នាយករដ្ឋមន្ត្រី បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណ និងដាក់ក្នុងបញ្ជីខ្មៅ ចំពោះអ្នកសារព័ត៌មានណា ដែលគាបស៊ីលុយពីប្រភពជាថ្នូរមិនចុះផ្សាយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ត្រូវដកអាជ្ញាប័ណ្ណសារព័ត៌មាន និងត្រូវដាក់ទៅក្នុងបញ្ជីខ្មៅ លែងឱ្យបើកដំណើរការទៀត ចំពោះអង្គភាពសារព័ត៌មានណា ដែលមានអ្នកសារព័ត៌មានយកតួនាទីទៅប្រព្រឹត្តរឿងប្រាសចាសពីវិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីកេងចំណេញពីអាជីពរបស់ខ្លួន។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប នៅថ្ងៃទី១៨ កក្កដា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា៖«អ្នកកាសែត ខ្ញុំសុំឱ្យប្រកាន់ក្រមសីលធម៌ផង។ ខ្ញុំស្វាគមន៍នូវការរក្សាសិទ្ធិសេរីភាព ប៉ុន្តែសុំកុំកេងចំណេញពីអាជីពរបស់ខ្លួន»។
លោកថា ថ្ងៃមុន មានអ្នកកាសែតម្នាក់បានប្រាប់លោកឱ្យជួយពលរដ្ឋម្នាក់នៅខេត្តត្បូងឃ្មុំ ដែលដឹកផ្ទះរើពីខេត្តស្ទឹងត្រែង យកមកសាងសង់នៅខេត្តត្បូងឃ្មុំ ប៉ុន្តែត្រូវបានគេចាប់។ ក្រោយពីទទួលបានព័ត៌មាននេះ លោកក៏បានសួរទៅមន្ត្រីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីកសិកម្ម។ លោកឱ្យដឹងថា អ្នកដឹកឈើរើផ្ទះនោះ មានឈើថ្មីខ្លះ និងឈើចាស់ខ្លះ ប៉ុន្តែឈើថ្មីនោះមិនមែនឈើបង្កប់ទេ ដោយគ្រាន់តែទិញយកមក ដើម្បីជំនួសឈើចាស់។ អ្នកកាសែតនោះថា មានឈើថ្មីត្រូវបង់ឱ្យគាត់២០០ដុល្លារ ឬ៨០ម៉ឺនរៀល ប៉ុន្តែអ្នកដឹកឈើសុំបង់៥០ម៉ឺនរៀល តែអ្នកកាសែតនោះមិនព្រម ហើយក៏ចុះផ្សាយ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«វាទៅជាអ្នកកាសែតទៅគាបគេ ចុះផ្សាយ ហើយអ្នកកាសែតមករកអន្តរាគមន៍ដោះស្រាយ។ វាទៅជាអ៊ីចឹង វាមិនមែនទាំងអស់ទេ ប៉ុន្តែខ្ញុំសុំឱ្យបងប្អូនប្រកាន់ក្រមសីលធម៌ ហើយឯកឧត្តម នេត្រ ភក្ត្រា មើលកិច្ចការនេះឱ្យច្បាស់។ កុំឱ្យអ្នកកាសែតម្នាក់ ពីរនាក់ បួនដប់នាក់ទៅបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានយើងរាប់ម៉ឺននាក់»។
លោកបន្ថែមថា៖«ព្រោះបងប្អូនមានក្រមសីលធម៌ បងប្អូនខំធ្វើដោយសុទ្ធចិត្ត។ ពេលខ្លះបងប្អូនធ្វើដោយច្រឡំ គាត់កែ តែអ្នកខ្លះអត់ទេ គឺយកអាហ្នឹងជាអាជីពទៅគាបគេ។ ឯកឧត្តម នេត្រ ភក្ត្រា មើលបើសិនមានបញ្ហាបែបហ្នឹងដកអាជ្ញាប័ណ្ណ ហើយ Black list ហ្មងទៅមិនបាច់ឱ្យធ្វើទៀតទេ។ បើគាត់យកអាជ្ញាប័ណ្ណហ្នឹង យកទៅគាបគេ ដកអាជ្ញាប័ណ្ណចោលតែម្តង ឈប់ឱ្យធ្វើជាអ្នកកាសែតទៀតទៅ។ យកព័ត៌មាន មិនទៅគាបគេស៊ីទេ»។
ជាការឆ្លើយតប ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ កក្កដានេះដែរ បានជូនដំណឹងទៅសាធារណជន ឱ្យរាយការណ៍មកក្រសួងព័ត៌មាន បើរងការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកកាសែត ដើម្បីក្រសួងមានវិធានការតាមផ្លូវច្បាប់។
ក្រសួងព័ត៌មាន បានបញ្ជាក់ថា៖«សូមសាធារណជន ដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មាន តាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ឬដាក់ពាក្យបណ្តឹងមកក្រសួងព័ត៌មាន ដើម្បីឱ្យក្រសួង មានវិធានការតាមនីតិវិធីច្បាប់»។
ក្រសួងព័ត៌មាន បានឱ្យដឹងដែរថា ក្រសួងកំពុងរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវ ក្នុងចំណោមអ្នកសារព័ត៌មាន អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ រួមមានអ្នកកាសែត អ្នកផលិតមាតិកាក្នុងបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ និងអ្នករកប្រាក់តាមអនឡាញ (MMO)៕
Comments are closed.