Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

លោក ហ៊ុន សែន ប្រកាសកម្ចាត់ចោលក្រុមអ្នកនយោបាយ ដែលលោកចាត់ទុកជាក្រុមជ្រុលនិយម និងរំសាយចោលគណបក្សណា ដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលនិរទេសរបស់អ្នកនយោបាយនៅក្រៅប្រទេស

អតីតនាយករដ្ឋមន្ត្រីដ៏មានអំណាចខ្លាំង លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសកម្ចាត់ចោលឱ្យអស់ក្រុមអ្នកនយោបាយ ដែលលោកចាត់ទុកថា ជាក្រុមជ្រុលនិយមនៅកម្ពុជា និងព្រមានរំសាយចោលគណបក្សនយោបាយណា ដែលមានទំនាក់ទំនងជាមួយអ្នកនយោបាយក្រៅប្រទេស ដែលលោកអះអាងថា ពួកគេកំពុងបង្កើតរដ្ឋាភិបាលនិរទេស។

ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជារបស់លោក នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រកាសយ៉ាងម៉ឺងម៉ាត់ថា៖«យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកនយោបាយជ្រុលនិយមមួយក្តាប់តូចមកបំផ្លាញសន្តិភាពបានឡើយ។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងមូល លើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា។ ខ្ញុំសូមបញ្ជាក់ថា ចលនាជ្រុលនិយមនៅប្រទេសយើង នៅបន្តមាននៅឡើយ។ ចលនាជ្រុលនិយម គឺជាឫសគល់ និងជាគ្រោះថ្នាក់សម្រាប់ជាតិ»។

លោក ហ៊ុន សែន ក៏បានប្រៀបធៀបស្ថានភាពនយោបាយនៅកម្ពុជា ទៅនឹងស្ថានភាពនយោបាយនៅប្រទេសបារាំង ដោយលោកថ្លែងថា ប្រធានាធិបតីបារាំង ក៏បានលើកឡើងដែរថា ការបោះឆ្នោតខាងមុខនៅប្រទេសបារាំង ប្រសិនបើក្រុមជ្រុលនិយមឈ្នះឆ្នោត សង្គ្រាមស៊ីវិល នឹងអាចកើតមានឡើង។

អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលកំពុងគ្រប់គ្រងស្ថាប័នចំនួន ៣ ដ៏មានឥទ្ធិពល គឺប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភា បានថ្លែងទៀតថា នៅកម្ពុជា ប្រសិនបើ ក្រុមជ្រុលនិយមនៅបន្តមាន នឹងបន្តឆ្លងកាត់នូវការលំបាក ដែលធ្វើឱ្យប្រជាជនអាចហូរឈាមសាជាថ្មីម្តងទៀត។ លោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ការផ្តួចផ្តើមបង្កើតរដ្ឋាភិបាលនិរទេសរបស់ក្រុមអ្នកនយោបាយនៅក្រៅប្រទេស កំពុងចាប់ផ្តើមហើយ។
លោក ហ៊ុន សែន ថ្លែងថា៖«ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនជាព័ត៌មានសម្រាប់អ្នកក្នុងប្រទេសឱ្យបានជ្រាបថា បក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាល ដែលបង្កើតនៅឯបរទេស ប្រសិនបើកើតឡើងនាពេលខាងមុខតាមការគ្រោងទុករបស់គេ យើងត្រូវតែកម្ចាត់ចោលភ្លាម រំសាយចោលភា្លម នូវអង្គការចាត់តាំងបក្សណាក៏ដោយ ដែលនៅក្នុងប្រទេស»។

អតីតនាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា៖«យើងមិនអាចឱ្យពួកគេមានក្បាលម៉ាស៊ីនជារដ្ឋាភិបាលនៅក្រៅប្រទេស ហើយមានសមាជិកធ្វើសកម្មភាពនៅក្នុងប្រទេសបានទេ។ ដូច្នេះ ខ្ញុំសូមអំពាវនាវរាជរដ្ឋាភិបាល ពិនិត្យពិចារណាលើរឿងនេះ វិសោធនកម្មច្បាប់ទាក់ទងនឹងច្បាប់បង្កើតគណបក្សនយោបាយ និងច្បាប់ដទៃទៀត ប្រសិនបើពួកគេបង្កើតនូវរដ្ឋាភិបាលនិរទេស»។

លោកបន្តថា៖«ខ្ញុំក៏ទទួលបានព័ត៌មាន ដែលពួកគេកំពុងចលនាបង្កើតឡើងរបស់ ដែលហៅថា រដ្ឋាភិបាលនិរទេស។ បើអ្នកឯងមានរដ្ឋាភិបាល យើងក៏មិនអាចទុកគណបក្សនយោបាយឱ្យស្របច្បាប់បានតទៅទៀតដែរ។ នេះគឺជារឿង ដែលយើងចាំបាច់ត្រូវធ្វើ»។

ជុំវិញការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ប្រាប់ CNN នៅថ្ងៃទី២៨ មិថុនា ថា គណបក្សរបស់លោកមិនគាំទ្រអ្វី ដែលផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេសនោះទេ ហើយថា គណបក្សជំនាន់ថ្មី នឹងធ្វើអ្វីគោរពតាមច្បាប់របស់ប្រទេស។

លោក មាជ សុវណ្ណារ៉ា ថ្លែងថា៖«ការអះអាងរបស់ប្រធានព្រឹទ្ធសភា ដែលជាប្រធានគណបក្សប្រជាជន[លោក ហ៊ុន សែន] គឺជារឿងរបស់ប្រមុខនៃគណបក្សកាន់អំណាច ទាក់ទងនឹងអ្វី ដែលថា មានរដ្ឋាភិបាលស្រមោល ហើយត្រូវធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីការពារកុំឱ្យមានរដ្ឋាភិបាលស្រមោលណា ដែលធ្វើចេញពីក្រៅប្រទេស»។

លោកបន្តថា៖«អ៊ីចឹងគណបក្សជំនាន់ថ្មី គឺអត់គាំទ្រអ្វីដែលផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ ទាក់ទងនឹងការបង្កើតរដ្ឋាភិបាលណាខុសច្បាប់ ស្របច្បាប់ ដែលស្ថិតនៅក្រៅប្រទេស គឺយើងអត់ទៅគាំទ្រអំពើហិង្សា ឬមនោគមន៍វិជ្ជាជ្រុលនិយមណា ដែលផ្ទុយនឹងច្បាប់ប្រទេស ផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ»។

អ្នកវិភាគនយោបាយ និងជាអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ថ្លែងថា ការព្រមានរបស់លោក ហ៊ុន សែន ចាត់វិធានការទៅលើបុគ្គល ឬគណបក្សនយោបាយណា ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលមិនស្របច្បាប់នៅក្រៅប្រទេស គឺជារឿងត្រឹមត្រូវ ប៉ុន្តែលោកថា លោក ហ៊ុន សែន គួរបញ្ជាក់ពីអត្តសញ្ញាណឱ្យបានច្បាស់ថា តើនរណាខ្លះ ដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលនិរទេសនោះ។

លោក សេក សុជាតិ ថ្លែងថា៖«ពីព្រោះយើងដឹងហើយថា វាអាចមានបញ្ហាឆកល្វែងមួយចំនួន ដោយសារតែការមិនបង្ហាញអត្តសញ្ញាណឱ្យបានច្បាស់លាស់ អ៊ីចឹងធ្វើឱ្យបុគ្គល ដែលជាមនុស្សត្រឹមត្រូវ ឬក៏អ្នកដែលធ្វើកិច្ចការសង្គម ដែលគាត់មិនបានចាប់អារម្មណ៍លើរឿងហ្នឹង ហើយមិនបានដឹងថា បុគ្គលទាំងអស់ហ្នឹង គឺកំពុងស្ថិតក្នុងបញ្ជីសមាជិកនៃរដ្ឋាភិបាលនិរទេស។ អ៊ីចឹង វាធ្វើឱ្យប៉ះពាល់ដល់ពួកគាត់ នៅពេលដែលរដ្ឋាភិបាល ឬក៏អាជ្ញាធរចាប់ផ្តើមចាត់វិធានការ ដោយពុំបានដឹងបញ្ហាហ្នឹងច្បាស់លាស់»។
លោកបន្ថែមថា ដូច្នេះ វាជារឿងមួយ ដែលរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាចត្រូវតែបង្ហាញអត្តសញ្ញាណឱ្យបានច្បាស់លាស់ ថា តើបុគ្គលណាខ្លះ ស្ថាប័នណាខ្លះ ដែលជាប់ពាក់ព័ន្ធ ឬក៏ដាក់បម្រាមមិនឱ្យប្រជាពលរដ្ឋ ឬក៏គណបក្សនយោបាយផ្សេងៗទៀតមានទំនាក់ទំនងជាមួយ។

លោក សេក សុជាតិ បញ្ជាក់ថា៖«ទិដ្ឋភាពទាំងអស់នេះ វាហាក់បីដូចជាមានភាពអាថ៌កំបាំង ដោយសារតែបញ្ហាស្ថានភាពនយោបាយនៅកម្ពុជាមានភាពស្មុគស្មាញ ហើយគណបក្សកាន់អំណាច និងគណបក្សក្រៅរដ្ឋាភិបាល មានទំនាស់ជាមួយគ្នាខ្លាំងក្លាពេក ធ្វើឱ្យមានការចោទប្រកាន់ ដែលធ្វើឱ្យប្រជាពលរដ្ឋម្ចាស់អំណាចម្ចាស់ប្រទេសហ្នឹងក៏មានការពិបាកក្នុងការទំនាក់ទំនងដែរ»។

លោកថា បើក្នុងករណី ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់អំណាចមិនអាចធ្វើការជាមួយគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត ឬក៏ធ្លាប់គាំទ្រពីមុនហ្នឹងទេ វាគឺជាបញ្ហាមួយ ដែលអាចធ្វើឱ្យសហគមន៍អន្តរជាតិ ក៏ដូចជាអ្នករស់នៅក្នុងប្រទេសយល់ថា រដ្ឋាភិបាលបានបំបិទសិទ្ធិពួកគេទៅវិញ៕

Comments are closed.