Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ក្រោយការរិះគន់ អ្នកនាំពាក្យបក្សកាន់អំណាច ថា គ្មាននរណាអាចបដិសេធ ឬលុបបំបាត់ជនជាតិដើមខ្មែរក្រោមបានឡើយ ខណៈមេបក្សជំនាន់ថ្មីប្រាប់បក្សកាន់អំណាច កុំនិយាយអ្វីអាងតែខ្លួនមានអំណាច

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច លោក សុខ ឥសាន ក្រោយរងការរិះគន់ខ្លាំងពីមហាជនលើការអធិប្បាយរបស់ខ្លួន ថា ខ្មែរក្រោម ជាជនជាតិវៀតណាមនោះ បានសម្តែងការសាទរចំពោះខ្មែរកម្ពុជាក្រោម ដែលត្រូវបានរដ្ឋាភិបាលវៀតណាមទទួលស្គាល់ និងធ្វើអត្តសញ្ញាណប័ណ្ណសម្គាល់ជាសញ្ជាតិវៀតណាម ហើយបានបញ្ជាក់លើអត្តសញ្ញាណប័ណ្ណថា ជាជនជាតិខ្មែរផងនោះ។

លោក សុខ ឥសាន បានប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី១៧ កក្កដា ថា៖«ជនជាតិដើមខ្មែរក្រោម គ្មាននរណាអាចបដិសេធ ឬលុបបំបាត់បានទេ ព្រោះវាជាសច្ចធម៌ប្រវត្តិសាស្ត្រ។ តែនៅពេលទឹកដីកម្ពុជាក្រោមស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម បងប្អូនខ្មែរក្រោម មានសញ្ជាតិជាវៀតណាម ដែលស្ថិតក្នុងចំណោមប្រជាពលរដ្ឋវៀតណាម ជិត១០០លាននាក់»។

ទោះយ៉ាងណា ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ថ្លែងថា លោក សុខ ឥសាន ហាក់ដូចជាមានមោទនភាពចំពោះអំណាចដឹកនាំរបស់បក្សខ្លួនទៅនឹងរបៀបជិះសេះលែងដៃ។ ក្នុងនាមខ្លួនជាអ្នកនាំពាក្យ និងជាអ្នកនយោបាយ នៃគណបក្សកាន់អំណាច ត្រូវធ្វើជាគំរូ សម្រាប់អ្នកនយោបាយ ហើយសម្តីក្នុងការនាំពាក្យត្រូវមានការប្រុងប្រយ័ត្ន កុំចេះតែនិយាយអាងខ្លួនមានអំណាច។

លោក មាជ សុវណ្ណារ៉ា និយាយថា៖«យើងជាអ្នកនយោបាយ ហើយជាអ្នកតំណាងរាស្ត្រ ចុងក្រោយនេះជាសមាជិកព្រឹទ្ធសភាទៅទៀត យើងក៏មាន[ភាព]ចាស់ទុំ យើងគួរតែធ្វើជាព្រឹទ្ធាចារ្យ ក្នុងការនិយាយប្រយ័ត្នប្រយែង ព្រោះយើងជាអ្នកនយោបាយ ជាព្រឹទ្ធាចារ្យ ជាអ្នកច្បាប់ គឺយើងត្រូវមានសីលធម៌ សម្តីឱ្យទន់ភ្លន់។ និយាយឱ្យវាមានហេតុផល»។

លោកបានបន្ថែមថា៖«ហើយយើងឱ្យយល់ ឱ្យយល់ថា ខ្មែរកម្ពុជាក្រោម គឺជាខ្មែរម្ចាស់ប្រទេស។ ទោះបីត្រូវអាណានិគមបារាំងកាត់ឱ្យ [វៀតណាម] ក៏ដោយ តែខ្មែរនៅតែជាខ្មែរ នៅតែម្ចាស់ប្រទេស មិនមែនជនជាតិភាគតិចនៅក្នុងប្រទេសវៀតណាម»៕

Comments are closed.