មេបក្សជំនាន់ថ្មី ប្រតិកម្មនឹងព័ត៌មាន ដែលថា តុលាការបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួនលោកពីបទញុះញង់ កាលពីឆ្នាំមុន ខណៈលោកត្រូវបានទទួលស្គាល់តាមច្បាប់ជាប្រធានបក្សទៅហើយ
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានប្រតិកម្ម និងសម្តែងការងឿងឆ្ងល់ ដែលបណ្តាញព័ត៌មានផ្សាយថា តុលាការខេត្តរតនគិរី ចេញដីកាបង្គាប់ឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនលោកពាក់ព័ន្ធរឿងពីឆ្នាំមុន ក្នុងបទញុះញង់ឱ្យមានការរើសអើង ក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV ខណៈលោកត្រូវបានទទួលស្គាល់តាមច្បាប់ជាប្រធានបក្សទៅហើយ។
ជុំវិញករណីនេះ នៅពេល The Cambodia Now News (CNN) ទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ សុំការបកស្រាយ នៅថ្ងៃទី៤ ខែកញ្ញា លោកមិនធ្វើអត្ថាធិប្បាយឡើយ ដោយប្រាប់ឱ្យសួរខាងតុលាការខេត្តរតនគិរី ដែលក៏មិនអាចទាក់ទងសុំអត្ថាធិប្បាយបានដែរ។
ក្នុងវីដេអូផ្សាយផ្ទាល់ពីសហរដ្ឋអាមេរិក នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោក មាជ សុវណ្ណារ៉ា ថ្លែងថា ដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ដោយតុលាការខេត្តរតនគិរីនោះ ចេញកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ មុនពេលលោកបង្កើតគណបក្សនយោបាយទៅទៀត។ ក្រោយមក លោកក៏ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់តាមផ្លូវច្បាប់ ដោយអនុញ្ញាតឱ្យលោកបង្កើតគណបក្សជំនាន់ថ្មី និងក្លាយជាប្រធានគណបក្សទៀត។ លោកសម្តែង នូវចម្ងល់ថា ហេតុអ្វីបានជាករណីនេះត្រូវអនុវត្តនៅពេលនេះ។
លោកថ្លែងថា៖«អ៊ីចឹង ខ្ញុំអត់យល់ថា តុលាការខេត្តរតនគិរីលេងសើចក្នុងនាមជាតុលាការឯករាជ្យ ឬជាសម្ពាធឥទ្ធិពលអ្នកនយោបាយ ហើយបើតុលាការចេញ[ដីកា]ឃាត់ខ្លួនខ្ញុំ ក៏គួរឱ្យដឹង ឱ្យខ្ញុំមានឱកាសរកមេធាវីតទល់»។
លោកបានរំឭកថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកបានទទួលព័ត៌មានពីកម្មករខ្មែរ ធ្វើការនៅចម្ការកៅស៊ូ និងចម្ការចេកវៀតណាម នៅខេត្តរតនគិរី ដែលទទួលបានប្រាក់ខែខុសគ្នា ហើយលោកក៏បាននិយាយអំពីរឿងនេះ។ លោកថា កម្មករខ្មែរទទួលបានប្រាក់ខែតិចជាកម្មករវៀតណាម ដែលពួកគាត់មិនអាចបន្តធ្វើការនៅចម្ការកៅស៊ូ និងចម្ការចេកវៀតណាមបានទៀតទេ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា៖«រឿងតាំងពីណាពីណីមក ហើយអត់មកពាក់ព័ន្ធនឹង CLV អីទេ រឿងតាំងពីខែសីហា ឆ្នាំ២០២៣ វា១ឆ្នាំមកជាងហើយ ហើយទើបមក[ឆ្កឹះ]ដីកា។ អ្វីដែលខ្ញុំមិនយល់ទៅទៀត ត្រង់ថា បើមានដីកាចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ហេតុអីបានឱ្យខ្ញុំបើកគណបក្សនយោបាយ ហើយឱ្យខ្ញុំហ្នឹងបានច្បាប់ពេញលេញ ក្រោយពីសមាជថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ និងទទួលបានក្នុងនាមជាប្រធានគណបក្សស្របច្បាប់មួយពីក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤»។
លោកថ្លែងទៀតថា៖«ហើយខ្ញុំនៅស្រុកខ្មែរតាំងពីមុនម្តាយខ្ញុំមិនទាន់ស្លាប់ រហូតម្តាយខ្ញុំស្លាប់ រហូតបើកគណបក្សនយោបាយ រកតាមនីតិវិធី គ្រប់សព្វបែបយ៉ាងតាមក្រសួងមហាផ្ទៃកំណត់។ ខ្ញុំសម្ពោធទីស្នាក់ការកណ្តាល និងសម្ពោធគណបក្សតាមខេត្តមួយចំនួន ហេតុអីបានជាតុលាការមិនចាប់នៅពេលហ្នឹង»។
លោក មាជ សុវណ្ណារ៉ា ក៏បានលើកឡើងពីការឆ្លងដែនចេញចូលប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្លួនថា លោកមានការលំបាកនៅពេលចេញចូលតាមច្រកព្រំដែន ដោយមន្ត្រីធ្វើការតាមច្រកព្រំដែន ហាក់ដូចមានការរឹតត្បិតចំពោះរូបលោក។ លោកថា មុនពេលមានការអនុញ្ញាតឱ្យលោកចេញ ឬចូលបាន លោកត្រូវចំណាយពេលរង់ចាំខាងមន្ត្រីសួរថ្នាក់លើសិន។
អតីតអ្នកទោសនយោបាយរូបនេះថ្លែងថា៖«តាំងពីខ្ញុំចេញពីគុកនយោបាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨មក ជីវិតនយោបាយខ្ញុំពោរពេញទៅដោយការធ្វើទុក្ខបុកម្នេញ ការតាមដានសព្វបែបយ៉ាង ទោះបីស្តេចផែនដីលើកលែងទោសយ៉ាងណាក៏ដោយ ក៏គេនៅតែតាមដាន។ ចេញក៏គេសួរថ្នាក់លើ ចូលក៏គេសួរថ្នាក់លើ ហើយចុះជីវិតខ្ញុំម្នាក់នេះ អីក៏អភ័ព្វផ្នែករឿងនយោបាយនៅកម្ពុជាម៉េស»។
ពាក់ព័ន្ធករណីនេះ នៅពេល The Cambodia Now News (CNN) ទាក់ទងសុំអត្ថាធិប្បាយពីលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៤ ខែកញ្ញា លោកមិនផ្តល់អត្ថាធិប្បាយទេ ដោយថា ករណីនេះជាកិច្ចការរបស់តុលាការ ហើយប្រាប់ឱ្យទាក់ទងទៅខាងតុលាការខេត្តរតនគិរី។ ប៉ុន្តែ លោក កែវ សុភក្តិ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី មិនអាចទាក់ទងបានទេ នៅថ្ងៃទី៤ ខែកញ្ញា។
ចំណែករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ក៏មិនផ្តល់អត្ថាធិប្បាយលើរឿងនេះដែរ នៅថ្ងៃទី៤ ខែកញ្ញានេះ។
ប៉ុន្តែតាមប្រភពមួយ ដែលអះអាងថា ទទួលដំណឹងបានពីតុលាការខេត្តរតនគិរី គឺលោក មាជ សុវណ្ណារ៉ា នឹងត្រូវអនុញ្ញាតឱ្យរកមេធាវី ដើម្បីតតាំងក្តីលើសំណុំរឿងរបស់ខ្លួន ព្រមទាំងអនុញ្ញាតឱ្យលោកចូលឆ្លើយបំភ្លឺចំពោះការចោទប្រកាន់នេះ៕