លោក ហ៊ុន សែន ថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត មិនមែនជាស្រីកញ្ជើធ្លុះដោយអាចរក្សាប្រាក់ចំណូលបាន ខណៈបក្សជំទាស់ថា សិទ្ធិមនុស្ស និងសេដ្ឋកិច្ចពលរដ្ឋនៅមានបញ្ហា
ថ្ងៃទី២២ សីហា ឆ្នាំ២០២៤ នេះ ជាខួប១ឆ្នាំ នៃរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយអ្នកជំនាន់ថ្មី។ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន សរសើរការដឹកនាំរបស់អ្នកជំនាន់ថ្មី គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា បានដឹកនាំដោយស្វាហាប់និងការទទួលខុសត្រូវ ដោយរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងរក្សាបាននូវកំណើនសេដ្ឋកិច្ច។
លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២២ សីហា ដែលជាខួប១ឆ្នាំរបស់អ្នកដឹកនាំជំនាន់ថ្មីនេះដោយលើកពីចំណុចកត់សម្គាល់របស់លោក នោះគឺការរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណា រក្សាបានកម្លាំងទិញនៃប្រាក់រៀល។ រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាលអាណត្តិទី៧នេះរក្សានូវប្រាក់ចំណូលជាតិបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្ត មិនមានការថយចុះ បើទោះជាការចំណាយកើនឡើងដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។ លោថា សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់ សម្រាប់រដ្ឋាភិបាលប្រទេសមួយ។
លោកបញ្ជាក់ថា៖«ខ្ញុំនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឱ្យជំនាន់ថ្មីមានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជាស្រីកញ្ជើធ្លុះនោះឡើយ។ ពួកគេខិតខំប្រមូលចំណូល ដើម្បីបម្រើឱ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឱ្យថយចុះ»។
លោក ហ៊ុន សែន បន្ថែមថា៖«ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ»។
ប៉ុន្តែប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ថ្លែងនៅថ្ងៃទី២២ សីហា ហាក់ដូចមិនទទួលស្គាល់ថា រដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មានស្ថិរភាពនយោបាយពេញលេញនៅឡើយទេ។ លោកថា លោកចង់ឱ្យមានសន្តិភាព ស្ថិរភាព មិនមានភាពវឹកវរ ប៉ុន្តែសន្តិភាពត្រូវពោរពេញដោយសេរីភាព និងយុត្តិធម៌ ដែលប្រជាពលរដ្ឋអាចទទួលយកបាន ដោយគ្មានការគាបសង្កត់ បំភិតបំភ័យ និងសុចរិតភាពនយោបាយស្មើមុខស្មើមាត់គ្នា។
លោក មាជ សុវណ្ណារ៉ា ថ្លែងថា៖«អ៊ីចឹង ខ្ញុំមិនជំទាស់ទៅនឹងអ្វី ដែលថា មានស្ថិរភាព និងកំណើនសេដ្ឋកិច្ចអី[ទេ]។ ខ្ញុំថា កំណើនសេដ្ឋកិច្ច វាហាក់បីដូចជាយើងមិនទាន់វាយតម្លៃបានទេ ក្នុងរយៈពេល១ឆ្នាំ។ ជាទូទៅ គេវាយតម្លៃគេសន្និដ្ឋាន ទៅតាមរបាយការណ៍ ទៅតាមការសិក្សាស្រាវជ្រាវ ជាទិន្នន័យណាគឺពាក់កណ្តាលអាណត្តិ»។
លោកបញ្ជាក់ថា៖«អ្វី ដែលរដ្ឋាភិបាលកំពុងធ្វើ យើងឃើញថា ការពង្រឹងស្ថិរភាព វាជារឿងត្រឹមត្រូវ ប៉ុន្តែ សម្រាប់ការចូលរួម ឯកភាពផ្ទៃក្នុង ការបែកបាក់ផ្ទែក្នុងជាតិ ការរើសអើងនិន្នាការបក្ស ខ្ញុំថា រដ្ឋាភិបាលអាណត្តិទី៧នេះ គួរតែផ្តល់នូវសេរីភាពពេញលេញ បើកសិទ្ធិទូលំទូលាយ នូវគោលការណ៍ប្រជាធិបតេយ្យ និងអនុវត្តគោរពសិទ្ធិមនុស្ស»។ លោកសុវណ្ណារ៉ា ស្នើឱ្យបក្សកាន់អំណាច កុំចាត់ទុកបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាសត្រូវ ព្រោះពួកគេចង់ជួយកសាងប្រទេសជាតិ ដោយសន្តិវិធីតាមបែបអហិង្សាក្នុងការប្រកួតប្រជែងកម្មវិធីគោលនយោបាយ។
សម្រាប់ប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មើលឃើញរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានរយៈពេល១ឆ្នាំនេះ មិនមានលក្ខណៈខុសគ្នាពីរដ្ឋាភិបាលចាស់ដឹកនាំ ដោយលោក ហ៊ុន សែន នោះទេ ទាំងស្ថិរភាពនយោបាយ និងសន្តិសុខសង្គមជាដើម។ ប៉ុន្តែឃើញមានការបោសសម្អាតចំពោះមន្ត្រីមួយចំនួន ដែលពាក់ព័ន្ធនឹងគ្រឿងញៀន អំពើពុករលួយគួរឱ្យកត់សម្គាល់ខ្លះដែរ។
លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា៖«ក្រៅពីនោះទៀ ខ្ញុំមិនឃើញមានអីប្រែប្រួលទេ មិនមានអីប្លែក ហើយមិនមានអី ដែលគួរឱ្យកត់សម្គាល់ជាផលវិជ្ជាមានទេ។ ប៉ុន្តែយើងនៅឃើញមានបញ្ហាច្រើននៅបន្ត ដូចជាការឆ្លើយតបជាមួយសហគមន៍អន្តរជាតិ ឬក៏អង្គការសហប្រជាជាតិពីការគោរពសិទ្ធិមនុស្ស និងលើកស្ទួយ ឬក៏ពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យបានប្រសើរឡើងហ្នឹង យើងអត់ទាន់មានឃើញទេ»។
ករណីអំពើពុករលួយ គ្រឿងញៀន និងទំនាស់ដីធ្លី លោកច័ន្ទរ័ត្ន ថ្លែងថា នៅមានបញ្ហានេះច្រើន ដែលមិនទាន់ត្រូវបានដោះស្រាយ។ ឯការពង្រឹងនីតិរដ្ឋក៏មិនឃើញមានយន្តការអ្វី ដើម្បីពង្រឹងនីតិរដ្ឋ ឱ្យបានប្រសើរឡើងច្បាស់លាស់នៅឡើយទេ។
លោកថា៖«យើងឃើញមានបញ្ហាបង្ក្រាបបិទសំឡេងអ្នកតវ៉ា អ្នកក្រៅរដ្ឋាភិបាល ហើយមានការចាប់ខ្លួនបន្តបន្ទាប់។ ពេលហ្នឹងយើងនឹកឃើញមានវិធានការបែបហ្នឹង ហាក់ដូចជាក្តៅគគុកតែម្តង ហើយបណ្តឹងចំពោះអ្នកនយោបាយនានា ឃើញនៅបន្តអ៊ីចឹង ហើយការចាប់ខ្លួនមេដឹកនាំអីក៏នៅមានបន្តអ៊ីចឹង និងសកម្មជននយោបាយ សកម្មជនបរិស្ថានអីហ្នឹង»។
ប្រធានបក្សរូបនេះ បញ្ជាក់ទៀតថា៖«និយាយជារួម វិធានការក្តៅ ការប្រើប្រាស់តុលាការដើម្បីបង្ក្រាបហ្នឹងនៅមានច្រើន ច្រើនគួរឱ្យកត់សម្គាល់តែម្តង»។
ពាក់ព័ន្ធនឹងសេដ្ឋកិច្ច លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា ការណ៍ដែលលោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលមានថវិកាក្នុងរតនាគារជាតិ ដើម្បីចំណាយនោះ គឺជារឿងមួយល្អ ប៉ុន្តែបញ្ហាជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋនៅតែមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ទាំងកសិករ ទាំងពលករ និងអាជីវករ ហាក់ដូចមានបញ្ហាសេដ្ឋកិច្ចខ្លាំងជាងមុន។ អាជីវករមានការត្អូញត្អែរច្រើន ដោយសារលក់មិនដាច់ និងជំពាក់ធនាគារ៕