Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ក្រសួងទេសចរណ៍ បង្ហាញពីការទាក់ទាញរបស់ប្រាសាទអង្គរវត្ត ដែលជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុត លំដាប់ទី១២ លើពិភពលោក ខណៈមានការលើកឡើងពីការថយចុះនៃទេសចរ

ក្រសួងទេសចរណ៍ បានបង្ហាញពីការទាក់ទាញបំផុតរបស់ភ្ញៀវទេសចរ ដែលចាប់អារម្មណ៍ខ្លាំងចំពោះប្រាសាទអង្គរវត្ត របស់កម្ពុជា ខណៈក៏មានការលើកឡើងពីការថយចុះនៃភ្ញៀវទេសចរ។ នៅលើទំព័រហ្វេសប៊ុក ថ្ងៃទី២៧ ខែមិថុនា នេះ ក្រសួងបានសម្តែងការអបអរសាទរប្រាសាទអង្គរវត្ត ដែលជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុត លំដាប់ទី១២ លើពិភពលោក។

ក្រសួងទេសចរណ៍ បានបង្ហាញចំណាត់ថ្នាក់ដ៏ល្អបែបនេះ ដោយយោងតាម Tripadvisor’s Traveler’s Choice Awards។ ក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា ប្រាសាទបុរាណរបស់កម្ពុជា បានធ្វើឱ្យអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកមានការងឿងឆ្ងល់ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណីត និងប្រវត្តិសាស្ត្រដ៏សម្បូរបែប។

ទោះយ៉ាងណាក៏មានការលើកឡើងពីប្រជាពលរដ្ឋនៅលើទំព័រហ្វេសប៊ុកតបទៅនឹងក្រសួងទេសចរណ៍ ចំពោះការធ្លាក់ចុះនៃភ្ញៀវទេសចរផងដែរ ដោយមានមតិផ្សេងៗគ្នា ចង់ឱ្យក្រសួងទេសចរណ៍ បង្ហាញពីអ្វី ដែលថ្មី និងប្លែកបន្ថែមទៀតទៅដល់ភ្ញៀវទេសចរ ក្រៅពីការបង្ហាញពីប្រាសាទអង្គរវត្ត ដើម្បីធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា កាន់តែច្រើន។

គណនី ឈ្មោះ Kamsort Khoeun បានសរសេរថា ចង់ឱ្យមានអ្វីថ្មី បន្ថែមក្រៅពីអង្គរ។ គណនី ឈ្មោះ Long ChanSereyroth បានសរសេរថា មានវិធីសាស្ត្រណា ដើម្បីទាក់ទាញទេសចរ? គណនី ឈ្មោះ អ៊ឺង សុខខេង ក៏បានសរសេរថា មិនមានប្រទេសថៃ និងវៀតណាម នៅក្នុងចំណាត់ថ្នាក់ដ៏ល្អនេះផង ប៉ុន្តែចំនួនភ្ញៀវទេសចរ ជាក់ស្តែងចាញ់គេ។
គណនី ឈ្មោះ Chantha Bun ក៏បានសរសេរថា៖«សូមចូលរួមរីករាយអបអរនូវចំណាត់ថ្នាក់ដ៏ល្អប្រពៃនេះ។ ជាការដែលគួរឱ្យកត់សម្គាល់ប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី មិនមានជាប់ចំណាត់ថ្នាក់ក្នុងគោលដៅទេសចរណ៍ល្អបំផុតនេះទេ តែហេតុអ្វីបានជាប្រទេសទាំងនេះទទួលបានភ្ញៀវទេសចរច្រើនម្ល៉េះ»៕

Comments are closed.