កងកម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១៩ ខែមិថុនា នេះ បានបញ្ជូនខ្មាន់កាំភ្លើង និងមនុស្ស២នាក់ផ្សេងទៀត ទៅសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីបន្ដនីតិវិធីច្បាប់ ពាក់ព័ន្ធការណីបាញ់ប្រហារយ៉ាងឃោរឃៅបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរងរបួស នៅបុរីប៉េងហួត បឹងស្នោ។
មនុស្ស២នាក់ផ្សេងទៀត ដែលត្រូវបានបញ្ជូនទៅតុលាការជាមួយឧកញ៉ាខ្មាន់កាំភ្លើងនោះ គឺឈ្មោះ សាន សុខចំរើន អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច អាយុ២៦ឆ្នាំ ដែលពួកគេទាំងពីរនាក់នេះ ម្នាក់ជាអ្នកដឹកឧកញ៉ាទៅធ្វើសកម្មភាព និងម្នាក់ទៀត គឺជាអ្នកបើកបររថយន្តដឹកលោកឧកញ៉ាគេចខ្លួន។
ដោយឡែកស្ដ្រីឈ្មោះ សាន ស្រីពេជ្រ និងម្ដាយ ដែលជាបក្ខពួកខាងខ្មាន់កាំភ្លើង សមត្ថកិច្ចជំនាញ មិនបានបញ្ជូនទៅតុលាការទេ និងបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ។
កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា មានករណីបាញ់ប្រហារដ៏រន្ធត់មួយ បានកើតឡើងនៅបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បណ្ដាលឱ្យមនុស្ស២នាក់ ជាគូដណ្ដឹងនឹងគ្នា បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ ៕
Comments are closed.