Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

បក្សនយោបាយ និងសង្គមស៊ីវិល ខ្វែងគំនិតគ្នាជាមួយនឹងរដ្ឋាភិបាល ដែលអួតពីការយកចិត្តទុកដាក់លើសិទ្ធិមនុស្ស និងថា បានយកសិទ្ធិមនុស្សពីខ្មែរក្រហម មកឱ្យពលរដ្ឋវិញ

0

គណបបក្សនយោបាយ និងសង្គមស៊ីវិល មានគំនិតផ្ទុយគ្នាទាំងស្រុងពីរដ្ឋាភិបាល អំពីសិទ្ធិមនុស្ស នៅថ្ងៃទី១០ ធ្នូ ដែលជាទិវាសិទ្ធិមនុស្ស។ ភាគីបក្សនយោបាយ និងសង្គមស៊ីវិល ថា សិទ្ធិពលរដ្ឋត្រូវបានរឹតត្បិត ដោយស្ថិតក្នុងស្ថានភាពចង្អៀត រីឯរដ្ឋាភិបាល ខំប្រឹងអួតថា បាននិងកំពុងយកចិត្តទុកដាក់ទៅលើសិទ្ធិមនុស្ស និងថា សិទ្ធិពលរដ្ឋ ដែលត្រូវបានខ្មែរក្រហមដកហូតនោះ បានយកមកឱ្យពលរដ្ឋវិញ។

គណបក្សជំនាន់ថ្មី របស់លោក មាជ សុវណ្ណារ៉ា ចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១០ ធ្នូ ដែលជាខួបលើកទី៧៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០២៤ ដោយលើកឡើងថា កន្លងទៅសាធារណមតិជាតិ អន្តរជាតិ តែងតែលើកឡើងអំពីការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហាក់នៅតែចង្អៀត ដូចជា សិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពធ្វើនយោបាយ ត្រូវរងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ការបំបិទសិទ្ធិមេដឹកនាំគណបក្សប្រឆាំង មិនឱ្យធ្វើនយោបាយ ការចាប់សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនសហជីព សកម្មជនដីធ្លី សកម្មជនបរិស្ថាន ព្រមទាំងអ្នកសារព័ត៌មានឯករាជ្យដាក់ពន្ធនាគារជាដើម។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖«គណបក្សជំនាន់ថ្មីស្នើដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តាពិចារណាដោះលែងមេដឹកនាំ និងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនសហជីព សកម្មជនដីធ្លី សកម្មជនបរិស្ថាន ព្រមទាំងអ្នកសារព័ត៌មានឯករាជ្យទាំងអស់ ដើម្បីបង្ហាញសាធារណមតិជាតិ អន្តរជាតិ មើលឃើញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបំពេញកាតព្វកិច្ចដឹកនាំ ដោយឈរលើស្មារតីនៃការគោរពសិទ្ធិមនុស្សជាមូលដ្ឋានស្របតាមសេចក្តីប្រកាសជាសកល ស្តីអំពីសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ(UN)»។

បក្សជំនាន់ថ្មីស្នើរដ្ឋាភិបាលត្រូវតែស្តារឡើងវិញការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងប្រជាធិបតេយ្យពេញលេញ ដោយបើកលម្ហសេរីភាពនយោបាយ គោរពសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ លុបបំបាត់ការគំរាមកំហែងផ្នែកនយោបាយគ្រប់រូបភាព ដើម្បីធានានូវការអនុវត្តតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ នាយកប្រតិបត្តិ នៃអង្គការសិទ្ធិមនុស្ស(លីកាដូ) លោក អំ សំអាត លើកឡើងថា សិទ្ធិជាមូលដ្ឋានរបស់មនុស្សត្រូវមាន ៥ ដោយមិនអាចគ្មានមួយណាបានទេត្រូវតែមានទំនាក់ទំនងនឹងគ្នា គឺសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌។ លោកថា សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិមួយធំសម្រាប់មនុស្ស ប៉ុន្តែត្រូវការផ្សារភ្ជាប់ជាមួយនឹងសិទ្ធិផ្សេងៗទៀត ដើម្បីចូលរួមឱ្យក្លាយទៅជាការគោរពសិទ្ធិមនុស្សពេញលេញ។ បញ្ហាសិទ្ធិមនុស្ស គឺសិទ្ធិមូលដ្ឋានទាំង៥នេះ មិនអាចកាត់ផ្តាច់មួយណាបានទេ ព្រោះសិទ្ធិមនុស្សជាសិទ្ធិសកល មានន័យថា មិនអាចមានការដកហូតសិទ្ធិណាមួយបាន។

លោក អំ សំអាត ថ្លែងថា៖«ក្រឡេកមកកម្ពុជាយើង យើងឃើញហើយថា ថ្មីៗនេះសភាសហគមន៍អឺរ៉ុប គេបានបោះឆ្នោត និងពិនិត្យមើលសិទ្ធិមនុស្សនៅកម្ពុជា គឺគេលើកឡើងអំពីបញ្ហាទាក់ទងនឹងការរឹតត្បិតលម្ហសេរីភាពស៊ីវិល និងបញ្ហាមួយចំនួនទៀត រហូតទៅដល់គេសុំឱ្យប្រទេសជាសមាជិកហ្នឹងពិនិត្យមើលសិទ្ធិមនុស្សនៅកម្ពុជា ហើយពិនិត្យមើលការអនុគ្រោះពន្ធ EBA» ដែលកន្លងមកមានការកាត់២០%ហើយ គេនៅតែទទូចឱ្យកម្ពុជា ស្តារឡើងវិញនូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។

ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថា និយាយពីសិទ្ធិមនុស្ស គឺរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងបំពេញបេសកកម្ម ដើម្បីសិទ្ធិមនុស្សធំធេងណាស់ សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។ លោកថា បើនិយាយពីសិទ្ធិមនុស្ស ត្រូវនិយាយពីសិទ្ធិរស់រានមានជីវិតមុនគេ ពីព្រោះគេចាត់ទុកនោះជាសិទ្ធិមូលដ្ឋានសំខាន់ជាងគេបង្អស់។

លោក ប៉ែន បូណា និយាយក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយគាំទ្ររបស់លោក មុន២-៣ថ្ងៃ នៃទិវាសិទ្ធិមនុស្ស ១០ ធ្នូ ថា៖«នៅពេលនិយាយពីសិទ្ធិរស់រានមានជីវិត ប្រជាពលរដ្ឋខ្មែរនៅចាំច្បាស់ អ្នកណា ដែលបាននាំមកនូវសិទ្ធិរស់រានមានជីវិតជូនដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ចេញពីសេចក្តីស្លាប់ក្នុងរបបប៉ុលពត គឺរាជរដ្ឋាភិបាល និងឥស្សរជន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជន ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនជាច្រើនទៀត ដែលបានយកជីវិតរបស់ខ្លួនទៅធ្វើដើមទុនប្តូរយកជីវិតរបស់ពលរដ្ឋខ្មែររាប់លាននាក់ចេញពីសេចក្តីស្លាប់»៕

Leave A Reply

Your email address will not be published.