ក្នុងការស្ទង់មតិអ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុប ពួកគេបានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ លទ្ធផលនេះត្រូវបានរកឃើញពីការស្ទង់មតិថ្មីមួយ ដែលក្រសួងព័ត៌មានបានរៀបចំឡើងក្នុងក្របខ័ណ្ឌ នៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។
លទ្ធផលនៃការសិក្សានេះត្រូវបានផ្សព្វផ្សាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៣០ ខែមេសា នៅក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាយ៉ាងច្រើនកុះករ។
លោក នេត្រ ភក្ត្រា បានថ្លែងក្នុងសន្និសីទនោះថា ក្រសួងព័ត៌មានបានសិក្សា និងចងក្រងរបាយការណ៍នេះឡើង គឺក្នុងបំណងបង្ហាញពីលម្ហសិទ្ធិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ក៏ដូចជាដើម្បីបង្ហាញពីតួនាទីរបស់ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាន។
លោកបញ្ជាក់ថា៖«ការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននេះត្រូវបានរៀបចំឡើងដោយកម្ពុជាខ្លួនឯងផ្ទាល់ ដែលជាសក្ខីភាពមួយបង្ហាញភាពជាម្ចាស់របស់កម្ពុជាលើវិស័យព័ត៌មាន និងការផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យនេះជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧»៕
Comments are closed.