Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

លោក ហ៊ុន សែន ប្រាប់កុំឱ្យទម្លាក់កំហុសលើចិន បើកម្ពុជាមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីស នាពេលខាងមុខ

ភ្នំពេញៈ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា  នាវេលាយប់ថ្ងៃទី៧ មិថុនា បានចេញសារមួយឆ្លើយតបទៅនឹងកាសែត​បរទេសមួយ ដែលលោកមិនបានបញ្ចេញឈ្មោះ បានចុះផ្សាយអំពីប្រទេសអាស៊ីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅប្រទេសស្វីស នាពេលខាងមុខ ដោយលោកថា គេបានខិតខំទម្លាក់កំហុសឱ្យចិន ប្រសិនបើកម្ពុជា មិនបានចូលរួម។

លោក ហ៊ុន សែន បញ្ជាក់ថា៖«សូមកុំព្យាយាមទម្លាក់កំហុសឱ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ»។

អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានរំឭកថា កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម លោកក៏បានជម្រាបប្រធានសភាអ៊ុយក្រែនថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិន​បើភាគីពាក់ព័ន្ធ ពិសេស រុស្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួម។ លោក ហ៊ុន សែន ប្រាប់ប្រធានសភានោះទៀតថា មុនសន្និសីទ ពេលសន្និសីទ និងក្រោយសន្និសីទ រុស្ស៊ី នឹងវាយខ្លាំងលើសមរភូមិយោធា។

លោក ហ៊ុន សែន ក៏បានលើកពីការសន្ទនាបែបនេះជាមួយអគ្គនាយ CIA ផងដែរ នៅថ្ងៃទី២ មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិក នៅថ្ងៃទី៤ មិថុនា ពេលពួកគេមកជួបជាមួយលោក។ លោក ហ៊ុន សែន ចោទជាសំណួរថា តើសម្តីបែបនេះរបស់លោក ចិនណែនាំឱ្យលោកនិយាយ ឬកម្ពុជាមានសិទ្ធិនិយាយ?

លោកបញ្ជាក់ថា៖«កម្ពុជា ជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ ខ្ញុំមិនធ្លាប់លឺមេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឱ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញ ពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឱ្យកម្ពុជាធ្វើតាមខ្លួន រហូតប៉ះទង្គិចសម្តីជាមួយខ្ញុំជាញឹកញាប់»។

លោកបន្តថា ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួម ឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ៕

Comments are closed.