ក្រុមអ្នកនាំពាក្យច្រានចោលការផ្សាយរបស់ The Cambodia Daily Khmer ដែលស្រង់សម្តីអ្នកវិភាគ ចោទភរិយានាយករដ្ឋមន្ត្រីពាក់ព័ន្ធក្រុមហ៊ុន CIC តែនាយកសារព័ត៌មាននេះថា រង់ចាំបំភ្លឺជូន
ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានបដិសេធ ការផ្សព្វផ្សាយរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) ដែលបានស្រង់សម្តីអ្នកវិភាគនយោបាយ លោក គឹម សុខ ផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ចោទថា លោកស្រី ពេជ ចន្ទមុន្នី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ។
ទោះយ៉ាងណា នាយកការផ្សាយនៃសារព័ត៌មាន The Cambodia Daily Khmer លោក តាំង សារ៉ាដា បញ្ជាក់ថា សារព័ត៌មានរបស់លោក រង់ចាំការបកស្រាយឆ្លើយតបវិញ របស់ភាគីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រសិនបើមានសំណើសុំឱ្យលោកផ្សព្វផ្សាយបំភ្លឺឡើងវិញ។
សេចក្តីប្រកាសបដិសេធរបស់ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ចេញនៅថ្ងៃទី២៨ សីហា នេះ បញ្ជាក់ថា ពាក់ព័ន្ធនឹងព័ត៌មានមិនពិតនេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមច្រានចោល និងបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ ដែលគ្មានមូលដ្ឋានរបស់បុគ្គល គឹម សុខ ដែលបានចុះផ្សាយ ដោយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ មកលើលោកស្រី ពេជ ចន្ទមុន្នី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ។
ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បញ្ជាក់ថា៖«លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពុំមានការជាប់ពាក់ព័ន្ធអ្វីទាល់តែសោះទៅនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដូចការចោទប្រកាន់របស់បុគ្គល គឹម សុខ នោះទេ»។
ក្រុមអ្នកនាំពាក្យបន្តថា បន្ថែមពីនេះគណៈកម្មការស្តាក្រុមហ៊ុន និងមូលនិធិ នៃក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ី អាយ ស៊ី ផាតនើរ) ក៏បានចេញលិខិតបដិសេធ និងច្រានចោលព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) នេះរួចហើយផងដែរ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
ក្រុមអ្នកនាំពាក្យ បញ្ជាក់ផងដែរថា៖«លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនដែលប្រើប្រាស់តួនាទីជាភរិយារបស់ សម្តេចធិបតី ដើម្បីគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់នោះឡើយ។ លោកជំទាវបណ្ឌិត តែងតែប្រកាន់ខ្ជាប់នូវការបំពេញតួនាទីយ៉ាងល្អប្រសើរ និងឥរិយាបទប្រកបដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាឧត្តមភរិយារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងតែងតែយកចិត្តទុកដាក់ខ្ពស់ចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម វប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍសង្គម»។
ជាមួយគ្នានេះ ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើ របស់លោក គឹម សុខ ដោយចាត់ទុកជាទង្វើអសីលធម៌ និងថោកទាបបំផុត ហើយថា បុគ្គល គឹម សុខ ត្រូវទទួលខុសចំពោះមុខច្បាប់ជាធរមាននូវទង្វើរបស់ខ្លួ និងស្នើឱ្យសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ។
លោក តាំង សារ៉ាដា នាយកការផ្សាយ នៃសារព័ត៌មាន The Cambodia Daily Khmer ប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី២៨ ខែសីហា ថា រាល់ការផ្សាយរបស់លោកមិនមាននិន្នាការនយោបាយទេ ហើយព័ត៌មាននេះ គឺផ្សាយតាមប្រភពនិយាយតែប៉ុណ្ណោះ។ លោកថា ការទាក់ទងប្រភពពីអ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីសម្ភាស គឺមានការលំបាក ដោយប្រភពមិនឆ្លើយតបចំពោះលោកឡើយ។
ទោះយ៉ាងណា លោក តាំង សារ៉ាដា បញ្ជាក់ថា៖«យើងផ្សាយឱ្យ [គ្រប់ភាគី បើមានការស្នើសុំ]។ យើងមិនមាននិន្នាការទេ»៕