Your Hot News in Hands

BREAKING NEWS

យន្តហោះខ្នាតតូច១៦គ្រឿងនឹងហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ នាថ្ងៃទី២៦-២៧ ខែមេសា          

16

យន្តហោះខ្នាតតូចចំនួន១៦គ្រឿង នឹងហោះពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដើម្បីហោះសម្តែងជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាកម្សាន្ត។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នេះជាព្រឹត្តិការណ៍ នៃការហោះហើរសម្តែងជាលើកដំបូងនៅប្រទេសកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីត្រៀមធ្វើការហោះហើរសម្តែងជូនទេសចរជាតិ និងអន្តរជាតិ ទស្សនាកម្សាន្ត។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ (CATA) និងសមាគមហោះហើរប្រទេសថៃ(TEAA)។ ការងារនេះស្ថិត ក្រោមកិច្ចសម្របសម្រួលពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធីហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី២៦- ២៧ ខែមេសា ឆ្នាំ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ។

លោក ឡុង ឌីម៉ង់ បញ្ជាក់ថា៖«គោលបំណងនៃ ព្រឹត្តិការណ៍នេះ មានទិសដៅស្របគ្នានឹងគោលនយោបាយបើកចំហជើងមេឃ របស់រាជរដ្ឋាភិបាល និងមានគោលដៅ លើកស្ទួយ វិស័យទេសចរណ៍ និងធុរកិច្ច រវាងកម្ពុជា -ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អ [របស់] ប្រទេសទាំង២»៕ អត្ថបទ គឹម សារុំ