Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

លោកហ៊ុន សែន លើកលែងកំហុសឱ្យលោកជា ប៉ូច អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ក្រោយពីលោកសុំក្តីអភ័យចំពោះកំហុសខ្លួន 

អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានស្នើសុំការអភ័យទោសពីលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា តាមរយៈលិខិត១ច្បាប់ពីប្រទេសអូស្រ្តាលី និងសុំលើកលែងការចោទ ប្រកាន់ពីតុលាការកម្ពុជា។

លិខិតរបស់លោកជា ប៉ូច នៅថ្ងៃទី២៣ ខែមេសាដែលThe Cambodia Now ទទួលបាននៅថ្ងៃជាមួយគ្នានេះ គឺលោកសម្តែងការសោកស្តាយ ដែលបានធ្វើសកម្មភាព និងប្រើប្រាស់ពាក្យពេចន៍មួយចំនួនកន្លងទៅ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់លោកហ៊ុន សែន។

លោកបញ្ជាក់ថា៖«ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ។

លោកក៏បានជម្រាបជូនលោកហ៊ុន សែន ថា លោកបានសម្រេចចិត្ត ផ្តាច់ខ្លួនពីលោក សម រង្ស៊ី និងឈប់ធ្វើសកម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្ស ភ្លើងទៀន និងគណបក្សដែលមាននិន្នាការប្រឆាំងដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ការមួលបង្កាច់ ការជេរប្រមាថ ការលាបពណ៌ ការបំបែកបំបាក់ ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សាជាតិបាន។

លោកជា ប៉ូច បញ្ជាក់ទៀតថា៖«ខ្ញុំបាទសូមគោរពស្នើសុំសម្តេចតេជោ មេត្តាអធ្យាស្រ័យ និងសុំឱ្យតុលាការ លើកលែងការចោទប្រកាន់ដល់រូបខ្ញុំបាទ ចំពោះទង្វើដែលខ្ញុំបាទ បានប្រព្រឹត្តខុសក្នុង រយៈពេលកន្លងទៅ។ សូមផ្តល់ឱកាសឱ្យរូបខ្ញុំបាទ បានធ្វើជាប្រជាពលរដ្ឋល្អ រស់នៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ»។

គួរបញ្ជាក់ថា លោក ជា ប៉ូច  កាលពីខែឧសភា ឆ្នាំ២០២៣ ក៏បានផ្ញើលិខិតទៅលោកហ៊ុន សែនម្តងរួចទៅហើយ តែត្រូវបានបដិសេធ។ ការសុំក្តីអភ័យពីលោកហ៊ុន សែន ក្រោយពីលោកជា ប៉ូច បានប្រើពាក្យក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំជាមួយសមាជិក ដោយថា លោកចង់ទម្លាក់លោកហ៊ុន សែន ឱ្យបាន។

នៅថ្ងៃទី២៣ មេសា នេះដែរ លោក ហ៊ុន សែន ក៏បានឆ្លើយតបទៅលោកជា ប៉ូច វិញ ដោយព្រមផ្តល់នូវក្តីអភ័យដល់លោកជា ប៉ូច ក្នុងស្មារតីបង្រួបបង្រួមជាតិ។

លោកហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា៖«ខ្ញុំនឹងឱ្យមេធាវីដកពាក្យបណ្តឹងចេញពីតុលារ ដើម្បីបញ្ចប់រឿងក្តីនេះឱ្យបានឆាប់»។

លោកបន្ថែមថា៖«ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថា យើងនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀត ដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិ៣ជំនាន់ នឹងសូមលើកលែង ទោសឱ្យពួកគេ តែយើងមិនអត់ឱនឱ្យជនណា ឬក្រុមណាក៏ដោយ ដែលបន្តដើរតាមជនក្បត់ជាតិនេះជាដាច់ខាត»។

លោកអះអាងថា លោកនឹងបន្តប្រើផ្លូវច្បាប់ ដើម្បីចាត់ការលើក្រុមណា ឬបុគ្គលណា ដែលជេរប្រមាថមួលបង្កាច់មកលើគណបក្ស មកលើរូបលោកតទៅទៀត។

លោកបញ្ជាក់ថា៖«យើងមិនអាចអត់ឱនឱ្យបានទេចំពោះជនណា ឬក្រុមណាក៏ដោយ មិនថាខ្មែរ ឬបរទេស ដែលចង់ដុតផ្ទះចម្អិនពងមាន់របស់អ្នកបានឡើយ»៕ អត្ថបទ គឹម សារុំ

Comments are closed.