លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម កុំភ្លែចនូវសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលប្រជាជន នៃប្រទេសទាំង២ ធ្លាប់បានជួយគ្នាទៅវិញទៅមក
នាយករដ្ឋមន្ត្រី្កកម្ពុជា លោកហ៊ុន ម៉ាណែត ថ្លែងថា សច្ចភាពនៃប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជា និងវៀតណាមត្រូវចងចាំឱ្យបានច្បាស់គឺកម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមក ដោយកម្ពុជា ជួយក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគម ឈានដល់ការបង្រួបបង្រួមជាតិ ឯវៀតណាម ជួយរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
លោកថ្លែងបែបនេះ កាលពីថ្ងៃទី២០ មិថុនា ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីខួបលើកទី៤៧ ទិវា នៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម x16 នៅឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«ប្រវត្តិសាស្ត្រច្បាស់លាស់ គឺជាកត្តាចម្បង សម្រាប់ទំនាក់ទំនង រវាងប្រទេស និងប្រទេស ដូចដែលថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានលើកជារឿយៗថា កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមក ក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគម ដោយក្នុងនោះថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ធ្លាប់បានជួយក្នុងបុព្វហេតុរំដោះប្រទេស ដែលឈានទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ»។
លោកបន្តថា៖«ដូចគ្នានេះដែរ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ក៏ធ្លាប់បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងការកសាង អភិវឌ្ឍប្រទេស។ នេះជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលប្រជាជន នៃប្រទេសទាំងពីរត្រូវចងចាំឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការយល់ច្រឡំ តាមរយៈការបកស្រាយណាមួយ ដែលពុំមានមូលដ្ឋានប្រវត្តិសាស្ត្រច្បាស់លាស់»៕
Comments are closed.