អតីតតំណាងរាស្ត្របក្សប្រឆាំងនៅក្នុងស្រុក ថា អតីតក្រុមតំណាងរាស្ត្ររបស់ខ្លួនបានដឹងពីគម្រោង CLV
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយតំណាងរាស្ត្របក្សកាន់អំណាច អតីតតំណាងរាស្ត្រនៃបក្សប្រឆាំងនៅក្នុងស្រុក អះអាងថា ក្រុមតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានដឹងពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម(CLV) ប៉ុន្តែបក្សប្រឆាំងមិនមានគោលនយោបាយ ដើម្បីជជែករឿងនេះ។
លោក កែវ ភីរម្យ អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅមណ្ឌលខេត្តក្រចេះបន្ទាប់ពីលោក ឡុង រី ដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មានជាមួយលោក ឈាង វុន នាថ្ងៃទី១៩ សីហានេះ នៅវិមានរដ្ឋសភា បានថ្លែងថា ក្រុមតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិកាលនោះ បានដឹងរឿងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ CLV នេះច្បាស់។
លោកថា៖«ប៉ុន្តែរឿង ដែលសំខាន់គឺ គណបក្សសង្គ្រោះជាតិអត់មានគោលនយោបាយអី ដើម្បីជជែកក្នុងបញ្ហាហ្នឹងទេកាលហ្នុង ព្រោះក្នុងគណៈកម្មាធិការនាយក ក៏អត់ដែលលើកដាក់ក្នុងអង្គប្រជុំ ដើម្បីជជែកគ្នា គណៈកម្មាធិការអចិន្ត្រៃយ៍ ក៏មិនដែលឮសូរជជែកគ្នាដែរ។ ប៉ុន្តែសួរថា បុគ្គលមួយៗហ្នឹងដឹង? ដឹង ប៉ុន្តែសួរថា ធ្វើអី អត់ធ្វើអីទេ គ្រាន់តែដឹង អត់មានចាប់អារម្មណ៍ថា ត្រូវធ្វើអី»។
ចំណែក លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ នៃអតតីគណបក្សសង្គ្រោះជាតិ ដែលជាសមាជិកក្រុមការងារ CLV ហើយធ្លាប់បានទៅចូលរួមប្រជុំពីរឿងកិច្ចសហប្រតិបត្តិការនោះ បានចេញមុខបំភ្លឺថា តំបន់អភិវឌ្ឍន៍ CLV នេះ គឺមិនមានការកាត់ខេត្តណាមួយទៅខាងភាគីវៀតណាម ដូចមានការចោទប្រកាន់នោះឡើយ។
លោកបូរ៉ាបានថ្លែងថា៖«ខ្ញុំដែលបានចូលរួមផ្ទាល់ ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ហើយខ្ញុំគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLVនេះ ជាកិច្ចសហប្រតិបត្តិការមិនមានការកាត់ខេត្តទៅភាគីណាមួយឡើយ»។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែសីហា ផ្តាំទៅក្រុមអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងនៅក្រៅប្រទេសថា បើក្រុមប្រឆាំងនៅតែមិនទទួលស្គាល់អំពីសមសភាពក្រុមខ្លួនចូលរួមក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម(CLV) គឺក្រុមប្រឆាំងមានកំហុសធ្ងន់ណាស់។
លោក ឈាង វុន ថ្លែងថា តំណាងរាស្ត្រគណបក្សសម រង្ស៊ី លោក ឡុង រី កាលពីឆ្នាំ២០១០ ក៏ជាសមាជិកក្រុមការងារ CLV នៃរដ្ឋសភា ដែរ ដោយមានការចាត់តាំងត្រឹមត្រូវ នៅអាណត្តិទី៤ ដែលលោក ឡុង រី ជាតំណាងរាស្ត្រខេត្តក្រចេះ ដូច្នេះកុំឆ្លើយថា មិនដឹង។ លោកថ្លែងថា៖«គេធ្វើ CLV ប៉ុនណាប៉ុនណីនៅខេត្តក្រចេះ ហើយបើគាត់ធ្វើតំណាងនៅខេត្តក្រចេះ គាត់អត់ដឹងថា មាន CLV គាត់ចោលម្សៀតមែនទែនហ្មង បានសេចក្តីថា គាត់មិនដែលទៅមណ្ឌលគាត់ផង។ ធ្ងន់ធ្ងរមែនទែន តំណាងរាស្ត្រដល់ប្រើភាសាអ៊ីចឹង។ ឱ្យរាស្ត្រទុកចិត្តយ៉ាងម៉េច។ រាស្ត្រទុកចិត្តមិនកើតទេ»។
លោកថា តំណាងរាស្ត្រ ដែលមានឈ្មោះជាសមាជិកក្រុមការងារ CLV ទទួលបានឯកសារបញ្ជាក់ពីឈ្មោះតួនាទីជាសមាជិកក្រុមការងារទាំងអស់។ លោកក៏បានបង្ហាញពីឈ្មោះអតីតតំណាងរាស្ត្របក្សប្រឆាំងមួយចំនួនទៀត ដែលកាលនោះជាគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ២០១៥ គឺ លោក ស្រី ជូឡុង សូមួរ៉ា លោក កែវ ភីរម្យ លោក ញ៉ញ ចំរើន លោក គី វណ្ណដារ៉ា និង លោក គង់ បូរ៉ា ក៏ជាសមាជិកក្រុមការងារ CLVដែរ។
លោក ឈាង វុន ថ្លែងថា៖«ខ្ញុំសោកស្តាយណាស់ យើងធ្វើនយោបាយត្រូវហ៊ាននិយាយការពិត។ ត្រូវស្មោះត្រង់នឹងរាស្ត្រ ស្មោះត្រង់នឹងរដ្ឋ ហើយជាពិសេស ស្មោះត្រង់នឹងបណ្តាញសង្គម និងអ្នកសារព័ត៌មាន។ បើកាលណាយើងបោកប្រាស់អ៊ីចឹង មិនកើតទេ»។
លោកបញ្ជាក់ថា៖«ខ្ញុំនៅតែគិតហើយគិតទៀតថា បើសិនជាគាត់នៅតែលើកថា គាត់អត់ដឹងអីហ្នឹង គឺខុសធ្ងន់ណាស់។ បោកហើយ បោកទៀត បោកហើយ បោកទៀត បោកមិនចេះស្កប់»។
ជុំវិញការបកស្រាយរបស់អតីតតំណាងរាស្ត្រក្នុងបក្សប្រឆាំងជាមួយគ្នានេះ លោក ឡុង រី មិនអាចទាក់ទងសុំការឆ្លើយបំភ្លឺបានទេ នៅថ្ងៃទី១៩ សីហា។ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ លោក ឡុង រី បានចេញមុខបកស្រាយដែរថា លោកមានការភ្ញាក់ផ្អើល ពេលឃើញឈ្មោះរបស់លោក ត្រូវបានតែងតាំងជាសមាជិកគណៈកម្មការ នៃ CLV ទាំងដែលសាមីខ្លួនមិនបានដឹង។ លោកបញ្ជាក់ថា បើពួកលោកបានដឹងតាំពីពេលនោះមក ម៉្លេះផ្អើលយូរហើយ មិនចាំបាច់ដល់ថ្ងៃនេះទេ ព្រោះកាលនោះ គណបក្សប្រឆាំងមានកម្លាំងពេញដៃ អាចចេញមុខបកអាក្រាតឱ្យរាស្ត្រដឹងតាំងពីពេលនោះមកម្ល៉េះ៕