គ្រឹះស្ថានអប់រំ ជាង១ ៥០០ នឹងទទួលបានកញ្ចប់ហិរញ្ញប្បទានជាង $៧៩លានពីធនាគារ ពិភពលោក ដែលទើបបានអនុម័តថ្មីៗ
ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន៧៩.៥ លានដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាព ដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលទើបទទួលបាននៅថ្ងៃទី៣១ ខែឧសភា នេះ បានឱ្យដឹងថា មូលនិធិថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ ពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន៥០០ សាលាបឋមសិក្សាចំនួន១០០០ និងសាលាមត្តេយ្យចំនួន៩០។
សកម្មភាពសំខាន់ៗ ដែលត្រូវធ្វើ រួមមាន ពង្រីកការគ្រប់គ្រងតាមសាលារៀន ផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ថែមសម្រាប់គ្រូបង្រៀន ថ្នាក់ដឹកនាំ និងបុគ្គលិកសាលា សាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត។
សាកល្បងដាក់ឱ្យប្រើបច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព ធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទ្ទេសក៍គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ ពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ នៅតាមនីមួយៗ។
គម្រោងនេះ សង្កត់ធ្ងន់លើកុមារមកពីក្រុមជួបការលំបាក គ្រួសារក្រីក្រ ឬសហគមន៍ជនជាតិដើមភាគតិច រួមទាំងអ្នកដែលនៅតំបន់ដាច់ស្រយាល ឬរស់នៅក្នុងពិការភាព ដើម្បីបានទៅសាលារៀន និងទទួលបានឱកាសសិក្សាប្រកបដោយគុណភាពខ្ពស់៕
Comments are closed.