តុលាការរាជធានីភ្នំពេញ សម្រេចឱ្យមេបក្សភ្លើងទៀន សងជំងឺចិត្ត ជាង ១លានដុល្លារអាមេរិក ដល់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងបទបរិហារកេរ្ត៍ជាសាធារណៈ
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា នេះ បានប្រកាសសាលក្រម ដោយសម្រេចឱ្យ លោក ទាវ វណ្ណុល ប្រធានគណក្សភ្លើងទៀន សងជំងឺចិត្ត ក្នុងទឹកប្រាក់ចំនួន ៦ពាន់លារៀល ឬប្រហែល ១លាន ៥សែនដុល្លារអាមេរិក ទៅឱ្យរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងពិន័យប្រាក់ ១០លានរៀល ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍ជាសាធារណៈ។
សំណុំរឿងរបស់លោក ទាវ វណ្ណុល ដែលត្រូវបានតុលាការសម្រេចបែបនេះ គឺពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចុះខ្សោយ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក ទាវ វណ្ណុល ប្រាប់អ្នកកាសែតថា ការសម្រេចលើកូនក្តីរបស់លោកបែបនេះមិនយុត្តិធម៌សម្រាប់កូនក្តីរបស់លោកទេ។ លោកបញ្ជាក់ថា៖«អ្វីដែលគាត់[លោកទាវ វណ្ណុល] និយាយ គឺជាការបង្ហាញពីទស្សនៈយល់ឃើញរបស់គាត់»។
លោក គឹម ពិសិដ្ឋ មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស (ADHOC) ដែលបានចូលរួមតាមដានលើរឿងក្តីនេះ បានថ្លែងថា ប្រសិនបើករណីនេះទាក់ទងនឹងរឿងនយោបាយ អ្នកយោបាយគួរ តែជួបជជែកគ្នា ដើម្បីដោះស្រាយ ក្នុងកម្រិតណាមួយលក្ខណៈបច្ចេកទេស៕