មន្ត្រីសិទ្ធិមនុស្ស សាទរ ដែលស្ថានទូតកម្ពុជានៅកូរ៉េ បន្តផ្តល់សេវាលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរស្នាក់នៅ កូរ៉េ ចំនួន៦០ថ្ងៃទៀត តែក៏បារម្ភថា នឹងមានអ្វីកើតឡើង ក្រោយបញ្ចប់ថ្ងៃកំណត់នោះ
ក្រុមមន្ត្រីសិទ្ធិមនុស្ស សម្តែងការសាទរដែលរដ្ឋាភិបាលណែនាំឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បន្តផ្តល់សេវាលិខិតឆ្លងដែន ក្នុងរយៈពេល៦០ថ្ងៃទៀត ជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅប្រទេសកូរ៉េ ប៉ុន្តែ ក៏បង្ហាញនូវចម្ងល់ថា ក្រោយពីបញ្ចប់ថ្ងៃកំណត់នោះ ថា តើ នឹងមានបញ្ហាអ្វីកើតឡើងចំពោះពលរដ្ឋនៅកូរ៉េនោះ។
នាយកប្រតិបត្តិនៃអង្គការការពារសិទ្ធិមនុស្ស(លីកាដូ) លោក អំ សំអាត ថ្លែងនៅថ្ងៃទី២៣ សីហា ថា ក្នុងនាមជាអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស លោករីករាយ និងសាទរ ចំពោះស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ដែលបន្តផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងសា្នក់នៅប្រទេសកូរ៉។
ប៉ុន្តែលោកសំអាត បញ្ជាក់ថា៖«ប៉ុន្តែទោះយ៉ាងណាក៏ដោយ យើងមើលឃើញថា បើសិនជាផុតពី៦០ថ្ងៃហ្នឹងទៅ គឺបងប្អូនប្រជាពលរដ្ឋខ្មែរ ឬពលករខ្មែរនៅប្រទេសកូរ៉េហ្នឹង នឹងត្រូវធ្វើដំណើរមកធ្វើប៉ាស័្ពរ ឬក៏ទទួលទិដ្ឋាការនៅប្រទេសកម្ពុជាវិញ ដែលជាការលំបាកសម្រាប់គាត់ធ្វើដំណើរទៅមក»។
លោកបន្ថែមថា៖«អ៊ីចឹង យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សនេះ បន្ទាប់ពី៦០ថ្ងៃហ្នឹងទៅ សង្ឃឹមថា រាជរដ្ឋាភិបាល និងស្ថានទូត នឹងពិនិត្យពិចារណាទៅលើទុក្ខលំបាករបស់ពលករ ឬក៏ពលរដ្ឋខ្មែរ ដែលត្រូវធ្វើដំណើរចុះឡើងៗមកទទួល[លិខតឆ្លងដែន]នៅកម្ពុជា»។
សម្រាប់ លោក យិន ម៉េងលី អនុប្រធានផ្នែសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមការពារសិទ្ធិមនុស្ស(អាដហុក) លើកឡើងថា បើទោះជារដ្ឋាភិបាល បន្តផ្តល់ទិដ្ឋាការ ឬលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ ក៏ពិតមែន ប៉ុន្តែនេះគ្រាន់តែការផ្តល់ជូនជាបណ្តោះអាសន្នដែដែល។ លោកថា បើរដ្ឋាភិបាលបញ្ឈប់ការផ្តល់លិខិតឆ្លងដែនជូនពលរដ្ឋ រដ្ឋាភិបាល គួរពន្យល់ប្រាប់ពីមូលហេតុ ដែលនាំឱ្យមានការបញ្ឈប់នេះ ព្រោះស្ថានទូតជាតំណាងឱ្យរដ្ឋាភិបាលជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖«ស្ថានទូតបានផ្តល់នូវទិដ្ឋាការកន្លងមក ហើយប្រជាពលរដ្ឋនៅកូរ៉េមានការត្រកអរ ហើយបែរជាឈប់ក្នុងការផ្តល់នូវទិដ្ឋាការវិញ ហើយក៏គ្មានពន្យល់អំពីមូលហេតុទៀត ថា តើបញ្ហាទាំងអស់នេះអាចប្រឈមជាមួយប្រជាពលរដ្ឋនៅកូរ៉េយ៉ាងម៉េច»។
លោក យិន ម៉េងលី បញ្ជាក់ថា៖«ហើយចង់មិនចង់ បញ្ហានេះគេនឹងចោទទៅលើរដ្ឋាភិបាលហើយ ថា ការបិទទិដ្ឋាការហ្នឹង វាមានការពាក់ព័ន្ធទៅនឹងការធ្វើបាតុកម្មតវ៉ារបស់ប្រជាពលរដ្ឋ ដែលនៅប្រទេសកូរ៉េ ដែលជាម្ចាស់អំណាចនៃប្រទេសជាតិរបស់ខ្លួន។ អ៊ីចឹង ការធ្វើបាតុកម្មហ្នឹងក៏មិនមានអីខុសដែរ គ្រាន់តែជាការសម្តែងមតិ ប្រាប់មករដ្ឋាភិបាល ថា ប្រជាពលរដ្ឋមិនសប្បាយចិត្តពីបញ្ហាទាំងអស់ហ្នឹង»។
ដោយផ្អែកតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងយោងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងក្នុងឱកាស ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសឱ្យបន្តការផ្តល់សេវាធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរ រយៈពេល ៣ខែបន្តទៀត គិតចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២៥ សីហា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៣ សីហា។
ក្រសួងការបរទេសបន្តថា៖«យោងតាមការវាយតម្លៃទៅលើចំនួន នៃការដាក់ពាក្យស្នើសុំធ្វើលិខិតឆ្លងដែន របស់ពលរដ្ឋខ្មែរ នៅមិនទាន់សម្រេចបានទៅតាមចំនួន ដែលបានរំពឹងទុកនៅឡើយ ស្របពេលដែលបងប្អូនពលរដ្ឋខ្មែរយើងនៅតែបន្តអញ្ជើញមកដាក់ពាក្យស្នើសុំជាបន្តបន្ទាប់ ដូច្នេះ ស្ថានទូតក៏បានស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីបន្តសេវាផ្តល់លិខិតឆ្លងដែននេះមួយរយៈទៀត»។
ក្រសួងការបរទេសបញ្ជាក់ថា ដោយបានទទួលគោលការណ៍សម្រេចពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានសេចក្តីសោមនស្សរីករាយ ជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ជ្រាបថា ស្ថានទូតនឹងបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅសាធារណរដ្ឋកូរ៉េ ចំនួន៦០ថ្ងៃទៀត គិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤៕