Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គាំទ្រតំណាងអយ្យការ ដែលបំបែកសំណុំរឿងជា២ ចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា ករណីបាញ់មនុស្សស្លាប់-របួស និងសន្យាមិនឱ្យមានឈ្មោះជននេះក្នុងបញ្ជីបន្ធូរបន្ថយទោស

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានគាំទ្រតំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា ក្នុងសំណុំរឿង២ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ១០-១៥ឆ្នាំ ករណីបាញ់មនុស្សស្លាប់២នាក់ និងរបួស២នាក់។ លោកក៏បានសន្យាមិនដាក់ឈ្មោះជនត្រូវចោទនេះក្នុងបញ្ជីបន្ធូរបន្ថយ ឬលើកលែងទោសជាដាច់ខាត។

ក្នុងសន្និសីទកាសែត នាថ្ងៃទី២៦ មិថុនានេះ ក្រៅពីនិយាយគាំទ្រតំណាងអយ្យការក្នុងការបំបែកសំណុំរឿងជា២ ដើម្បីផ្តន្ទាទោស ឈ្មោះស្រី ស៊ីណា លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានស្នើទៅតុលាការកុំបញ្ចូលសំណុំរឿងទាំងពីរនេះក្នុងសំណុំរឿងតែមួយ។

លោកកើត រិទ្ធ ថ្លែងថា៖«ខ្ញុំក៏សូមថ្លែងអំណរគុណដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានបំបែកសំណុំរឿងនេះជា២ ដើម្បីផ្តន្ទាទោសជននេះ និងដើម្បីឱ្យជននេះរងទោសជាអតិបរមា ដែលសំណុំរឿងនីមួយៗ នឹងអាចត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់១៥ឆ្នាំ»។

លោកក៏ស្នើទៅតុលាការ ទី១ សូមកុំបញ្ចូលសំណុំរឿងទាំង២នេះជាមួយគ្នា ជាសំណុំរឿងតែមួយ។ ទី២ ស្នើសុំទៅតុលាការគ្រប់ជាន់ថ្នាក់ សូមកុំអនុវត្តវិធានស្រូបទោស ដើម្បីធានាថា ជននេះនឹងត្រូវអនុវត្តទោសតាមសាលក្រម ឬសាលដីកាជាបន្តបន្ទាប់ចំពោះសំណុំរឿងទាំង២នេះ។ អនុវត្តចប់មួយ ចូលសាលក្រមមួយទៀត អនុវត្តបន្ត។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖«ក្នុងនាមខ្ញុំជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ខ្ញុំនឹងស្នើសុំទៅគណៈកម្មាធិការជាតិ ដើម្បីដាក់ឈ្មោះជននេះទៅក្នុងបញ្ជី ដែលមិនអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសបានឡើយ ដើម្បីធានាថា ការសម្លាប់មនុស្សដ៏សាហាវបែបនេះ ត្រូវតែទទួលនូវការអនុវត្តទោសនៅពន្ធនាគារឱ្យបានធ្ងន់ធ្ងរស័ក្តិសមនឹងអំពើ ដែលខ្លួនបានប្រព្រឹត្ត»។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ អតីតឧកញ៉ា ស្រី ស៊ីណា បានបាញ់សម្លាប់មនុស្សប្រុសស្រី២នាក់ ដែលជាគូដណ្តឹងនឹងគ្នា និងបានបាញ់បុរស២នាក់ទៀតរងរបួស ក្នុងបុរីប៉េងហួត បឹងស្នោ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសារជម្លោះរឿងស្នួហាលខោអាវ៕

Comments are closed.