នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច និងប្រាសាទបាយ័ន។
នេះជាថ្ងៃបញ្ចប់ហើយ ដែលក្រុមអ្នកជំនាញការ ចុះពិនិត្យការងារនៅតាមការដ្ឋាននានា មុននឹងកិច្ចប្រជុំធំនៃគណៈកម្មាធិការអន្តរជាតិមួយនេះ រៀបចំធ្វើចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើកទី៣១។
ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ ក្រុមអ្នកជំនាញការអាដហុក បានចុះពិនិត្យការដ្ឋានមួយចំនួនដូចជា ទៅស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត រោងទងខាងត្បូងប្រាសាទអង្គរវត្ត បណ្ណាល័យខាងត្បូងនៃរួតទី២ប្រាសាទអង្គរវត្ត បាកានអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទភិមានអាកាស ក្រុមប្រាសាទព្រះពិធូរ នៃក្រុងអង្គរធំ ប្រាសាទភ្នំបាខែង ប្រាសាទតានៃ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទបាតជុំ ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទបាតជុំ ប្រាសាទប្រែរូប ប្រាសាទភ្នំក្រោម ស្ពានហាលខាងកើតប្រាសាទបេងមាលា តំបន់រុនតាឯកតេជោសែន និងតាមដងស្ទឹងសៀមរាបដែរ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ការិយាល័យផ្សព្វផ្សាយ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដែលស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាសារមន្ទីរបែបព្រះពុទ្ធសាសនា តាំងបង្ហាញ និងរក្សាទុកនូវវត្ថុសិល្បៈដែលបានមកពីកំណាយស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
បច្ចុប្បន្នទីនោះ មិនត្រឹមតែជាកន្លែងរក្សាទុកវត្ថុសិល្បៈបុរាណជាច្រើនប្រភេទ និងដាក់តាំងបង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិបានទស្សនាប៉ុណ្ណោះទេ គឺថែមទាំងមានអ្នកជំនាញអភិរក្សវត្ថុបុរាណនានាឱ្យមានភាពរឹងមាំយូរអង្វែងបន្តទៀត។
លោក កង ច័ន្ទតារា ជាប្រធានក្រុមការងារអភិក្សវត្ថុបុរាណផ្នែកថ្មភក់ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ឱ្យដឹងថា បច្ចុប្បន្ន សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គឺមានអ្នកជំនាញផ្នែកអភិរក្សថ្មភក់ ចំនួន៣នាក់ តែងធ្វើ។លោក កង ច័ន្ទតារា បញ្ជាក់ទៀតថា ជាច្រើនឆ្នាំមកនេះ ក្រុមរបស់លោកអភិរក្សវត្ថុបុរាណ រួមមានធ្វើពីថ្មភក់ លោហៈ និងកុលាលភាជន៍ជាដើម។ ក្នុងការងារអភិរក្សវត្ថុបុរាណទាំងនោះ មុនដំបូងត្រូវធ្វើការសម្អាតស្ងួត សម្អាតកំណកដី សម្អាតស្លែ និងសម្អាតផ្ទៃវត្ថុសិល្បៈទាំងមូលដោយប្រុងប្រយ័ត្ន ចៀសវាងការខូចខាត និងរក្សាបាននូវរូបរាងដើមរបស់វត្តសិល្បៈ។ វត្ថុបុរាណទាំងនោះ បន្ទាប់ពីទទួលបានការអភិក្សហើយ ត្រូវយកទៅរក្សាទុក ឬក៏វត្ថុខ្លះត្រូវដាក់តាំងបង្ហាញអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍សម្រាប់ឱ្យភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា។
ចាប់តាំងពីអំឡុងខែតុលា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន ក្រុមអ្នកជំនាញនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងធ្វើការសម្អាតវត្ថុបុរាណមួយចំនួនទៀត ដែលក្រុមអ្នកស្រាវជ្រាវទើបតែបានរកឃើញ ដូចជា ព្រះកេសរបស់ទេវរូប ចំនួន២ ដែលយកមកពីខ្លោងទ្វារជ័យនៃក្រុងអង្គរធំ បំណែកចម្លាក់ទ្វារបាល ដែលយកមកពីប្រាសាទបន្ទាយប្រី ចំនួន៧បំណែក និងសិលាចារឹក១ផ្ទាំង ដែលមានលេខសម្គាល់K170 យកមកពីការិយាល័យវប្បធម៌ស្រុកជីក្រែង។ល។
ក្រុមការងារអភិរក្សថ្មភក់ បានឱ្យដឹងថា ថ្វីត្បិតតែវត្ថុបុរាណនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បច្ចុប្បន្នមានការអភិរក្ស ដើម្បីឱ្យវត្ថុទាំងនោះមានភាពរឹងមាំ និងសោភណភាពឡើងវិញក្តី ក៏ប៉ុន្តែ ចំពោះវត្ថុសិល្បៈខ្លះដែលបាក់បែក គឺមិនទាន់មានការជួសជុលឱ្យល្អឡើងវិញទេ។ ក្រុមអ្នកអភិរក្សវត្ថុបុរាណនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏ស្នើសុំឱ្យអ្នកជំនាញផ្នែកជួសជុល ជួយជួសជុលវត្ថុសិល្បៈបុរាណជាច្រើននោះ ឱ្យបានល្អឡើងវិញផងដែរ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា
ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមនៅខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤។
អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រាង្គG15 រយៈពេល៦ខែកន្លងទៅនេះ សម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿនការងារជួសជុលជញ្ជាំងផ្នែកខាងត្បូង ខាងជើង។ មកដល់បច្ចុប្បន្ន សម្រេចការងារសរុបបានប្រមាណ៩៥ភាគរយហើយ។
អ្នកស្រី រតនា ឱ្យដឹងទៀតថា ប្រាង្គនេះមានហានិភ័យខ្លាំង១ក្នុងចំណោមប្រាង្គដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ ដែលទាមទារឱ្យជួសជុលជាបន្ទាន់ ដើម្បីកុំឱ្យជញ្ជាំងឥដ្ឋនៅសល់ដួលរលំ។
អ្នកជំនាញរូបនេះ បញ្ជាក់ថា មុនជួសជុល ប្រាង្គG15 មានស្ថានភាពខូចខាតដោយសារអាយុកាល កង្វះការថែទាំ រុក្ខជាតិដុះជ្រែកឥដ្ឋប្រាសាទ និងកត្តាទឹកភ្លៀងជ្រាបចូលរចនាសម្ព័ន្ធប្រាសាទ ធ្វើឱ្យប្រាសាទរងការពុកផុយនៅផ្នែកកំពូលខាងលើ និងនៅតាមជ្រុងនីមួយៗជាបន្តបន្ទាប់។ ដូច្នេះហើយ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត ដើម្បីការពារជម្រាបទឹក ការពាររុក្ខជាតិដុះ ដើម្បីឱ្យប្រាង្គនេះ មានភាពរឹងមាំយូរអង្វែងបន្តទៀត៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា / អ្នកស្រី ឈុន រតនា
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ព័ន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។ ការជួសជុលនេះ បន្ទាប់ពីក្រុមអ្នកអភិរក្សថ្ម បានបញ្ចប់ជួសជុលជណ្តើរតួប៉មកណ្តាល ផ្នែកខាងលិច និងចម្លាក់តោនៃប្រាសាទភ្នំក្រោមរួចមក។
អ្នកអភិរក្សថ្ម លោក ឡុង ណារី ឱ្យដឹងថា ការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀង ខាងជើងរបស់ប្រាសាទភ្នំក្រោមនេះ ចែកជា ២ដំណាក់កាល។ ដំណាក់កាលទី១ គឺជួសជុលពង្រឹងគ្រឹះជណ្តើរមុខផ្នែកខាងលិច ឆៀងខាងជើង និងកម្រាលថ្មភក់។ ដំណាក់កាលទី២ គឺជួសជុលសង្រ្គោះក្បាច់ចម្លាក់នៅតួប៉មកណ្ដាលមុខផ្នែកខាងលិច និងតួប៉មខាងជើង ជ្រុងខាងលិច ឆៀងខាងត្បូង។ ចម្លាក់ទាំងនោះ នៅសល់តិចតួចបំផុត ហើយថ្មកំពុងមានស្ថានភាពពុកផុយខ្លាំង។
អ្នកអភិរក្សថ្មដដែលឱ្យដឹងទៀតថា ការខូចខាតរចនាសម្ព័ន្ធជណ្តើរមុខនៅផ្នែកខាងលិច ឆៀង ខាងជើងរបស់ប្រាសាទភ្នំក្រោម បណ្តាលមកពីអាយុកាលនៃសម្ភារសំណង់ ថ្មបាយក្រៀមមានសភាពពុកផុយគ្មានលំនឹង។ បច្ចេកទេសនៃការជួសជុលជណ្ដើរ គឺត្រូវរុះរើថ្មកាំជណ្តើរ និងគ្រឹះទម្រ មកសម្អាតកំណកដី ហើយផ្នែកកម្រាលក្រោម គឺត្រូវប្រើកម្ទេចថ្មមកបង្ហាប់ដី។ រីឯដុំថ្មកាំជណ្ដើរដែលបាក់បែក ត្រូវតភ្ជាប់ឬក៏ជំនួសដោយថ្មថ្មី រួចហើយចាប់រៀបផ្គុំទៅតាមទីតាំងដើមនៃរចនាសម្ព័ន្ធឡើងវិញ ព្រមទាំងប្រើបាយអបិទភ្ជិតមុខតំណ ដើម្បីឱ្យទឹកហូរចេញ និងជ្រាបចូលគ្រឹះប្រាសាទជាដើម។
គម្រោងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើងនិងសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោមនេះ ចាប់ផ្ដើមតាំងពីខែកញ្ញា ឆ្នាំ២០២៤ គម្រោងនេះអាចនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២៤ខាងមុខ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា និងក្រុមការងារអភិរក្សថ្ម
អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បន្តជួសជុលកំពូលមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មជាបន្តទៀត បន្ទាប់ពីក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk) បានអនុញ្ញាតឱ្យប្រើថ្មថ្មីមកជំនួសថ្មចាស់ដែលខូចខាត និងបាត់បង់ ដើម្បីអាចឱ្យខ្លោងទ្វារនេះមានរូបរាងពេញលេញឡើងវិញ។
ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម គឺសម្រេចបានតួខ្លោងទ្វារ រួមទាំងស្លាបសងខាង និងរចនាសម្ព័ន្ធដំបូល។ បច្ចុប្បន្នក្រុមការងារជួសជុលបន្តចាប់ពីរចនាសម្ព័ន្ធចង្កានៃផ្ទៃមុខព្រហ្មឡើងទៅលើបន្ថែមទៀត តាមថ្មចាស់ដែលនៅសេសសល់ ដើម្បីឱ្យខ្លោងទ្វារនេះមានរូបរាងដូចដើមឡើងវិញ។ ក្រុមការងារមានការត្រេកអរដែលអ្នកជំនាញអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានអនុញ្ញាត ហើយខ្លោងទ្វារទាំងមូលនឹងបង្ហាញរូបរាងពេញលេញតាមលំនាំដើមក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនេះ បានចាប់ផ្ដើមជួសជុលកាលពីដើមឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។ នៅមុនពេលជួសជុល ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោមខ្លាំង គឺប្រាង្គកណ្ដាលផ្នែកខាងលើ និងថ្មដំបូលរលុះទាំងស្រុង គឺនៅសល់ផ្នែកខ្លះនៃស្លាបសងខាងប៉ុណ្ណោះ តែគ្មានលំនឹង ហែក ក្រៀកចេញពីគ្នាក្នុងស្ថានភាពហានិភ័យខ្ពស់៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន ដែលកំពុងរងការខូចខាតរចនាសម្ព័ន្ធមួយចំនួនឱ្យបានរឹងមាំឡើងវិញ។
ប្រាសាទអូរផ្អុង ដែលកសាងឡើងពីឥដ្ឋ បច្ចុប្បន្ន មានស្នាមប្រេះហែកកាន់តែធំធ្វើឱ្យដុំឥដ្ឋជាច្រើនប្រឈមនឹងការជ្រុះធ្លាក់ ហើយជញ្ជាំងឥដ្ឋផ្នែកខ្លះក៏កំពុងជ្រុះធ្លាក់ដែលឈានទៅរកបាត់ទម្រង់ដើមនៃប្រាសាទ។
មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា ក្រុមការងារកំពុងរៀបចំជួសជុលប្រាសាទអូរផ្អុងនេះ ជាច្រើនផ្នែក ដូចជា ពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងឥដ្ឋលើស៊ុមទ្វារ ជើងជញ្ជាំងដែលពុកផុយទាំងបួនជ្រុង ដំបូលរបស់រួតទី៣ ជួសជុលស្នាមប្រេះ លុបថ្នក់ទឹក ព្រមទាំងទល់ទ្រប្រាង្គ និងសម្អាតដោយដកកូនរុក្ខជាតិដែលដុះលើជញ្ជាំងប្រាសាទផង។
លោកពុទ្ធ សុទ្ធ បន្តទៀតថា ប្រាសាទនេះ រងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀង និងរុក្ខជាតិ ដែលដុះចាក់ឫសធ្វើឱ្យគ្រឹះស្រុត បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង។ បញ្ហាសំណើមក៏ធ្វើឱ្យខឿនរបស់ប្រាសាទពុកផុយ។
កាលពីឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការជួសជុលប្រាសាទអូរផ្អុងម្ដងមកហើយ ដោយការជួសជុលកាលណោះ គឺពង្រឹងផ្នែកខាងក្រៅនៃជញ្ជាំងទាំង៤ជ្រុង និងជួសជុលរួតទី១និងទី២។
ប្រាសាទអូរផ្អុង គឺជាក្រុមប្រាសាទមួយ ក្នុងចំណោមប្រាសាទផ្សេងទៀតនៅលើភ្នំគូលែន ដូចជា ប្រាសាទដំរីក្រាប ប្រាសាទរោងចិនអ្នកតា និងប្រាសាទខ្ទីងស្លាប់។ល។ ប្រាសាទនេះ បានកសាងឡើងនៅលើទីខ្ពស់ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ អំឡុងសតវត្សរ៍ទី៨នៃគ្រីស្ដសករាជ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា
គណៈប្រតិភូនៃខេត្តCentral Java របស់សាធារណរដ្ឋឥណ្ឌូនេស៊ី មួយក្រុមបានជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដោយផ្ដោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការងារថែរក្សា ការពារ និងអភិរក្សប្រាសាទបុរាណ រវាងអាជ្ញាធរជាតិអប្សរា ជាមួយខេត្ត Central Java ឱ្យកាន់តែប្រសើរថែមទៀត។
លោក ស្រី Muhammad Isnaeni ជាប្រធានក្រុមគណៈប្រតិភូ ថ្លែងថា ខេត្តCentral Java របស់សាធារណរដ្ឋឥណ្ឌូនេស៊ី បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ លើការថែរក្សា អភិរក្សប្រាសាទបុរាណ Borobudur និងប្រាសាទអង្គរវត្ត តាំងពីឆ្នាំ២០១៧។
លោកស្រីថ្លែងទៀតថា លោកស្រី បានសង្កេត ឃើញប្រាសាទអង្គរវត្តរបស់កម្ពុជា បច្ចុប្បន្នមានអាទិភាពនិងចំណុចពិសេសជាច្រើន ទាំងកិច្ចការពារ អភិរក្ស អភិវឌ្ឍន៍ សោភណភាព បរិស្ថាន និងការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាដើម។ លោកស្រីថា ចង់ស្វែងយល់អំពីការងារជាច្រើនរបស់អាជ្ញាធរជាតិអប្សរា ជុំវិញកិច្ចការពារ និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទាំងនោះ។
អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបង្ហាញក្តីសោមនស្សរីករាយ ដែលគណៈប្រតិភូនៃខេត្តCentral Java មានចំណាប់អារម្មណ៍ឡើងវិញលើកិច្ចសហប្រតិបត្តិការជាមួយគ្នានេះ។
លោកថា តាំងតែពីអំឡុងឆ្នាំ២០១៩ គឺអាជ្ញាធរជាតិអប្សរា និងខេត្តCentral Java បានធ្វើការជាមួយគ្នាលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទបុរាណ Borobudur និងប្រាសាទ អង្គរវត្ត។ ក៏ប៉ុន្តែការងារនេះបានអាក់ខានមួយរយៈចាប់តាំងពីមានការរាត្បាតដោយជំងឺកូវីដ១៩។
លោក ឡុង កុសល មានប្រសាសន៍ថា នៅពេលនេះ អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចរាល់ហើយក្នុងកិច្ចសហប្រតិបត្តិការ តាមអនុស្សរណៈនៃការយោគយល់គ្នា តាមការចង់បានរបស់ភាគីឥណ្ឌូនេស៊ី។
លោកបង្ហាញការជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងខេត្តCentral Java នៃប្រទេសឥណ្ឌូនេស៊ី នឹងទទួលបានជោគជ័យ នៅថ្ងៃអនាគត ដោយសារយើង បានរៀនសូត្រពីគ្នាទៅវិញទៅមក។
ចំណែកខេត្តCentral Java បានមើលឃើញថាប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាពលរដ្ឋជាច្រើនរយលាននាក់ គឺអាចជាសក្ដានុពលនៃវិស័យទេសចរណ៍ សម្រាប់កម្ពុជា ប្រសិនបើកម្ពុជារៀបចំ សម្រួលកន្លែងស្នាក់នៅនិងភោជនីយដ្ឋានបែបហាឡាល់(Halal Food)ឱ្យបានទូលំទូលាយ សម្រាប់អ្នកគោរពសាសនាអ៊ិស្លាមនោះ៕
]]>អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន កំពុងធ្វើកំណាយស្រាវជ្រាវបុរាណ វិទ្យា រួមគ្នាលើទួលបុរាណមួយនាជ្រុងអាគ្នេយ៍នៃប្រាសាទបន្ទាយក្តី តាំងពីដើមខែសីហា ឆ្នាំ២០២៤ ដើម្បីសិក្សាពីរចនាសម្ព័ន្ធទួលនិងទំនាក់ទំនង រវាងកំពែងប្រាសាទ ព្រមទាំងស្វែងយល់ពីការរស់នៅរបស់មនុស្ស សម័យមុន ក្នុងពេលកសាងប្រាសាទ រហូតមកដល់សម័យក្រោយអង្គរ។
លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យសូហ្វីយ៉ា (Sofia) ប្រទេសជប៉ុន ឱ្យដឹងថា ការជ្រើសរើសយកទីតាំងនៅទិសអាគ្នេយ៍នៃប្រាសាទបន្ទាយក្តី សម្រាប់ការស្រាវជ្រាវនេះ ដោយសារតែប្រព័ន្ធបច្ចេកវិទ្យាLida បានថតរូបទីនោះ ឃើញមានទួលជាច្រើន ដូចគ្នានឹងនៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្មដែរ។
លោកថាតាមការសម្គាល់ទីទួលជាច្រើន គឺមានមនុស្សរស់នៅ កាលពីសម័យបុរាណ។ ដូច្នេះបានជាពេលនេះក្រុមការងាររើសយកទីទួលនៅជិតប្រាសាទបន្ទាយក្តី ធ្វើកំណាយដើម្បីសិក្សាពីការតាំងទីរស់នៅរបស់មនុស្សកាលពីសម័យមុន។ ចំណុចសំខាន់មួយទៀត ការធ្វើកំណាយបុរាណ វិទ្យាពេលនេះ ដើម្បីបណ្តុះបណ្តាលធនធាន មនុស្ស និងនិស្សិតបុរាណវិទ្យាផង។
បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក វិទូ ភារម្យ ថ្លែងថាក្រុមអ្នកស្រាវជ្រាវ បានធ្វើកំណាយនេះ ចំនួន៣រណ្តៅ។ រណ្ដៅចំនួន២គឺជីកក្នុងជម្រៅ ២ម៉ែត្រគុណ២ម៉ែត្រ ឯរណ្ដៅមួយទៀតជីក ក្នុងជម្រៅ២ម៉ែត្រគុណ១.៥០ម៉ែត្រ។
តាមរយៈការធ្វើកំណាយនេះ បុរាណវិទូបានប្រទះឃើញស្លាកស្នាមអតីតកាលចំនួន៣ ដែលគេសន្និដ្ឋានថាទី១ ទីទួលនៅជ្រុងអាគ្នេយ៍នៃប្រាសាទបន្ទាយក្តី អាចមានពលករមករៀបចំស្នាក់នៅ ដើម្បីត្រៀមរៀបចំកសាងប្រាសាទលើទីទួលដែលមានស្រាប់។ ទី២ ពេលកំពុងសាងសង់ប្រាសាទ គឺមនុស្សអាចបន្តរៀបចំទួលនេះ ហើយចាក់ដីបន្ថែម ដោយយកកម្ទេច និងបំណែកថ្មភក់រៀបចំធ្វើជាគ្រឹះនៅជាប់ជើងទួល និងទី៣ក្រោយពេលសាងសង់ប្រាសាទរួចរាល់ អាចមានមនុស្សមករស់នៅបន្តដើម្បីថែរក្សាប្រាសាទ មានដូចជាព្រាហ្មណ៍ និងខ្ញុំបម្រើប្រាសាទជាដើម។
អ្នកស្រាវជ្រាវ ក៏បានរកឃើញទៀតថានៅស្រទាប់ទី៣នៃរណ្ដៅកំណាយ គេក៏ប្រទះឃើញបំណែកកុលាលភាជន៍ខ្មែរ និងចិនដែលផលិតនៅចុងសតវត្សរ៍ទី១២ និងដើមទី១៣ជាច្រើនទៀត។
អ្នកស្រាវជ្រាវសន្និដ្ឋានជាជំហានដំបូង ជុំវិញទិន្នន័យនៃការធ្វើកំណាយនេះថាកាលពីសម័យបុរាណ ក្រៅពីការកសាងប្រាសាទ ក៏មានមនុស្សរស់នៅក្បែរកំពែងប្រាសាទដែរ។
នេះគឺជាភស្តុតាងថ្មីមួយបន្ថែមទៀត ក្រៅពីឯកសារដែលបានចារឹកទុក ឬក៏ចម្លាក់ ដែលមាននៅតាមប្រាសាទបុរាណនានា៕
]]>ចម្លាក់បដិមាទ្វារបាល(យក្ស)ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ខណៈដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។
បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨តឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ព័ន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អស្ទើរតែពេញលេញ។
លោក ជា សារិទ្ធ បញ្ជាក់ថា ស្ថានភាពនៃបដិមាទ្វារបាលនេះ ដួលដេកក្បាលទៅទិសខាងលិច ហើយដងខ្លួននៃបដិមានេះ បាក់ជា៦បំណែក ដែលបាក់នៅត្រង់ក ដើមដៃផ្នែកខាងឆ្វេង ចង្កេះ និងក្រោមជង្គង់នៃជើងទាំង២ និងផ្នែកដែលបាត់បង់ គឺដំបង។ ចម្លាក់បដិមាទ្វារបាលនេះ គឺស្ថិតក្នុងរចនាប័ទ្មបាយ័ន មានកម្ពស់ប្រមាណ១,៦០ម៉ែត្រ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ភោគ ជា/ ជា សារិទ្ធ
ប្រព័ន្ធបង្ហូរទឹកបុរាណ ដែលមានចម្លាក់រូបក្បាលមករ នៅទំនប់(ទឹកមុជ)ដែលជាទំនប់ទឹកបុរាណ ស្ថិតនៅជ្រុងនិរតីចម្ងាយប្រមាណ៣គីឡូម៉ែត្រពីប្រាសាទបេងមាលា ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងរងការខូចខាតយ៉ាងខ្លាំង។
ក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចាប់ផ្ដើមជួសជុលប្រព័ន្ធបង្ហូរទឹកនេះ ដើម្បីឱ្យមានភាពប្រសើរឡើងវិញ។
បុព្វបុរសខ្មែរសម័យមុន បានធ្វើចង្អូរបង្ហូរទឹកចម្លាក់មករនេះ សម្រាប់ប្រមូលទឹកពីតំបន់ភ្នំគូលែនបញ្ចេញមកក្រោមតាមទ រួចហើយឱ្យហូរចេញតាមមាត់សត្វមករធ្លាក់ចូលទៅក្នុងអូរថ្មដាប់ បន្តទៅបំពេញនៅកសិន្ធុប្រាសាទបេងមាលា និងបន្តហូរចាក់ចូលទៅអាងរក្សាទឹកធំមួយនៅភាគខាងកើតរបស់ប្រាសាទបេងមាលា ដែលគេហៅថា វាលផ្ទី៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ឮ ចាន់ណូរ៉ា