មេបក្សនយោបាយក្រៅរដ្ឋាភិបាល ស្នើឱ្យមេបក្សកាន់អំណាចបន្ធូរស្ថានការណ៍ ដោយដោះលែងអ្នករិះគន់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ(CLV) ប៉ុន្តែមន្ត្រីជាន់ខ្ពស់ថា មិនអាចអត់ឱនបានដោយសារបំភ្លៃការពិត
មេដឹកនាំគណបក្សនយោបាយក្រៅរដ្ឋាភិបាល បានស្នើឱ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច ឬរដ្ឋាភិបាល បន្ធូរបន្ថយស្ថានការណ៍ និងដោះលែងមនុស្ស៥នាក់ពីពន្ធនាគារ ករណីពួកគេរិះគន់លើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (Cambodia-Loa-Vietnam CLV) ដែលថា អាចធ្វើឱ្យបាត់បង់ទឹកដីរបស់កម្ពុជា។
គណបក្សកម្លាំងជាតិ នៅថ្ងៃទី២៦ កក្កដា នេះ បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការសោកស្តាយចំពោះការចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា លោក ស្រ៊ុន ស្រ៊ន និងសកម្មជន ចំនួន៤នាក់ទៀតដាក់ពន្ធនាគារ។ គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួនសកម្មជនទាំង៥នាក់ ជាការគំរាមកំហែង និងបំបាក់ស្មារតី និងជាការរារាំងចំពោះយុវជនខ្មែរក្នុងការសម្តែងមតិស្របតាមច្បាប់ ដែលពួកគាត់ និងប្រជាពលរដ្ឋជាច្រើន ក៏មានកង្វល់ អំពីការអនុវត្តគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV-DTA)នេះផងដែរ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖«គណបក្សកម្លាំងជាតិ គាំទ្រការអភិវឌ្ឍខេត្តទាំង៤ ដោយកម្ពុជាផ្ទាល់ ហើយរាជរដ្ឋាភិបាលកម្ពុជា គួរពិចារណាចំពោះការលើកឡើងរបស់ក្រុមយុវជន និងប្រជាពលរដ្ឋ ដែលបារម្ភពីគម្រោងសហប្រតិបតិ្តការអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV-DTA) នេះ»។
សេចក្តីថ្លែងការណ៍បន្តថា៖«គណបក្សកម្លាំងជាតិ ស្នើរាជរដ្ឋាភិបាលកម្ពុជា ពិចារណាយកខេត្តទាំង៤ មកអភិវឌ្ឍ ដោយកម្ពុជាផ្ទាល់ និងសូមឱ្យមានការដោះលែងយុវជនទាំង៥រូប ឱ្យមានសេរីភាពឡើងវិញ»។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ថ្លែងថា អ្នកនយោបាយនៅកម្ពុជា ដែលមានអំណាចខ្លាំង គួរតែមានការយោគយល់ និងណែនាំអប់រំ ឬព្រមានចំពោះសកម្មជនដែលរិះគន់លើគម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV) ប្រសើរជាងការចាប់ពួកគេ ដោយគ្រាន់តែពួកគេបញ្ចេញមតិបារម្ភពីការបាត់បង់ទឹកដី។ លោកថា អ្នកមានអំណាចគួរតែព្រមាន ឬដាក់ទោសពៃរ៍ជាកម្រិតបង់ថវិកា ឬក៏កម្រិតឱ្យនៅក្រៅឃុំ ក្នុងរបៀបឱ្យគាត់យល់ ឱ្យគាត់ដឹង កុំភា្លមចាប់ដាក់គុកដាក់ខ្នោះ ពីព្រោះការនិយាយអាចមានការលើសលស់ជ្រុលជ្រួស ឬមិនគប្បី ហើយក្នុងនាមជាអ្នកដឹកនាំមិនបានពិចារណាវែងឆ្ងាយ គឺអាចមានគ្រោះថ្នាក់។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា៖«ខ្ញុំថា ឥទ្ធិពលនៃការនិយាយស្តីរបស់មេដឹកនាំ នៃបក្សកាន់អំណាច ឬក៏អ្នកនយោបាយមានឥទ្ធិពលណា កុំទាន់បង្ហាញនូវការខឹងក្រោធ ខឹងសម្បា។ អំណត់ជាអំណាចរបស់អ្នកដឹកនាំ គឺជាគុណធម៌ សម្រាប់បង្ហាញ ដល់ប្រជាពលរដ្ឋឯង ដែលជាម្ចាស់ឆ្នោត។ ប្រជាធិបតេយ្យ ប្រទេស ដែលយកប្រជាពលរដ្ឋជាធំ»។
លោកបន្ថែមថា៖«ត្រូវបង្ហាញនូវអ្វីជាវីរបុរស ត្រូវបង្ហាញនូវមេដឹកនាំកំពូលណា រកវិធីដោះស្រាយជាជាងបង្កើតបញ្ហា បង្កើតជម្លោះ ហើយកាន់តែមានវិបត្តិសង្គម ដោយគ្មានការឯកភាពជាតិគ្នា ការបង្រួបបង្រួមគ្នា ផ្សះផ្សាគ្នា ខ្ញុំថា ចង់ហៅថា អរគុណសន្តិភាព ក៏យើងជួបការលំបាកដែរ ទាល់តែសន្តិសភាពទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវវាចា»។
ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ចាត់ទុកការចាប់ខ្លួនក្រុមសកម្មជន ដែលរិះគន់លើគម្រោង CLV នោះ គឺជាការចាប់ខ្លួនអ្នកចោទប្រកាន់ទាំងបំពាន បំផ្លើស បំភ្លៃការពិតថា រាជរដ្ឋាភិបាលកាត់ដីខេត្ត៤ ទៅឱ្យវៀតណាម ឬក៏ដាក់ខេត្តទាំង៤ ជាទុនរកស៊ីជាមួយប្រទេសផ្សេងៗ ដែលធ្វើឱ្យបាត់បង់ទឹកដី បាត់បង់ធនធានធម្មជាតិ។
លោក ប៉ែន បូណា បញ្ជាក់ថា៖«រាជរដ្ឋាភិបាល អត់អាចអនុញ្ញាតឱ្យមានអ្នកណាគេនិយាយចោទប្រកាន់ ដោយបំផ្លើសបំភ្លៃបែបហ្នឹងទេ ពីព្រោះវាប៉ះពាល់បូរណភាពទឹកដី។ អត់មានរាជរដ្ឋាភិបាលណាទៅកាត់ដីទៅឱ្យបរទេសដូចដែលពួកហ្នឹងនិយាយទេ អ៊ីចឹងហើយ បានជាកើតបញ្ហា»។
លោក ប៉ែន បូណា បន្ថែមថា៖«អ៊ីចឹង បើសិនជាបក្សប្រឆាំងគិតថា ចង់បន្ធូរបន្ថយសភាពការណ៍ សូមប្រាប់ឱ្យក្រុមសកម្មជនរបស់ខ្លួនទាំងអស់ឈប់និយាយចោទប្រកាន់បំផ្លើស បំភ្លៃមកលើរាជរដ្ឋាភិបាល។ បងប្អូនយើង ដែលព្រួយបារម្ភរឿងប្រទេសជាតិ ដែលបញ្ចេញមតិ អត់មានអ្នកណាចាប់ខ្លួនទេ ប៉ុន្តែចាប់ខ្លួនចំពោះអ្នកណាដែលបំផ្លើសបំភ្លៃចោទប្រកាន់រាជរដ្ឋាភិបាល កាត់ទឹកដី កាត់ខេត្ត៤ឱ្យទៅវៀតណាម។ ការចោទប្រកាន់បែបហ្នឹង មិនអាចអត់ឱនបានទេ ដោយសារតែ រាជរដ្ឋាភិបាល ធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ដើម្បីអភិវឌ្ឍប្រទេស»។
សកម្មជន ដែលត្រូវបានអាជ្ញាធររបស់រដ្ឋាភិបាល ចាប់ខ្លួនដាក់ពន្ធធនាគារ រួមមាន សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក ចក់ ប៊ានមុន្នី លោក សាន សិទ្ធ និងយុវជនសកម្មជន លោក ធែល ធីលែន៕