តំបន់អភិវឌ្ឍន៍(CLV) ដែលកំពុងរងការរិះគន់ ដោយបារម្ភពីហានិភ័យខ្លាចខាតបង់សម្រាប់កម្ពុជា ឈានដល់ការចាប់មនុស្ស៤នាក់ ខណៈមន្ត្រីថាគម្រោងនេះនឹងនាំទៅរកវិបុលភាពសម្រាប់តំបន់ដាច់ស្រយាល
គម្រោងនៃតំបន់អភិវឌ្ឍន៍ត្រីកោណ រួមគ្នា កម្ពុជា ឡាវ និងវៀតណាម (Cambodia-Lao-Vietnam-CLV) Development Triangle ដែលកំពុងរងមតិរិះគន់ពីមហាជនលើបណ្តាញសង្គមហ្វេសប៊ុក ដោយបារម្ភពីហានិភ័យទៅថ្ងៃមុខ ដែលអាចនាំឱ្យខាតបង់ផ្នែកផ្សេងៗរបស់កម្ពុជានោះ ឈានដល់ការចាប់មនុស្ស៤នាក់ពីម្សិលមិញ ខណៈមន្ត្រីថា គម្រោងនេះ នឹងនាំទៅរកភាពរីកចម្រើននៅតំបន់ដាច់ស្រយាល។
គណនីហ្វេសប៊ុក ឈ្មោះ Bophorn Reall II បានសរសេរថា រាល់ថ្ងៃនេះរឿងបែបនេះ ពលរដ្ឋម្ចាស់ប្រទេសស្ទើរតែមិនបានដឹង មិនបានចូលរួមសម្រេចចិត្តសូម្បីបន្តិចសោះ ហេតុអ្វី? គណនីហ្វេសប៊ុក ឈ្មោះ Sim Chita បានសរសេរថា៖«ខ្ញុំមិនយល់ស្របឱ្យមានតំបន់ CLV ទេ ពីព្រោះប្រទេសកម្ពុជាមិនទទួលបានផលចំណេញអ្វីពីការដាក់នេះទេ»។
គណនីហ្វេសប៊ុក ឈ្មោះ Eng Ponlork បង្ហោះសារមួយថា៖«ខ្ញុំមិនគាំទ្រឱ្យមានការដាក់បញ្ចូលខេត្ត៤ របស់កម្ពុជា មាន ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ជាតំបន់រួម ជាមួយវៀតណាម និងឡាវទេ»។ គណនីហ្វេសប៊ុក ឈ្មោះ គង់ ប៊ុន ធឿន ក៏បានបង្ហោះសារមួយដែរថា៖«គ្មានប្រទេសណាយកទឹកដីមួយផ្នែកដាក់បញ្ចូលជាមួយប្រទេសជិតខាង រួចអភិវឌ្ឍន៍រួមគ្នានោះទេ»។
គណនីហ្វេសប៊ុក ឈ្មោះ Je Dey បានបង្ហោះសារមួយ បញ្ជាក់ថា ក្នុងនាមខ្លួនជាពលរដ្ឋម្នាក់«គាំទ្រឱ្យរដ្ឋាភិបាលដកខ្លួនចេញតំបន់ត្រីកោណអភិវឌ្ឍន៍CLV»។ រីឯគណនី ឈ្មោះ លើកទឹកចិត្ត Motivation ក៏បានសរសេរថា៖«ខ្ញុំនិយាយមិនមែនក្នុងនាមជាអ្នកកាន់បក្សនយោបាយណាឡើយ តែក្នុងនាមជាពលរដ្ឋម្នាក់ រស់នៅក្នុងប្រទេសខ្លួនឯងមិនគាំទ្រជាដាច់ខាតចំពោះការដាក់ខេត្តទាំង៤នេះអភិវឌ្ឍន៍រួមគ្នា…»។
ឆ្លើយតបនឹងការបារម្ភនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងមានតួនាទីពាក់ព័ន្ធនឹង CLV បានបញ្ជាក់នៅថ្ងៃទី២៣ ខែកក្កដា ថា ការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺជាត្រីវិស័យ ដើម្បីនាំផ្លូវទៅរកការប្រែក្លាយតំបន់ព្រំដែនដាច់ស្រយាលទៅជាតំបន់អភិវឌ្ឍន៍។ តំបន់តភ្ជាប់រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំង៣ ហើយជាតំបន់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបតិ្តការ និងវិបុលភាពរួមគ្នា។ លោកថា អ្នករិះគន់តំបន់អភិវឌ្ឍនេះ ហាក់មានចេតនាបំភាន់ព័ត៌មាន ក្នុងខណៈដែលគម្រោងនេះកើតឡើងរយៈពេល២៥ឆ្នាំទៅហើយ។ ហេតុអ្វីបានមានការលើកឡើងនៅពេលនេះ ដោយមិនយល់ច្បាស់ពីតំបន់អភិវឌ្ឍន៍នេះទៅវិញ។
លោកបណ្ឌិត យង់ ពៅ ប្រាប់ The Cambodia Now News(CNN) ថា៖«តំបន់អភិវឌ្ឍន៍នេះ ផលចំណេញ គឺបានអភិវឌ្ឍន៍ ជាពិសេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ដាច់ស្រយាលហ្នឹង។ ជាក់ស្តែងទទួលបានការអភិវឌ្ឍនៅតំបន់ខេត្តដាច់ស្រយាលទាំង៣ប្រទេសហ្នឹង គឺមានការអភិវឌ្ឍ ដោយគម្រោងខ្លះបានកម្ចីពីដៃគូអភិវឌ្ឍន៍ រួមទាំងជប៉ុន រួមទាំង ADB តាមរយៈគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនេះ»។
លោកថា៖«ប្រជាជន និងប្រជាជនទាំង៣ប្រទេសនៅតំបន់ហ្នឹង អាចមានទំនាក់ទំនងសម្រាប់ទំនិញឆ្លងដែន ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននៅតាមតំបន់ហ្នឹង ពោលគឺដើម្បីសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។ មានអ្នកមួយចំនួន បែរជាលើកថា ការតភ្ជាប់ព្រំដែនមានបញ្ហាយ៉ាងនេះយ៉ាងនោះទៅវិញ»។
ដោយប្រាប់ពីវត្តមានរបស់លោកធ្លាប់ទៅបំពេញការងារនៅតំបន់អភិវឌ្ឍន៍នោះដែរ លោកបណ្ឌិត យង់ ពៅ បញ្ជាក់ថា នៅតំបន់អភិវឌ្ឍន៍ត្រីកោណ រដ្ឋាភិបាលនៃប្រទេសទាំង៣ បានជំរុញឱ្យមានការបោះបង្គោលព្រំដែនច្បាស់លាស់ណាស់។ លោកថា នៅតំបន់ ដែលហៅថា ជាបំបន់កន្ទុយនាគរបស់កម្ពុជា ក៏មានបង្គោលព្រំដែនរួមគ្នាដែរ។
លោកបណ្ឌិតបញ្ជាក់ថា៖«គឺយើងមានបោះបង្គោលខ័ណ្ឌចែកច្បាសលាស់។ ការបារម្ភកាត់ចំណែកទឹកដីហ្នឹងគឺជារឿងយល់ខុសឆ្គង ដោយពុំបានយល់អំពីទិដ្ឋភាពជាក់ស្តែង នៃការអភិវឌ្ឍតំបន់រួមគ្នាហ្នឹងទេ មិនមែនដូចដែលអ្វីលើកឡើងប៉ះពាល់ទៅលើអធិបតេយ្យហ្នឹងទេ»។ លោកបន្តថា ករណីនេះមិនមែនមានតែកម្ពុជា វៀតណាម និងឡាវទេ។ ប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ ក៏មានតំបន់អភិវឌ្ឍន៍រួមគ្នាបែបនេះដែរ។
ប៉ុន្តែ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានបង្ហាញគំនិតមួយ ដោយក្នុងកាលៈទេសៈនេះ លោកថា កម្ពុជា មិនគួរពន្លឿន ក្នុងការសម្រេចចិត្តបើកឱ្យមានការអភិវឌ្ឍនរួមគ្នានៅតំបន់ CLV ដែលមាន កម្ពុជា ឡាវ និង វៀតណាម នោះទេ ដោយសារថា ទិដ្ឋភាព និងព្រឹត្តិការណ៍នៅពេលបច្ចុប្បន្ន មិនទាន់អំណោយផល សម្រាប់កម្ពុជានៅឡើយទេ ហើយបើទទួលផលចំណេញ ក៏កម្ពុជាទទួលផលចំណេញតិចតួចដែរ។
លោកបណ្ឌិត សេក សុជាតិ បានថ្លែងថា៖«បើសិនជាយើងប្រៀបធៀបបញ្ហាទាំងអស់ហ្នឹងទៅលើកត្តាវិទ្យាសាស្ត្រ មានន័យថា កម្ពុជាបូកជាមួយនឹងប្រទេសឡាវ គឺមិនទាន់បាន១ភាគផង នៃប្រជាជាតិវៀតណាម ហើយវាជាកត្តាមួយប្រឈម ហើយជាហានិភ័យខ្ពស់ណាស់ សម្រាប់អធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជានៅក្នុងពេលបច្ចុប្បន្ន និងតទៅពេលអនាគត បើសិនជាការសម្រេចចិត្តនេះមិនទាន់មានការធានាណាមួយពីសហគមន៍អន្តរជាតិ»។
លោកថា ភាគីនៃប្រទេសជិតខាងកម្ពុជា គឺវៀតណាម មានឥទ្ធិពល និងសក្តានុពលខ្ពស់ក្នុងការដឹកនាំ និងការគ្រប់គ្រង ឬក៏ការចាត់ចែង ពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ CLV ក្នុងទិដ្ឋភាពនេះ។ កត្តាទី២ វាមានបញ្ហាមួយធ្ងន់ធ្ងរដែរ នៅត្រង់ថា ទឹកដីរបស់កម្ពុជាគឺមានទំហំធំ នៅក្នុង៤ខេត្តរបស់កម្ពុជា ហើយប្រជាពលរដ្ឋមានចំនួនតិចតួច។ ធនធានមនុស្សមិនទាន់មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង ឬក៏ចាត់ចែងការងារធំៗជាមួយនឹងការអភិវឌ្ឍក្នុងតំបន់នោះនៅឡើយទេ។
លោកបណ្ឌិតបញ្ជាក់ថា៖«ដូច្នេះ បញ្ហាទាំងអស់នេះ គួរតែពិចារណា ពន្យារពេល ហើយអភិវឌ្ឍសមត្ថភាពធនធានមនុស្សឱ្យបានខ្លាំងក្លាជាមុនសិន មុននឹងធ្វើការសម្រេចចិត្តថា តើកម្ពុជា គួរតែប្តេជ្ញាចិត្តចូលរួមការអភិវឌ្ឍក្នុងតំបន់ CLV ហ្នឹង ឬយ៉ាងណា។ ក្នុងករណីបើមិនមានធនធានមនុស្សគ្រប់គ្រាន់វាគឺជាហានិភ័យ ពីព្រោះយើងមិនអាចទប់ស្កាត់ការបំពានណាមួយ ដោយចេតនាក្តី ដោយអចេតនាក្តីពីសំណាក់បរទេស ដែលបានទទួលការអភិវឌ្ឍ ឬក៏មានសិទ្ធិក្នុងការអភិវឌ្ឍក្នុងតំបន់នោះដូចគ្នា។ ដូច្នេះកម្ពុជា អាចនឹងក្លាយទៅជាប្រទេសមួយរងគ្រោះក្នុងព្រឹត្តិការណ៍ហ្នឹង»។
កត្តាទី៣ លោកបណ្ឌិត សេក សុជាតិ ថា កម្ពុជា មិនទាន់មានសេដ្ឋកិច្ចរឹងមាំ ហើយឡាវក៏មិនទាន់មានសេដ្ឋកិច្ចណាមួយរឹងមាំដែរ។ រីឯវៀតណាម មានសេដ្ឋកិច្ចហក់ឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ លោកបណ្ឌិតថ្លែងថា៖«ដូច្នេះ វាជាហានិភ័យខ្ពស់ណាស់សម្រាប់កម្ពុជា បើសិនជាក្នុងករណីវៀតណាមប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច ឥទ្ធិពលអំណាចរបស់ខ្លួនបំពានទៅលើអធិបតេយ្យភាពរបស់កម្ពុជា តើកម្ពុជាត្រូវដោះស្រាយដោយវិធីណា ហើយមានសហគមន៍អន្តរជាតិណាខ្លះគេបានទទួលស្គាល់ដឹងឮការរួមចំណែករបស់កម្ពុជាក្នុងការអភិវឌ្ឍតំបន់ CLVហ្នឹង»។
ជុំវិញការរិះគន់លើគម្រោង CLV នេះ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ក៏បានបំភ្លឺផងដែរ នៅថ្ងៃទី២៣ កក្កដា ដោយលោកបញ្ជាក់ថា តំបន់អភិវឌ្ឍន៍ត្រីកោណ CLV បានដើរតួនាទីយ៉ាងសំខាន់ជំរុញឱ្យមានការតភ្ជាប់ក្នុងតំបន់ឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញការវិនិយោគ និង គាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងមហាអនុតំបន់។ ជំរុញពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ ដូច្នេះតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមែនកាត់ខេត្ត ចំនួន៤ ឱ្យទៅវៀតណាមនោះទេ។
ពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ CLV នេះ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មនុស្សចំនួន៤នាក់ ក្នុងនោះមាន លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ និងមនុស្សម្នាក់ទៀត ត្រូវបានអាជ្ញាធរ របស់រាជរដ្ឋាភិបាល ចាប់ខ្លួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គម ដោយបានចោទថា រាជរដ្ឋាភិបាលកម្ពុជា កាត់ខេត្តចំនួន៤ ទៅឱ្យវៀតណាម។ ការចាប់ខ្លួននេះ ធ្វើឡើងនៅភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប៕