Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ព្រះបរមរាជវាំង រំឭកពីសេចក្តីថ្លែងការណ៍របស់អតីតព្រះមហាក្សត្រ នរោត្ត សីហនុ ពីរឿងខ្មែរក្រោមជាខ្មែរតែមួយ ក្រោយមានការរិះគន់មន្ត្រីជាន់ខ្ពស់ នៃបក្សកាន់អំណាច ថា ខ្មែរក្រោមជាជនជាតិវៀតណាម

ទំព័រហ្វេសប៊ុក ដែលមានឈ្មោះ ព្រះបរមរាជវាំង បានរំឭកពីអតីតព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ ដែលព្រះអង្គបានចាត់ទុកខ្មែរកម្ពុជាក្រោម ជាខ្មែរតែមួយ ខណៈមានការរិះគន់ខ្លាំងទៅលើអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលថា ខ្មែរកម្ពុជាក្រោម ដែលរដ្ឋាភិបាលវៀតណាមចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាមឱ្យ ជាជនជាតិវៀតណាម។

កាលពីថ្ងៃទី១៤ កក្កដា ព្រះបរមរាជវាំង បានបង្ហាញសេចក្តីថ្លែងការណ៍ របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៃកម្ពុជា នាថ្ងៃទី២១ ឧសភា ឆ្នាំ២០០៦។ ក្នុងសេចក្តីថ្លែងការណ៍ ព្រះអង្គបញ្ជាក់ថា៖«នៅក្នុងសម័យសង្គមរាស្ត្រនិយម ខ្ញុំ និងរាជរដ្ឋាភិបាល នាសម័យនោះ បានផ្តល់ជូនជនរួមជាតិខ្មែរ ដែលមានដើមកំណើតនៅកម្ពុជាក្រោម ឱ្យទទួលបានយ៉ាងពេញចិត្តពេញថ្លើមនូវរាល់សិទ្ធិ ដែលជនរួមជាតិ នៅព្រះរាជាណាចក្រកម្ពុជា (កម្ពុជាលើ) លោកទទួលអំពីរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម»។

សេចក្តីថ្លែងការណ៍បន្ថែទៀតថា៖«អាស្រ័យហេតុនេះ ខ្ញុំសូមគាំទ្រសំណើសុំទាមទារសិទ្ធិមួយចំនួន របស់ជនរួមជាតិខ្មែរ ដែលមានដើមកំណើតនៅកម្ពុជាក្រោម ដែលលោកពុំទាន់បានទទួល មានជាអាទិ៍ សិទ្ធិទទួលអត្តសញ្ញាណប័ណ្ណ បណ្ណគ្រួសារ ការចុះបញ្ជីសៀវភៅអាត្រានុកូលដ្ឋាន និងលិខិតឆ្លងដែន ។ល។»។

ជាមួយគ្នានេះ មហាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះដែរ បានសម្តែងនូវការមិនពេញចិត្ត និងបានរិះគន់ខ្លាំងៗទៅលើលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលនិយាយថា ខ្មែរកម្ពុជាក្រោមកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ជាជនជាតិវៀតណាម ហើយយមិនបាច់ខ្វល់ពីស្ថានភាពរស់នៅរបស់ពួកគេទេ ព្រោះជាបន្ទុករបស់វៀតណាម។

គណនីហ្វេសប៊ុក ឈ្មោះ Srey Nich II បានបង្ហោះវីដេអូអំពីព្រះសង្ឃមួយអង្គ គង់នៅកម្ពុជាក្រោម ខេត្តអាងយ៉ាង ប្រទេសវៀតណាម បានផ្ញើវីដេអូមួយ ទៅលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលនិយាយថា ខ្មែរក្រោមស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ជាជនវៀតណាមនោះ ឱ្យយល់ពីសញ្ជាតិ និងជនជាតិ។

ព្រះអង្គបញ្ជាក់ថា៖«ទាក់ទងនឹងលិខិតបទដ្ឋាន ដូចជាសៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត និងអត្តសញ្ញាណប័ណ្ណ គេបានបញ្ជាក់យើងច្បាស់ថា ខ្ញុំកូណាត្មា នៅកម្ពុជាក្រោមនេះ គឺជាជនជាតិខ្មែរ សញ្ជាតិវៀតណាម។ អ៊ីចឹង សូមញោមស្វែងយល់នូវពាក្យថា សញ្ជាតិ និងជនជាតិឱ្យបានច្បាស់ ទើបញោមមិនមានការភាន់ច្រឡំ។ សញ្ជាតិ គឺតំណាងឱ្យទីកន្លែង ដែលយើងកើត ហើយគេប្រើជាលក្ខណៈសកល»។

ព្រះអង្គបន្តថា៖«ដោយឡែក ជនជាតិ គឺតំណាងជាតិសាសន៍ផ្សេងៗគ្នា មានអត្តសញ្ញាណ វប្បធម៌ផ្សេងៗគ្នា។ សូមញោមកែនូវពាក្យអ្វី ដែលញោមបាននិយាយឡើងវិញ ចៀសវាងក្នុងការមើលងាយមើលថោកដល់ខ្មែរ ដែលនៅទឹកដីកម្ពុជាក្រោម។ សូមបញ្ជាក់ផងដែរ ខ្មែរនៅកម្ពុជាក្រោម មិនទាន់់បានសុំអង្កររដ្ឋាភិបាលកម្ពុជា យកមកចិញ្ចឹមគ្រួសារទេ រស់នៅដោយកម្លាំងសេដ្ឋកិច្ច ដែលរដ្ឋាភិបាលវៀតណាមផ្តល់ឱ្យ»។

គណនីដដែល ក៏បានបង្ហោះវីដេអូអំពីបុរសម្នាក់កាន់បង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម ប៉ុន្តែមានការបញ្ជាក់ថា ជាជនជាតិខ្មែរ ដែលរដ្ឋាភិបាលវៀតណាម បានចេញឱ្យខ្មែរកម្ពុជាក្រោម។ បុរសម្នាក់នោះនិយាយថា មូលហេតុ ដែលវៀតណាមបញ្ជាក់លើអត្តសញ្ញាណប័ណ្ណថា ជាខ្មែរ ព្រោះវៀតណាមមិនហ៊ានបំបាត់ពូជសាសន៍ខ្មែរ និងមួយទៀតទុកសម្គាល់ ដើម្បីដឹងថា អ្នកណាជាវៀតណាម អ្នកណាជាខ្មែរ។

លោកនិយាយថា៖«ព្រោះអី ពេលដែលយើងកូនខ្មែរកម្ពុជាក្រោម គឺយើងគ្មានសិទ្ធិធ្វើការក្នុងបីស្ថាប័ន។ ស្ថាប័នទី១ គឺទាហាន ស្ថាប័នទី២ គឺប៉ូលិស ស្ថាប័នទី៣ គឺប៉េអឹម។ ទោះបីអ្នកឯងរៀនចេះប៉ុនណាក៏ដោយ ក៏យើងដាក់អត់ជាប់ទេ ព្រោះយើងជាជនជាតិខ្មែរក្រោម ព្រោះគេប្រយ័ត្នណាស់ ខ្លាចថ្ងៃណាមួយយើងកាន់កងទ័ព»។

គណនីហ្វេសប៊ុក ឈ្មោះ Neth Son ក៏បានបង្ហោះវីដេអូមួយដែរ អំពីស្ត្រីម្នាក់ ដែលបាននិយាយថា ខ្លួនបានស្តាប់ឭការនិយាយពីខ្មែរក្រោមជាជនជាតិវៀតណាម ប៉ុន្តែនាងមិនខឹងទេ ដោយនាងហៅអ្នកនិយាយនោះថា អ៊ំ ដែលប្រហែលគាត់មិនទាន់យល់ច្បាស់ពីខ្មែរក្រោម។ ដូច្នេះ នាងចេញវីដេអូនេះ ដើម្បីឱ្យបុរស ដែលនាងហៅថា លោកអ៊ំនោះ បានដឹងបានជ្រាបដែរថា ខ្មែរក្រោមជាជនជាតិខ្មែរ ប៉ុន្តែសញ្ជាតិវៀតណាម។

នាងនិយាយថា៖«ដោយសារយើងនៅក្រោមការគ្រប់គ្រងរបស់គេ។ ដល់អ៊ីចឹងទៅ ពិតប្រាកដហើយ ដែលក្រដាសស្នាម រដ្ឋាភិបាលគេធ្វើ គេបញ្ជាក់យើងថា សញ្ជាតិវៀតណាម ប៉ុន្តែក្នុងអត្តសញ្ញាណប័ណ្ណហ្នឹង ក៏គេមានបញ្ជាក់ដែរ ខ្មែរ គឺខ្មែរ។ ពួកខ្ញុំក្នុងនាមខ្មែរក្រោម អ៊ីចឹងពួកខ្ញុំអត់ដែលភ្លេចកំណើតខ្លួនឯងថា ជនជាតិខ្មែរ ពួកខ្ញុំជនជាតិខ្មែរ ទោះបីក្នុងការគ្រប់គ្រងរបស់គេក៏ដោយ មានសញ្ជាតិវៀតណាមក៏ដោយ ពួកខ្ញុំអត់ដែលគិតថា ខ្លួនឯងជាជនជាតិវៀតណាមផង ពួកខ្ញុំជាខ្មែរ»។

នាងបញ្ជាក់ទៀតថា៖«យើងឈរជំហរមួយធានាឱ្យអ្នកទាំងអស់គ្នាយល់ថា ខ្មែរក្រោមហ្នឹង គឺជាខ្មែរ ឈាមខ្មែរ និយាយភាសាខ្មែរ ប្រពៃណីខ្មែរ ម៉ែឪខ្មែរ យាយតាខ្មែរ។ វៀតណាមគេគ្រប់គ្រងមែន ប៉ុន្តែពួកខ្ញុំមិនមែនវៀតណាមទេ ពួកខ្ញុំខ្មែរ»។

ជុំវិញការរិះគន់នេះ លោក សុខ ឥសាន ប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី១៥ កក្កដា នេះ ថា ការណ៍ដែលលោកនិយាយថា ខ្មែរកម្ពុជាក្រោមនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ដោយមានការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាមឱ្យផងនោះ គឺលោកមិនបានដឹងថា ក្នុងអត្តសញ្ញាណប័ណ្ណនោះមានបញ្ជាក់ថា ជាជនជាតិខ្មែរផងដែរទេ។

លោកសុខ ឥសាន បញ្ជាក់ថា៖«ពេលដែលឆ្លើយអ្នកសារព័ត៌មាន ខ្ញុំថា បើបងប្អូនកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម អាហ្នឹងបងប្អូនមិនមែនខ្មែរក្រោមឯណា។ បើគេដាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្រោម អាហ្នឹងបានបងប្អូនរក្សាបាននូវសញ្ជាតិខ្មែរក្រោម»។

លោកបន្ថែមថា បើអត្តសញ្ញាណប័ណ្ណសម្គាល់សញ្ជាតិវៀតណាម ដែលរដ្ឋាភិបាលវៀតណាមចេញឱ្យខ្មែរក្រោម ដោយមានការបញ្ជាក់លើអត្តសញ្ញាណប័ណ្ណ ថា ជាជនជាតិខ្មែរពិតមែន គឺលោកទទួលស្គាល់ ព្រោះនេះជាលក្ខណៈផ្លូវច្បាប់។

មន្ត្រីជាន់ខ្ពស់នៃបក្សកាន់អំណាចរូបនេះ បញ្ជាក់ទៀតថា៖«យើងមិនទទួលស្គាល់ម៉េច បើគេហៅថា ឯកសារគតិយុត្ត រឿងអីយើងមិនទទួលស្គាល់ បើស៊ីញេវាយត្រាពីអាជ្ញាធរវៀតណាមផ្លូវការហើយ ហើយប៉ាស្ព័រស៊ីញេពីរដ្ឋមន្ត្រីការបរទេសគេហើយ។ យើងមានហេតុផលអី ដែលត្រូវជំទាស់។ នេះហើយ ដែលយើងត្រេកអរ យើងសាទរចំពោះបងប្អូន ដែលត្រូវបានរដ្ឋាភិបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅទទួលស្គាល់អត្តសញ្ញាណបងប្អូនជាជនជាតិកម្ពុជាក្រោម»៕

Comments are closed.