Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មេបក្សប្រឆាំងក្រៅប្រទេសព្រលយពាក្យចង់បង្កើតរដ្ឋាភិបាលនិរទេស ទៅតាមការលើកឡើងរបស់លោក ហ៊ុន សែន ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចចាត់ទុកជារឿងគួរឱ្យអស់សំណើច

លោក សម រង្ស៊ី អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ បានព្រលយពាក្យចង់បង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេស ក្រោយពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើងថា ក្រុមអ្នកនយោបាយក្រៅប្រទេស មានគម្រោងរៀបចំបង្កើតរដ្ឋាភិបាលនិរទេស ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាច សម្តែងនូវការអស់សំណើច ហើយថា ពួកគេមានលទ្ធភាពអ្វី ដើម្បីបង្កើតរដ្ឋាភិបាលនេះ។

ថ្លែងតាមការផ្សាយផ្ទាល់ក្នុងវេទិកាមួយ ពីក្រៅប្រទេស ពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៤ លោក សម រង្ស៊ី បានសម្តែងនូវចម្ងល់ចំពោះការលើកឡើងរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលប្រកាសកម្ចាត់អ្នកនយោបាយក្នុងប្រទេស ដោយភ្ជាប់ពួកគេទៅនឹងអ្នកនយោបាយនៅក្រៅប្រទេស ដែលលោកថា មានគម្រោងរៀបចំបង្កើតរដ្ឋាភិបាលនិរទេស ដើម្បីតតាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត។

លោក សម រង្ស៊ី ថ្លែងថា៖«មិនដឹងគាត់នឹកឃើញចេញមកពីណា តែបើខ្ញុំគិតមួយសន្ទុះទៅ ខ្ញុំយល់ឃើញថា ជាគំនិតមួយយកមកគិតមែនទែន ព្រោះហ៊ុន សែន បានគិតមុនខ្ញុំ ឥឡូវហ្នឹងខ្ញុំយកមកគិតទៅ»។

លោករង្ស៊ី ក៏បានស្នើឱ្យប្រជាពលរដ្ឋគិតទាំងអស់គ្នា ដោយលោកលើកឡើងថា រដ្ឋាភិបាលណាក៏ដោយត្រូវមានលក្ខណៈពីរ គឺលក្ខណៈស្របច្បាប់ ដែលគេឱ្យតម្លៃ គេទទួលស្គាល់ និងរដ្ឋាភិបាល ដែលតំណាងឱ្យប្រជារាស្ត្រ។

លោក សម រង្ស៊ី ថ្លែងថា៖«អ៊ីចឹងបើមានរដ្ឋាភិបាលមួយ ដែលតំណាងឱ្យប្រជារាស្ត្រខ្មែរ ដែលការពារប្រជារាស្ត្រខ្មែរ អត់មានអីខុសទេ គួរតែមានផង។ គួរតែមានរដ្ឋាភិបាលមួយ ដែលតំណាងឱ្យប្រជារាស្ត្រខ្មែរ។ អ៊ីចឹង អ្វីដែលហ៊ុន សែន លើកឡើង ធ្វើឱ្យយើងយកមកគិតថា គួរបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយ ដែលតំណាងឱ្យប្រជារាស្ត្រខ្មែរពិតប្រាកដ»។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកំពុងកាន់អំណាច ចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ជារឿងគួរឱ្យអស់សំណើច ហើយលោកថា ពួកក្រុមប្រឆាំង ដែលមានបក្ខពួកមួយក្តាប់តូចចង់បង្កើតរដ្ឋាភិបាលចេញពីរដ្ឋធម្មនុញ្ញនោះកើតចេញពីណាមក។

លោក សុខ ឥសាន បានប្រាប់ The Cambodia Now នៅថ្ងៃទី២ កក្កដា ថា៖«វាជាការគួរឱ្យអស់សំណើចណាស់ ដែលក្រុមឧទ្ទាមក្រៅច្បាប់មានគ្នាប៉ុន្មានដំបស្វាហ្នឹងចង់បង្កើតរដ្ឋាភិបាល។ តើរដ្ឋាភិបាល ដែលតាមរដ្ឋធម្មនុញ្ញកើតចេញពីណាមក។ រាជរដ្ឋាភិបាលយើង តាមរដ្ឋធម្មនុញ្ញ គឺកើតចេញពីតំណាងរាស្ត្រ»។

លោកថា មុនដំបូងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ហើយចេញពីតំណាងរាស្ត្រមក ឥស្សរជន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សឈ្នះឆ្នោត រៀបចំសមាសភាពគណៈរដ្ឋមន្ត្រីទូលថ្វាយព្រះមហាក្សត្រ ដើម្បីទ្រង់ទទួលស្គាល់ ហើយដាក់សមាសភាពទាំងអស់មកឆ្លងសេចក្តីទុកចិត្តពីរដ្ឋសភា ទើបបង្កើតរាជរដ្ឋាភិបាលស្របច្បាប់ ដែលចេញពីឆន្ទៈប្រជាពលរដ្ឋ។ នេះជានីតិវិធី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោក សុខ ឥសាន ថ្លែងថា៖«សួរគាត់ទៅ គាត់នៅក្រៅប្រទេសហ្នឹង គាត់មានរដ្ឋសភានៅក្រៅទេ មានតំណាងរាស្ត្រប៉ុន្មាននាក់។ មានតែអ្នករត់ចោលស្រុក អេង ឆៃអ៊ាង មូរ សុខហួរ ដែលគេលុបចោលតាំងពីឆ្នាំ២០១៧ នៅតំណាងរាស្ត្រអីទៀត ហើយមានលទ្ធភាពអី ដើម្បីទៅបង្កើតរដ្ឋាភិបាល»។

លោកក៏បានព្រមានតាមសម្តីរបស់អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា រាល់រដ្ឋាភិបាលណា ដែលកើតចេញដោយមិនស្របច្បាប់ ហើយនៅក្រៅប្រទេសនិរទេស អាហ្នឹងជារដ្ឋាភិបាលខុសច្បាប់។ បើរដ្ឋាភិបាលខុសច្បាប់ ប្រទេសណាក៏ដោយ លើពិភពលោកគេមិនដែលទុកទេ គេត្រូវតែកម្ទេចចោល ហើយរាល់បណ្តាញរបស់រដ្ឋាភិបាលនៅក្រៅប្រទេស ដែលមកចូលក្នុងស្រុក អ្នកនៅក្នុងស្រុក បើមានទំនាក់ទំនងធ្វើសកម្មភាពបម្រើឱ្យរដ្ឋាភិបាលនិរទេសក្រៅស្រុក ដែលខុសច្បាប់ ក៏រដ្ឋាភិបាលស្របច្បាប់មិនអាចទុកដែរ៕

Comments are closed.