម(CLV) ហើយគិតពីផលប៉ះពាល់ទៅថ្ងៃអនាគត ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់គ្រួសាររបស់គាត់ធានាបើបាត់បង់ទឹកដីក្នុងគម្រោង CLV នេះ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ថ្លែងនៅថ្ងៃទី៣ ខែសីហា ថា ប្រសិនបើចង់បង្ហាញការវិនិយោគរួមគ្នានៅលើតំបន់ព្រំដែន នៃប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម រដ្ឋាភិបាល គួរតែបង្ហាញឱ្យបានច្បាស់លាស់ ហើយសន្យាជាឱឡារឹក និងធ្វើកិច្ចសន្យាមួយបន្ថែមទៀត ហើយឱ្យអង្គការសហប្រជាជាតិទទួលស្គាល់ ដោយដាក់ចេញនូវគោលនយោបាយច្បាស់លាស់ក្នុងកម្រិត នៃការអភិវឌ្ឍរួមគ្នា។
លោក សេក សុជាតិ បញ្ជាក់ថា៖«បើសិនជាមិនអាចធ្វើក្នុងផ្លូវហ្នឹងទេ វាក៏នៅតែជាមន្ទិលសង្ស័យ ហើយវាក៏នៅតែជាប្រធានបទមួយ ដែលសហគមន៍ជាតិ អន្តរជាតិ នៅតែមិនទុកចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង៣ ក្នុងពេលបច្ចុប្បន្នហ្នឹងដែរ»។
លោកបន្តថា ក្នុងកាលៈទេសៈនេះ ដើម្បីបង្កើនទំនុកចិត្ត រដ្ឋាភិបាល គួរតែបង្ហាញឯកសារដើមទាំងអស់ ដោយបញ្ជាក់ថា ឯកសារដើមទាំងនោះ មិនមានឯកសារណាមួយនៅពីក្រោយ ដែលខុសពីគោលការណ៍ដើម ហើយអនុវត្តដោយស្មើភាពគ្នា។ បើឯកសារដើមទាំងអស់ត្រូវបានប្រជាពលរដ្ឋ និងអ្នកជំនាញ ក៏ដូចជាយុវជន បញ្ញវន្តយល់ថា ត្រឹមត្រូវ ដែលអាចធានាបានចំពោះបូរណភាពទឹកដីរបស់កម្ពុជាពេលអនាគត នៅពេលមានការរំលោភបំពាន តើអ្នកណាទទួលខុសត្រូវ នេះជាកត្តាចាំបាច់។
លោកថ្លែងថា៖«នៅក្នុងកាលៈទេសៈនេះរដ្ឋាភិបាល គួរតែបង្ហាញភាពស្មោះត្រង់មួយ ដើម្បីឈរលើគោលការណ៍រួម ធ្វើយ៉ាងម៉េច ដើម្បីធានាបាននូវរាល់ការសន្យាទាំងអស់របស់ប្រទេសជាប់ខាងថា ជាការសន្យា ដែលមិនអាចរំលោភបំពានបានរយៈពេលរាប់ពាន់ឆ្នាំទៅខាងមុខ។ ក្នុងកាលៈទេសៈ ដែលយើងបានឃើញ ប្រទេសវៀតណាមមិនដែលមានប្រវត្តិណាមួយគោរពការសន្យារបស់ខ្លួន ហើយក៏មិនដែលបានបង្ហាញឯកសារដើមហ្នឹងជាសាធារណៈ ដើម្បីឱ្យសាធារណជនជាតិ អន្តរជាតិបានដឹងអំពីគោលបំណង និងចក្ខុវិស័យរបស់ខ្លួនដែរ»។
ប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងនៅថ្ងៃទី៣ ខែសីហា ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលប្រហែលជាដឹងប្រជាពលរដ្ឋភាគច្រើនមិនចង់ឱ្យមានការអភិវឌ្ឍលើគម្រោង CLV គួរតែគិតអំពីមតិភាគច្រើរបស់ប្រជាពលរដ្ឋ ដែលបារម្ភពីផលប៉ះពាល់ទៅថ្ងៃអនាតគត។ ប្រជាពលរដ្ឋហាក់ដូចជាខ្លាចក្នុងការសហការជាមួយប្រទេសជិតខាង ព្រោះជាកត្តាប្រវត្តិសាស្ត្រដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរឈឺចាប់ រឿងការបាត់បង់ទឹកដី។
លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ថា៖«ខ្ញុំមិនរំពឹងថា ប្រជាពលរដ្ឋខ្មែរទូទៅជឿទុកចិត្តសម្តេច [ហ៊ុន ម៉ាណែត] ទាំងស្រុងទេ ព្រោះយើងដឹងហើយអ្នកដឹកនាំឆ្នើមៗជំនាន់មុនក៏មានដែរ ប៉ុន្តែនៅតែមានបញ្ហារឿងទឹកដីនេះ។ ខ្ញុំគ្រាន់តែចង់ឱ្យលោក [ហ៊ុន ម៉ាណែត] គោរពទៅតាមឆន្ទៈ និងពិនិត្យមើលពីការព្រួយបារម្ភ របស់ប្រជាពលរដ្ឋខ្មែរផង»។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ជាអ្នកនយោបាយ លោកមិនគាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជា យកខេត្តទាំង៤ មានក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដាក់អភិវឌ្ឍន៍ក្នុងគម្រោង CLV ទេ ត្រូវសិក្សាឱ្យបានច្បាស់លាស់ ព្រោះបើតាមការផ្សព្វផ្សាយ វៀតណាមហាក់ដូចបើកចំហឱ្យពលរដ្ឋខ្លួនចេញចូល ដោយគ្មានលក្ខខណ្ឌ។ លោកថា កត្តានេះធ្វើឱ្យមានការបារម្ភ ទោះបីកម្ពុជាមិនមានគោលការណ៍បែបនេះក្តី។ អ្នកនយោបាយរូបនេះ រំឭកថា បើតាមអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅតំបន់ CLV មិនមែនបើកចំហឱ្យចេញចូលតាមចិត្តទេ។ ម្យ៉ាងទៀតខេត្ត៤របស់កម្ពុជានេះ មានសក្តានុពលខ្លាំងមែនទែន ទាំងធនធានទាំងផ្ទៃដីធំ ទាំងតំបន់បែបទេសចរណ៍ធម្មជាតិ និងជាប្រភពនៃជនជាតិដើមផង។
លោកច័ន្ទរ័ត្ន ថ្លែងថា៖«កាលណាតំបន់ហ្នឹងទៅជាតំបន់ពាណិជ្ជកម្ម ឬក៏តំបន់សេដ្ឋកិច្ច ដែលចាំបាច់ ប្រជាពលរដ្ឋវៀតណាម ច្បាស់ជាត្បុលមករកកន្លែងហ្នឹងច្រើនទៅៗហើយ។ រឿងមួយទៀត ដែលចាំបាច់ បើសិនជាចង់ធ្វើការសម្រេចចិត្ត ផ្តល់ឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពធ្វើប្រជាមតិ។ បើសិនជាភាគច្រើនយល់ថា វាមានប្រយោជន៍ សម្រាប់ប្រទេសជាតិទៅថ្ងៃក្រោយ ក៏សម្រេចចិត្តចុះ។ ប៉ុន្តែបើសិនជាប្រជាពលរដ្ឋខ្មែរភាគច្រើនយល់ថា នៅតែមានការព្រួយបារម្ភ មិនចង់ចាប់ផ្តើធ្វើនៅពេលនេះ អាហ្នឹងក៏សម្រេចចិត្តទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋទៅ»។
ឆ្លើយតបនឹងកង្វល់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២ សីហា ក្នុងពិធីជួបជុំទទួលទានអាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា លោកបានប្រកាសដាក់គ្រួសារធានាចំពោះប្រជាពលរដ្ឋក្នុងករណីបាត់បង់ទឹកដី និងអំពាវនាវឱ្យពលរដ្ឋទុកចិត្តលើរដ្ឋាភិបាល។
លោក ហ៊ុន ម៉ាណែត ថ្លែងថា បើកិច្ចព្រមព្រៀង CLV ធ្វើឱ្យបាត់បង់ទឹកដី៤ខេត្ត មានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីនោះ គឺមិនត្រឹមតែគ្រួសារលោកផ្ទាល់ទេ ដែលជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រ ក្រុមមន្ត្រី ដែលធ្វើការលើគម្រោងនេះ ក៏ជាប់ឈ្មោះមិនល្អក្នុងប្រវត្តិសាស្ត្រដែរ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖«ម្នាក់ៗធ្វើដើម្បីផលប្រយោជន៍ជាតិទាំងអស់។ សូមបងប្អូនជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលរបស់យើង និងមន្ត្រីរបស់យើងចុះ»។
លោកបញ្ជាក់ថា៖«ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា គម្រោងអភិវឌ្ឍន៍ CLV ក៏ដូចជាគម្រោងអភិវឌ្ឍន៍នៅគ្រប់កន្លែងទាំងអស់នៅទូទាំងប្រទេស គឺនឹងមិននាំឱ្យបាត់បង់ទឹកដីរបស់កម្ពុជា ឬបាត់បង់អធិបតេយ្យភាពរបស់កម្ពុជានោះទេ។ ខ្ញុំធានា ដោយមានគ្រួសារខ្ញុំ សែស្រឡាយខ្ញុំនៅហ្នឹង។ ខ្ញុំមិនទុកកេរ្តិ៍ឈ្មោះថា អ្នកឱ្យបាត់ដីខេត្ត៤ ឱ្យប្រទេសណានោះទេ។ ខ្ញុំសូមធានាបែបនេះ សូមបងប្អូនជឿទុកចិត្តចុះ»៕