Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អង្គការលីកាដូ ថា ការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ ជារឿងគួរឱ្យអាម៉ាស់យ៉ាងខ្លាំងសម្រាប់ជាតិ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថា ការលើកឡើងនេះ ជាលេសដើម្បីបិទបាំងកំហុស

ភ្នំពេញៈ អង្គការការពារសិទ្ធិមនុស្ស(លីកាដូ) បានហៅចំណាត់ការរបស់តុលាការ ដែលបានផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ ថា ជារឿងគួរឱ្យអាម៉ាស់យ៉ាងខ្លាំង សម្រាប់ជាតិ និងធ្វើឱ្យប្រព័ន្ធយុត្តិធម៌រងភាពអាម៉ាស់។ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថា ការលើកឡើងនេះ ជាលេស ដើម្បីបិទបាំងកំហុស ហើយលោកស្នើឱ្យមានការចូលរួមក្នុងនីតិវិធី ដើម្បីការពារពួកគេតាមផ្លូវច្បាប់ប្រសើរជាង។

យុវជនការពារបរិស្ថានចំនួន៥រូប ត្រូវបានអាជ្ញាធររបស់រដ្ឋាភិបាលចាប់ខ្លួន ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ តាមដីកាសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។ យុវជនទាំនោះ រួមមាន លោកយឹម លាងហ៊ី លោកថុន រដ្ឋា លោកលី ចាន់ដារ៉ាវុត កញ្ញាភួន កែវរស្មី និងកញ្ញាឡុង គន្ធា។ ពួកគេត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ នៅតាមបណ្តាខេត្តនានា ដាច់ដោយឡែកពីគ្នា។

សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ ចេញនៅថ្ងៃទី៤ កក្កដា នេះ លើកឡើងថា សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសទោលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ដោយដាក់ពន្ធនាគា ពី ៦ ទៅ ៨ឆ្នាំ គឺជា«រឿងគួរឱ្យអាម៉ាស់យ៉ាងខ្លាំង សម្រាប់ជាតិយើង»។

សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា៖«ការបំបិទសំឡេងរបស់សកម្មជនបរិស្ថាន និងការចោទប្រកាន់ថា សកម្មភាពតស៊ូមតិ ដោយសន្តិវិធីរបស់ពួកគេ ជាការគំរាមកំហែងដល់សន្តិសុខជាតិ នេះគឺធ្វើឱ្យប្រព័ន្ធយុត្តិធម៌រងភាពអាម៉ាស់»។

អង្គការលីកាដូ ក៏បានប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចថា គួរតែស្តាប់ និងចូលរួមធ្វើការជាមួយយុវជន និងសកម្មជនបរិស្ថាន ហើយមេត្តាបញ្ឈប់ការចំណាយធនធាន ដើម្បីធ្វើទុក្ខបុកម្នេញគំរាមកំហែង និងដាក់ទោសទៅលើយុវជនវ័យក្មេង ដែលក្លាហាន និងមានឆន្ទៈខ្ពស់ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃបំផុតរបស់កម្ពុជា។ ការសម្រេចមិនត្រឹមត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការបំបែកសកម្មជនទាំង៥នាក់ ទៅកាន់ពន្ធនាគារផ្សេងៗគ្នា ហើយឆ្ងាយពីផ្ទះរបស់ពួកគេ នឹងបន្ថែមនូវការឈឺចាប់ ដែលសកម្មជន និងក្រុមគ្រួសាររបស់ពួកគេកំពុងទទួលរង។

បើតាមសេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ ដែលថា យោងតាមព័តម៌មានផ្លូវការ គឺ លោកយឹម លាងហ៊ី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ លោក ថុន រដ្ឋា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី៣ (ម៣) នៅខេត្តត្បូងឃ្មុំ លោក លី ចាន់ដារ៉ាវុត ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល កញ្ញា ភួន កែវរស្មី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ និងកញ្ញា ឡុង គន្ធា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ។

សេចក្តីថ្លែងការណ៍ បញ្ជាក់ទៀតថា៖«ទង្វើ ដែលមិនធ្លាប់មានពីមុនមកនេះ គឺច្បាស់ណាស់ ក្នុងគោលបំណងបំបាក់ស្មារតីសកម្មជនយុវជន ក៏ដូចជាដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសាររបស់ពួកគេ ដែលនឹងត្រូវធ្វើដំណើររាប់រយគីឡូម៉ែត្រទៅសួរសុខទុក្ខមនុស្សជាទីស្រឡាញ់ ឬផ្តល់សម្ភារសំខាន់ៗសម្រាប់ប្រើប្រាស់ នៅក្នុងពន្ធនាគារកំពុងមានការខ្វះខាតធនធាន»។

សេចក្តីសម្រេចឃុំខ្លួនលោក ថុន រដ្ឋា នៅក្នុងមណ្ឌលអប់រំកែប្រែទី៣ គឺជាការរំលោភទៅលើប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការកំណត់គោលដៅឃុំឃាំងជនជាប់ឃុំ សម្រាប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីថ្លែងការណ៍របស់លីកាដូ។

អង្គការលីកាដូ បន្តថា៖«លើសពីនេះ ការឃុំខ្លួនសកម្មជនទាំង៥ នៅតាមពន្ធនាគារខេត្តផ្សេងៗគ្នា គឺជាការរំលោភទៅលើបទដ្ឋានអន្តរជាតិស្តីពីការប្រព្រឹត្តបែបមនុស្សធម៌ទៅលើអ្នកជាប់ឃុំ»។

ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់ The Cambodia Now នៅថ្ងៃទី៤ កក្កដា នេះ ថា ការសម្រេចផ្តន្ទាទោសលើជនជាប់ចោទ គឺជាការអនុវត្តច្បាប់ ដោយផ្អែកទៅលើអង្គហេតុ អង្គច្បាប់ និងមានមូលដ្ឋានរឹងមាំ ច្បាស់លាស់ តាមរយៈការស៊ើបអង្កេតរបស់សមត្ថកិច្ច ទើបឈានដល់ការផ្តន្ទាទោស។

លោក ជិន ម៉ាលីន ថ្លែងថា៖«អ៊ីចឹងទេ មធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ ក្នុងការជួយដល់ជនជាប់ចោទ គឺការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ធ្វើការការពារខ្លួនតាមផ្លូវច្បាប់ បង្ហាញភស្តុតាង សក្ខីកម្ម ឱ្យបានរឹងមាំក្នុងការដោះបន្ទុកទៅនឹងបទចោទ ដែលសមត្ថកិច្ចមាន»។

លោកបានបញ្ជាក់ថា៖«ការចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់យ៉ាងណានោះ មិនមានឥទ្ធិពលអីទៅលើតុលាការ ហើយក៏មិនអាចជួយដល់ជនជាប់ចោទ ដែលជាសកម្មជនទាំងអស់នោះបានដែរ។ ចំណែកការចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ វាគ្រាន់តែជាលេស ដើម្បីបិទបាំងកំហុសរបស់ខ្លួន»៕

Comments are closed.