ក្រោមកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋ អាមេរិក ស្ថាប័នទាំងពីរកំពុងជួសជុលរចនាសម្ព័ន្ធជណ្តើរទាំង ៥ថ្នាក់ នៅទិសខាងត្បូងនៃប្រាសាទភ្នំបាខែង។
មកដល់ពាក់កណ្តាលឆ្នាំ២០២៤នេះ ជួសជុលសម្រេចបានជណ្ដើរចំនួន៤ថ្នាក់ ចម្លាក់តោ អមសងខាងជណ្តើរចំនួន៥ ហើយបន្តជួសជុលរចនាសម្ព័ន្ធជណ្ដើរចំនួន១ថ្នាក់ទៀត។
ប្រធានការដ្ឋានជួសជុលនៅប្រាសាទភ្នំបាខែង លោក វ៉ាន វ៉ា ឱ្យដឹងថា ការងារជួសជុលកាំជណ្តើរចំនួន៥ថ្នាក់របស់ប្រាសាទភ្នំបាខែងទិសខាងត្បូងសម្រេចបាន៨០%ហើយ នៅសល់តែចំនួន១ថ្នាក់ទៀត ក្នុងចំណោមរចនាសម្ព័ន្ធជណ្តើរចំនួន៥ថ្នាក់ ដែលត្រូវប្រើពេលវេលាប្រមាណជា៥ខែទៀត។
ចំណែកចម្លាក់តោ អមសងខាងជណ្តើរទិសខាងត្បូងនេះ លោក វ៉ាន វ៉ា បញ្ជាក់ថា នៅសល់តែតោចំនួន៥ ក្នុងចំណោមតោទាំង១២ ក៏ត្រូវបានក្រុមការងារជួសជុលរួចរាល់ហើយដែរ ព្រោះថា តោនីមួយៗ ខ្លះបាក់បែកផ្នែកជើងទម្រជើង ឬដងខ្លួន និងក្បាលជាដើម។
ចម្លាក់តោទាំងនោះ ក៏ធ្លាប់មានការជួសជុលម្តងមកហើយនៅសម័យអាណាព្យាបាលបារាំង។ ក្រៅពីនេះ គេឃើញមានបំណែកតោមួយចំនួនទៀត ដែលរងការខូចខាតធ្ងន់ធ្ងរ មិនអាចកំណត់អត្តសញ្ញាណ និងផ្គុំឡើងវិញបានទេ៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា និងលោក វ៉ាន វា
Comments are closed.