Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងបក្សកម្លាំងជាតិ សោកស្តាយចំពោះការចាប់ខ្លួនយុវជនបរិស្ថាន និងចាត់ទុកជាការបំពានសិទ្ធិបញ្ចេញមតិ និងគំរាមកំហែង ខណៈអ្នកនាំពាក្យនគរបាលរាជធានី ថា ចាប់ពីបទរួមគំនិតក្បត់

ភ្នំពេញៈ គណបក្សកម្លាំងជាតិ សម្តែងការសោកស្តាយ និងចាត់ទុកការចាប់ខ្លួនយុវជនការពារបរិស្ថានចំនួន៥រូប ជាការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញលើយុវជន ដែលហ៊ានចេញមុខការពារបរិស្ថាន ខណៈអ្នកឃ្លាំមើលសិទ្ធិមនុស្ស ថា ការចាប់ខ្លួននេះ ជាការរំលោភសិទ្ធិបញ្ចេញមតិ។ ប៉ុន្តែអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ចាប់ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ

តាមរយៈសារផ្ញើមក The Cambodia Now នៅថ្ងៃទី៣ កក្កដា នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានសរសេរថា សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសយុវជន ដែលសកម្មក្នុងកិច្ចការការពារបរិស្ថាន ធនធានធម្មជាតិ ដាក់ពន្ធនាគារ ពី៦ ដល់ ៨ឆ្នាំ គឺពិតជាគួរឱ្យសោកស្តាយ និងខកចិត្ត។ សកម្មជន ដែលតស៊ូ ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ និងតាមគោលការណ៍ប្រជាធិបតេយ្យ បែរជាត្រូវបានផ្តន្ទាទោសពីបទរួមគំនិតក្បត់ ដោយបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារតាមខេត្តឆ្ងាយៗចំនួន៥ រួមមាន ពន្ធនាគារខេត្តព្រះវិហារ ពន្ធនាគារខេត្តពោធិ៍សាត់ ពន្ធនាគារខេត្តត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ពន្ធនាគារខេត្តកំពង់ស្ពឺ និងពន្ធនាគារខេត្តកណ្តាល។

លោកសំអាត បញ្ជាក់ថា៖«ការចាប់ និងឃុំខ្លួននេះ បណ្តាលឱ្យមានការរិះគន់ធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ និងសាធារណជន ពីការរំលោភបំពានលើសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងការបញ្ចេញមតិ»។

លោកបន្តថា៖«ទោះបីតុលាការ និងអាជ្ញាធរបញ្ជាក់ថា នេះជាការអនុវត្តច្បាប់លើអ្នកប្រព្រឹត្តខុសច្បាប់ក៏ដោយ ក៏សហគមន៍អន្តរជាតិ និងអ្នកជំនាញសិទ្ធិមនុស្សលើកឡើងថា នេះជាការរំលោភលើសេរីភាពជាមូលដ្ឋាន ការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ដែលធានា ដោយបទដ្ឋានអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ហើយកម្ពុជា បានទទួលស្គាល់ នៅក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះបានជាទាមទារឱ្យមានការដោះលែងយុវជនទាំងនោះ និងសូមឱ្យមានការកែលម្អក្នុងការគោរពសិទ្ធិមនុស្ស»។

សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ នៅថ្ងៃទី២ កក្កដា បញ្ជាក់ថា៖«គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួនយុវជនបរិស្ថានទាំង៥រូប ដោយអយុត្តិធម៌ គឺជាការគំរាមកំហែង បំភិតបំភ័យ ការបំបាក់ស្មារតី និងជាការធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរ ចំពោះយុវជនខ្មែរស្នេហាជាតិ ដែលមានភាពក្លាហាន លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនហ៊ានចេញមុខការពារផលប្រយោជន៍ជាតិមាតុភូមិ ពិសេសការការពារបរិស្ថាន និងធនធានធម្មជាតិ»។

គណបក្សកម្លាំងជាតិ ក៏បានអំពាវនាវ ដល់រាជរដ្ឋាភិបាលកម្ពុជា បើកលំហសិទ្ធិសេរីភាពបញ្ចេញមតិ និងដោះលែងយុវជនការពារបរិស្ថានទាំង៥រូប ឱ្យមានសេរីភាពឡើងវិញ ដើម្បីបង្ហាញការគាំទ្រ លើកទឹកចិត្ត និងផ្តល់ឱកាសពេញលេញដល់យុវជនខ្មែរ ដែលចេះស្រឡាញ់ និងការពារផលប្រយោជន៍ជាតិ។

យុវជនបរិស្ថាន ដែលត្រូវបានអាជ្ញាធរ របស់រដ្ឋាភិបាល ចាប់ខ្លួន ពីថ្ងៃទី២ កក្កដា ឆ្នាំ២០២៤នោះ រួមមាន លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោ យឹម លាងហ៊ី។

ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបកស្រាយថា សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ។ លោកថា មានការភាន់ច្រឡំ ឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ ឬមតិរិះគន់ និងសកម្មភាពបំពានច្បាប់ ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ លោក ប៉ែន បូណា សរសេរលើទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី២ ខែកក្កដា ថា៖«តាមពិតគ្មានអ្វីពិបាកយល់ទេ ដូច្នេះសូមបែងចែកឱ្យច្បាស់ ហើយសូមកុំយកសេរីភាពបញ្ចេញមតិមកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់»។

ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់ The Cambodia Now នៅថ្ងៃទី៣ កក្កដា ថា ការចាប់ខ្លួនបុគ្គលទាំង៥រូបនោះ គឺសមត្ថកិច្ចនគរបាល អនុវត្តទៅតាមដីការបស់តុលាការ ដែលបង្គាប់ឱ្យចាប់ខ្លួនពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។

លោក សំ វិច្ឆិកា បានថ្លែងថា៖«អ៊ីចឹង យើងអនុវត្តទៅតាមសាលក្រមសម្រេចរបស់តុលាការ ហើយយើងអនុវត្តបញ្ជូនគាត់ទៅកាន់ពន្ធនាគារ។ ជាធម្មតាទេ ពួកគាត់ ការប្រព្រឹត្តបទល្មើសខុសច្បាប់របស់គាត់ គាត់មិនដែលទទួលស្គាល់ខ្លួនគាត់ប្រព្រឹត្តខុសច្បាប់ទេ»។
នៅពេលសួរថា ហេតុអ្វីសកម្មជនការពារបរិស្ថានទាំង៥រូប ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារនៅតាមបណ្តាខេត្តផ្សេងៗគ្នាបែបនេះ? លោក សំ វិច្ឆិកា បញ្ជាក់ថា ដោយសារ ស្ថានភាពបទល្មើសជាក់ស្តែងរបស់បុគ្គលម្នាក់ៗ៕

Comments are closed.