Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ឆ្លើយតបទៅអ្នករិះគន់ ចំពោះការដាក់តាំងស្លាកគណបក្សមានតែរូបលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ខណៈមិនមានថ្នាក់ដឹកនាំផ្សេងទៀត

0
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា ការសម្រេចដាក់តាំងរូបប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត តែពីរនាក់លើស្លាកគណបក្ស គឺដោយសារលោក ហ៊ុន សែន ជាអ្នកផ្តើមគំនិតកសាងព្រែកជីកហ្វូណនតេជោ ឯលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលជាប្រតិបត្តិករលើគម្រោងនេះ។
លោកថ្លែងបែបនេះ ដើម្បីឆ្លើយតបទៅនឹងមតិរិះគន់មួយចំនួន ដែលបានលើកឡើងផ្សេងៗគ្នា អំពីការដាក់តាំងស្លាក គណបក្សប្រជាជនកម្ពុជា ដែលមានតែពីរនាក់ឪកូន លោក ហ៊ុន សែន ជាប្រធានគណបក្ស និងលោក ហ៊ុន ម៉ាណែត អនុប្រធាន ខណៈថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀតមិនត្រូវបានដាក់តាំងជាមួយដែរ។
លោក សុខ ឥសាន ប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី៣០ កក្កដា ថា៖«ការដាក់រូបដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ម៉ាណែត គឺទី១ សម្តេចតេជោ លោកជាអ្នកផ្តួចផ្តើមគំនិតក្នុងការកសាងព្រែកជីកហ្វូណនតេជោ។ សម្តេច ហ៊ុន ម៉ាណែត គឺសម្តេច ជានាយករដ្ឋមន្ត្រី ក្នុងការអនុវត្តជីព្រែកជីកហ្វូណនតេជោហ្នឹងឯង។ អ៊ីចឹងទេ បានវាកើតឡើងរឿងរូបសម្តេចទាំងពីរហ្នឹងតែម្តង»។
នៅលើបណ្តាញសង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃកន្លងទៅនេះ មានមតិរិះគន់ទៅលើការដាក់តាំងស្លាកគណបក្សប្រជាជនកម្ពុជានៅតាមទីសាធារណៈ ដែលឃើញមានតែរូបលោក ហ៊ុន សែន ជាប្រធានបក្ស និងរូបលោកហ៊ុន ម៉ាណែត អនុប្រធានបក្ស ខណៈថ្នាក់ដឹកនាំផ្សេងទៀត ជាពិសេស លោក ហេង សំរិន ដែលធ្លាប់ដាក់តាំងទន្ទឹមគ្នា៣រូបនោះមិនត្រូវបានដាក់តាំងបង្ហាញជាមួយគ្នា។ ការដាក់តាំងបង្ហាញតែ២នាក់ឪពុក និងកូនបែបនេះ ត្រូវបានគេបញ្ចេញមតិយោបល់រិះគន់ផ្សេងៗគ្នា និងប្រហាក់ប្រហែលគ្នា។
គណនីហ្វេសប៊ុក ឈ្មោះ Sea Visoth លើកឡើងជាសំណួរថា«បាត់តា ហេង សំរិន ទៅណាហើយ?»គណនីហ្វេសប៊ុក ឈ្មោះ Rita Chin លើកឡើងថា«កុំឱ្យបែកទ្រព្យ» គណនីហ្វេសប៊ុក ឈ្មោះ Mong Srean Suy លើកឡើងថា«២នាក់ឪកូនបានហើយ…»។
គណនីហ្វេសប៊ុក ឈ្មោះ Ly Johndy និង គណនីហ្វេសប៊ុក ឈ្មោះ Ream Khut ក៏បានលើកជាសំណួរប្រហាក់ប្រហែលគ្នាដែរថា«បាត់តាហេងទៅណាហើយ?» «បាត់តារិនទៅណា?»។
ក្រៅពីគណនីហ្វេសប៊ុកទាំងនេះ នៅមានគណនីហ្វេសប៊ុកជាច្រើនទៀត ដែលបានរិះគន់ទៅលើការដាក់តាំងសា្លកគណបក្សប្រជាជនកម្ពុជា ដែលមានតែរូបលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោយពួកគេបានបញ្ចេញមតិ និងសម្តែងនូវចម្ងល់ផ្សេងៗគ្នា៕
Leave A Reply

Your email address will not be published.