Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អាជ្ញាធរមានសមត្ថកិច្ច កំពុងស្រាវជ្រាវរកម្ចាស់គណនី Tik Tok ឈ្មោះ នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស ដែលបង្ហោះតាមបណ្តាញសង្គម ថា ខ្លួនជាអនុជរបស់ព្រះមហាក្សត្រ

0

កម្លាំងមានសមត្ថកិច្ចនគរបាល កំពុងស្រាវជ្រាវរកបុគ្គលម្ចាស់គណនី Tik Tok ឈ្មោះ នរោត្តម សូរិយាវង្ស និង ស៊ីសុវត្តិ សីណាក់វង្ស ដែលបានបង្ហោះចែកចាយក្នុងប្រព័ន្ធទំនាក់ទំនងសង្គម ដោយបានអះអាងថា ខ្លួនជាអនុជរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្រោយពីក្រសួងព្រះបរមរាជវាំងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបន្ទាន់។

លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ The Cambodia Now News(CNN) យ៉ាងខ្លី នៅថ្ងៃទី២១ ខែសីហា ថា កម្លាំងមានសមត្ថកិច្ច កំពុងស្រាវជ្រាវរកម្ចាស់គណនី Tik Tok ខាងលើនេះ។

ក្រសួងព្រះបរមរាជវាំង បានបដិសេធចំពោះបុគ្គលជាម្ចាស់គណនី Tik Tok ឈ្មោះ នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស ដែលបានបង្ហោះចែកចាយក្នុងបណ្តាញទំនាក់ទំនងសង្គម ហើយប្រកាសថា ខ្លួនជាអនុជរបស់ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែសីហា បដិសេធថា៖«បុគ្គលខាងលើ មិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្ស ដែលទទួលស្គាល់ ដោយព្រះរាជវាងំឡើយ»។

ក្រសួងព្រះបរមរាជវាំង បញ្ជាក់ថា៖«ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះអនុជបង្កើតតែមួយព្រះអង្គគត់ គឺ សម្តេច នរោត្តម នរិន្រ្ទៈពង្ស ដែលបានយាងចូលព្រះទិវង្គត តាំងពីឆ្នាំ២០០៣ មកម្ល៉េះ»។
ក្រសួងព្រះបរមរាជវាំង ក៏បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក្រសួងព្រះបរមរាជវាំង បានជូនដំណឹងដល់សាធារណជនថា មានតែវេបសាយ(website) ចំនួន២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ ទី១ គឺ www.norodomsihamoni.info/ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទី២ www.norodomsihanouk.info/ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រៅពីវេបសាយទាំង២ខាងលើ ពុំមានបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការ របស់ព្រះករុណា និង និងសម្តេចព្រះមហាក្សត្រី និងរបស់ក្រសួងព្រះបរមរាជវាំងឡើយ៕

Leave A Reply

Your email address will not be published.