មន្ត្រីជាន់ខ្ពស់ថា ពលរដ្ឋរងផលប៉ះពាល់ពីការជីកព្រែកហ្វូណន នឹងទទួលបានសំណងសមស្រប និងប្រាប់ឱ្យពលរដ្ឋជឿលើរដ្ឋាភិបាល ខណៈមន្ត្រីសិទ្ធិមនុស្សជំរុញឱ្យជូនដំណឹងទូលំទូលាយពីសំណងនេះ
ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងច្បាស់ៗថា ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារការជីកព្រែកជីកហ្វូណនតេជោ នឹងត្រូវទទួលបានសំណងសមស្របពីរដ្ឋាភិបាល និងប្រាប់ឱ្យពលរដ្ឋជឿជាក់លើរដ្ឋាភិបាលចុះ។
លោក ស៊ុន ចាន់ថុល ដែលក៏ជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានបញ្ជាក់បែបនេះ ក្នុងពិធីបើកដំណើរការ នៃការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា នៅខេត្តកណ្តាល នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអ្នកចូលរួមរាប់ពាន់នាក់។
លោក ស៊ុន ចាន់ថុល បានអះអាងថា៖«ចំពោះកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធដីធ្លី ផ្ទះសម្បែង ស្រែចម្ការ ដែលនឹងរងប៉ះពាល់ដោយសារគម្រោង ខ្ញុំបាទ សូមធ្វើការបញ្ជាក់អះអាងជូនបងប្អូនថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ នឹងគិតគូរ សិក្សាយ៉ាងលម្អិត និងវាស់វែងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់នេះ សំដៅធានាក្នុងការផ្តល់សំណងយ៉ាងសមស្របជូនដល់បងប្អូនប្រជាពលរដ្ឋ»។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា៖«អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកុំមានការព្រួយបារម្ភអំពីបញ្ហាផលប៉ះពាល់នេះ»។
នាយកប្រតិបត្តិ នៃអង្គការការពារសិទ្ធិមនុស្ស(លីកាដូ) លោក អំ សំអាត ថ្លែងនៅថ្ងៃទី៥ ខែសីហា ថា ការជីកព្រែកហ្វូណនតេជោ បើតាមការសង្កេត ឃើញមានប្រជាពលរដ្ឋចូលរួមអបអរសាទរច្រើន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានធានាពីការផ្តល់សំណងសមស្រប ដោយមិនឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ប៉ុន្តែលោកថា អ្វីដែលសំខាន់ គឺការសន្យាផ្តល់សំណងសមស្របនេះ ត្រូវតែជូនដំណឹងឱ្យប្រជាពលរដ្ឋបានដឹងទូលំទូលាយផង។
លោក អំ សំអាត ថ្លែងថា៖«អ៊ីចឹង អាហ្នឹងវាជាការធានាអះអាងមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋលោកអាចមានជំនឿទុកចិត្ត ប៉ុន្តែអ្វីដែលសំខាន់ គឺការផ្តល់ព័ត៌មានគ្រប់គ្រាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ អំពីផលប៉ះពាល់ ឬក៏សំណងសមស្របរបស់រាជរដ្ឋាភិបាល ដើម្បីកុំឱ្យពលរដ្ឋមានការព្រួយបារម្ភ អាហ្នឹងវាជារឿងមួយល្អបំផុតទៅទៀតពីលើការអះអាងរបស់រាជរដ្ឋាភិបាលថា មិនឱ្យពលរដ្ឋរងការព្រួយបារម្ភ»។
លោកបន្តថា៖«ពីព្រោះថា បើសិនជារាជរដ្ឋាភិបាលអះអាងពីសំណងសមរម្យ កុំឱ្យប្រជាពលរដ្ឋមានការភិតភ័យ ប៉ុន្តែបើសិនជាគ្មានព័ត៌មានគ្រប់គ្រាន់ គ្មានការវាយតម្លៃឱ្យបានច្បាស់លាស់អំពីបញ្ហាប៉ះពាល់ ឬក៏សំណងសម្រាប់ពួកគាត់ទេ អាហ្នឹងពួកគាត់នៅតែបារម្ភអ៊ីចឹង»។
ប៉ុន្តែ នាឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានឡើងថ្លែងក្នុងរយៈពេលប្រមាណជិត១ម៉ោង លោកមិនបានផ្ញើសារប្រាប់ប្រជាពលរដ្ឋអំពីសំណង សម្រាប់ប្រជាពលរដ្ឋ ដែលមានកង្វល់ពីផលប៉ះពាល់ ដោយសារការជីកព្រែកហ្វូណនតេជោទេ។ ប៉ុន្តែលោកបានប្រាប់ប្រជាពលរដ្ឋ កុំឱ្យបារម្ភអំពីរឿងការបាត់បង់អធិបតេយ្យភាពទឹកដី ដោយសារការជីកព្រែកជីកហ្វូណនតេជោនេះ ហើយលោកក៏បានប្តេជ្ញាធ្វើព្រែកជីកនេះឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖«រឿងបាត់បង់អធិបតេយ្យភាពនេះ ខ្ញុំសូមបញ្ជាក់ បាត់បង់ទឹកដី មិនទៅរួចទេ នៅតែជាដែនរបស់យើង ព្រោះយើងបោះបង្គោលរួចហើយ ប្រជាពលរដ្ឋយើងរស់នៅរាប់លាននាក់ទៅហើយ។ គ្មានគម្រោងកាត់ទៅឱ្យពីណាទេ ហើយគ្មានពីណាមកលេបយកខេត្តនៅខាងកើត ឬខាងត្បូងនៃព្រែកនេះទេ។ រដ្ឋធម្មនុញ្ញយើងគ្មានឱ្យកន្លែងណា ដីណា បាត់អធិបតេយ្យភាពកម្ពុជានោះទេ»៕