Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មេធាវីការពារក្តីឱ្យប្រធានបក្សកម្លាំងជាតិ ថា សមត្ថកិច្ចរបស់តុលាការបំពានសិទ្ធិជនត្រូវចោទ ដោយបើកសវនាការមិនបាននាំជនត្រូវចោទ ដែលជាកូនក្តីរបស់ខ្លួនចូលរួម

លោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដែលជាប់ចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរ មិនបានចូលរួមសវនាការរបស់សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១១ មិថុនា ទេ ដោយសារគ្មានវត្តមានកូនក្តីរបស់លោកក្នុងសវនាការនោះ។ លោកនិយាយថា សវនាការដែលមិនបាននាំជនត្រូវចោទចូលរួម គឺជាការបំពានលើសិទ្ធិរបស់គាត់។

លោក ជូង ជូងី ថ្លែងនៅថ្ងៃនេះថា៖«យើងការពារកូនក្តី គឺដើម្បីធានានូវសិទ្ធិកូនក្តីទទួលបាននូវការជំនុំជម្រះមួយ ដែលត្រឹមត្រូវ។ ប៉ុន្តែមេធាវីមានការសោកស្តាយត្រង់ថា តុលាការឃុំខ្លួនកូនក្តីជាស្មារតីច្បាប់ ក្នុងន័យថា ទុកជូនតុលាការចាត់ការតាមនីតិវិធី ដល់ពេលឥឡូវបែរជាតុលាការកាត់ក្តីរឿងគាត់ អត់យកគាត់មក។ អាហ្នឹងគឺសមត្ថកិច្ចមិនបានបំពេញតួនាទីត្រឹមត្រូវ គឺរំលោភបំពានសិទ្ធិរបស់គាត់។ កាលណាកាត់ក្តីរឿងគាត់ បែរជាអត់យកគាត់មកចូលរួមក្នុងសវនាការ គឺអាហ្នឹងបំពានគាត់ហើយ»។

លោកមេធាវីបន្តថា បុគ្គលណាក៏ដោយ ទោះបីជាប្រជារាស្ត្រសាមញ្ញក្តី មន្ត្រីរដ្ឋាភិបាលក្តី មន្ត្រីតុលាការក្តី មានទាំងចៅក្រម មានទាំងព្រះរាជអាជ្ញា មានទាំងក្រឡាបញ្ជី ឬក៏ទោះបីជាមេធាវីក្តី គ្រប់បុគ្គលទាំងអស់ កាលណាតុលាការកាត់ក្តីរឿងខ្លួន ខ្លួនមានសិទ្ធិត្រូវតែចូលរួមនីតិវិធី។ ប៉ុន្តែប្រសិនបើខ្លួនមិនបានចូលរួមក្នុងនីតិវិធីទេ នោះគឺជាការបំពានសិទ្ធិដ៏ធ្ងន់ធ្ងររបស់ខ្លួនហើយ។ លើកលែងតែសាមីខ្លួនរត់គេចខ្លួន។

លោកជូង ជូងី បញ្ជាក់ថា៖«ប៉ុន្តែកូនក្តីខ្ញុំត្រូវបានតុលាការឃុំខ្លួន។ អ៊ីចឹង ស្មារតីនៃការឃុំខ្លួន គឺដើម្បីទុកជូនតុលាការចាត់ការតាមនីតិវិធី ប៉ុន្តែដល់ពេលកាត់ក្តីរឿងគាត់ អត់យកគាត់មក។ អាហ្នឹង គឺសមត្ថកិច្ច ជាអ្នកបំពានសិទ្ធិរបស់គាត់ ដែលខ្លួនជាអ្នកអនុវត្តច្បាប់ បែរជាបំពានច្បាប់បំពានសិទ្ធិរបស់ជនត្រូវចោទ»។

មេធាវីរូបនេះបន្ថែមថា៖«ខ្ញុំការពារគាត់នៅតុលាការ ប៉ុន្តែដល់ពេលអត់យកគាត់មកតុលាការ តើខ្ញុំការពារអ្វី។ ដូច្នេះវាអត់មានន័យក្នុងការការពារ ដូច្នេះ ខ្ញុំអត់ចូលរួមក្នុងនីតិវិធីសវនាការទេ កាលណាអត់យកកូនក្តីខ្ញុំមកបែបនេះ»។

ក្នុងលិខិតអញ្ជើញមេធាវី ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ របស់មហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញលោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទឈ្មោះ ស៊ុន ចន្ធី ឱ្យចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទីរសៀល នៅបន្ទប់សវនាការទី២ ជាកំណត់។
លិខិតអញ្ជើញបញ្ជាក់ថា សាលាឧទ្ធរណ៍ នឹងធ្វើការពិភាក្សាដេញដោល លើបណ្តឹងឧទ្ធរណ៍ របស់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ ប្តឹងនឹងដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន លេខ ៣៤៦៩ (ក១) ដពស ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះលើសំណុំរឿងនេះ លោក ឃុន លាងម៉េង មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ នៅថ្ងៃទី១៣ មិថុនានេះ ដោយលោកមិនលើកទូរស័ព្ទ៕

Comments are closed.