Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ប្រមុខការពារជាតិអាមេរិក នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នាដើមខែក្រោយ ដែលអ្នកវិភាគយល់ឃើញផ្សេងគ្នាពីគោលបំណងនៃប្រទេសមហាអំណាចមួយនេះ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងការពារជាតិជាមួយមេដឹកនាំថ្មីរបស់កម្ពុជា។ នេះបើតាមអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Wesley Holzer ដែលត្រូវបានស្រង់សម្តីដោយសារព័ត៌មាន នាថ្ងៃនេះ។

អ្នកវិភាគយល់ឃើញថា ទស្សនកិច្ចនេះ ដើម្បីចូលឱ្យកៀកជាមួយកម្ពុជា និងស្វែងរកទំនាក់ទំនងការទូតឱ្យបានកាន់តែល្អ ខណៈចរន្តពិភពលោកមានទិដ្ឋភាព៣ ការឈ្លានពាន សេដ្ឋកិច្ច និងបរិស្ថាន។ ជាមួយគ្នានេះអ្នកវិភាគបានលើកឡើងថា ទស្សនកិច្ចនេះក៏អាចស្នើឱ្យកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យ ឈរលើកម្រិតអព្យាក្រឹត ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ដែលនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នាដើមខែមិថុនាខាងមុខ គឺក្នុងបំណងចង់ចូលឱ្យកៀកជាមួយកម្ពុជា ដើម្បីស្វែងរកទំនាក់ទំនងការទូតឱ្យបានកាន់តែល្អ ពេលដែលចរន្តពិភពលោកមានទិដ្ឋភាព៣ គឺ ការឈ្លានពានគ្នា បញ្ហាសេដ្ឋកិច្ច និងបញ្ហាបរិស្ថាន។ ការលើកឡើងរបស់លោកសុខ ទូច ខណៈកម្ពុជាកំពុងចាប់យកចិនធ្វើជាមិត្តដែកថែប។

លោកប្រាប់ CNC នៅថ្ងៃទី២៧ ឧសភា ថា៖«ទាំងអស់នេះ[គេ]ត្រូវការជួបជុំគ្នា ត្រូវការធ្វើជាមួយគ្នា បានធ្វើទៅរួច ព្រោះមិនអាចធ្វើនៅនេះមួយ [នៅនោះ]មួយបានទេ»។ លោកក៏បានលើកឧទាហរណ៍ជាក់ស្តែងពីព្រឹត្តិការណ៍លើពិភពលោក គឺបញ្ហាជំងឺកូវីដ សង្គ្រាម ទីផ្សារ និងបញ្ហាថាមពល។

លោកបញ្ជាក់ថា៖«អ៊ីចឹងហើយ ដែលសហរដ្ឋអាមេរិក ត្រូវតែមកដើម្បីពង្រីកឧត្តមភាពទីផ្សាររបស់ខ្លួន។ [បើ]នៅឆ្ងាយ វាឆ្ងាយកាន់តែឆ្ងាយទៅៗហើយ។ ខ្ញុំឃើញថា ភាពកៀកកើយរបស់កម្ពុជានេះ កំពុងកៀកកាន់តែជិតទៅលើនយោបាយមួយប្រជាជន និងប្រជាជន។ អ៊ីចឹងប្រជាជនចូលមកអាចធ្វើវិនិយោគទៅវិញទៅមក វាអាចមានចរន្តទីផ្សារបានយ៉ាងច្រើន។ អ៊ីចឹងអាមេរិក ក៏អាចមកយល់ដឹងរឿងហ្នឹង»។

រឿងភូមិសាស្ត្រនយោបាយ លោក សុខ ទូច ក៏បានលើកពីអតីតកាល ដោយថា កម្ពុជាហាក់ដូចនៅឆ្ងាយពីគេ ដោយទំហំឈូងសមុទ្រកម្ពុជាតូច និងកាលនោះតំបន់ត្រួតស៊ីគ្នាជាមួយថៃ និងវៀតណាម មិនទាន់បានដោះស្រាយ ដូច្នេះគេមិនសូវមើលឃើញកម្ពុជាទេ។

លោកថ្លែងថា៖«ប៉ុន្តែដល់ពេលយើងកាយសមុទ្រកាន់តែជ្រៅ មានផែទឹកជ្រៅ អ៊ីចឹងការព្រួយបារម្ភវាចេះតែមានការកើតឡើង។ ឥឡូវគេអត់ប្រើប្រាស់ទេ ប៉ុន្តែករណីណាមួយ…គេថា នៅពេលទឹកលិចនៅកណ្តាលសមុទ្រ សូម្បីតែខ្នើយមួយតូច ក៏ជាពោងដ៏អស្ចារ្យដែរ។ អ៊ីចឹងឈូងសមុទ្រផែដ៏តូច បើសិនជាករណីចាំបាច់ ក៏ជាលក្ខណៈមួយផ្តល់ឱកាសភូមិសាស្ត្រនយោបាយដែរ»។

ពាក់ព័ន្ធនឹងការលើកឡើងថា អាមេរិកព្រួយបារម្ភពីកម្ពុជា ដែលងាកទៅរកចិនខ្លាំង និងមានមន្ទិលសង្ស័យថា កម្ពុជាអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាមនោះ លោក សុខ ទូច អះអាងថា រឿងនេះ គឺអាមេរិក មិនបារម្ភ និងមិនសង្ស័យអ្វីឡើយ។ លោកថា បើអាមេរិកចង់បាញ់ទីតាំងណាមួយ គ្រាន់តែប្រើផ្កាយរណប ក៏អាមេរិកអាចមើលឃើញបានដែរ។

លោកថ្លែងថា៖«ប៉ុន្តែលេសនយោបាយ ដើម្បីទម្លាក់ឱ្យយើងងាកទៅរកគេ»។

លោកសេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ថ្លែងថា ទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកមកកម្ពុជា អាចមានការលើកពីសន្តិសុខសកល និងតំបន់ ក៏ដូចជាវិស័យកងទ័ព ទំនាក់ទំងការទូត។ការណ៍នេះក៏អាចមានការស្នើឱ្យកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យ ឈរលើអព្យាក្រឹត ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្លួននិងចង់ឱ្យកម្ពុជាពិចារណាក្នុងការតម្កល់ផលប្រយោជន៍រួមរបស់សកលលោក។ ធ្វើយ៉ាងណាក៏ដោយ អាចនិយាយក្នុងកម្រិតមួយចង់ឱ្យកម្ពុជាឈរលើគោលការណ៍ស្មើភាពគ្នាចំពោះពិភពលោក។ ប៉ុន្តែគ្រប់យ៉ាង វាអាស្រ័យទៅនឹងទំនាក់ទំនង ក៏ដូចជាផលប្រយោជន៍នៃប្រទេសនីមួយៗ ក្នុងពេលដែលបង្កើតឱ្យមានទំនាក់ទំនងគ្នាជាសកល។

លោកសេក សុជាតិ៖«ដូច្នេះសម្រាប់កម្ពុជា និងសហរដ្ឋអាមេរិក ខ្ញុំមើលថា ទាំង២ប្រទេសនេះ ហាក់បីដូចជាពិបាកក្នុងការសម្របសម្រួលនយោបាយក៏ដូចជាទំនាក់ទំនងទ្វេភាគីដែលស៊ីជម្រៅឬក៏គ្រប់ជ្រុងជ្រោយ ដោយសារកម្ពុជា គឺជារបត់មួយ ដែលសហរដ្ឋអាមេរិកកំពុងតែសម្លឹងមើលថា ដើរប្រាសចាសពីគោលការណ៍ដើម។ សហរដ្ឋអាមេរិក តាមរយៈការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាការទូតទៅលើមន្ត្រីធំៗមួយចំនួន ក៏ជាឧបសគ្គមួយធ្វើឱ្យកម្ពុជាពិបាកក្នុងការទទួលយកលក្ខខណ្ឌ ដែលសហរដ្ឋអាមេរិកដាក់ឱ្យ»។

លោកបន្ថែមថា ក្នុងស្ថានភាពបែបនេះ កម្ពុជាច្បាស់ជាមិនបោះបង់គោលការណ៍ដើមរបស់ខ្លួនទេ ធ្វើយ៉ាងណាក៏ដោយរក្សាគោលជំហរ ដើម្បីពង្រឹងឥទ្ធិពលអំណាចរបស់ខ្លួន ទោះបីសហរដ្ឋអាមេរិកលើកឡើងពីបញ្ហាប្រឈមធំៗយ៉ាងណាក៏ដោយ ក៏កម្ពុជា ហាក់បីដូចជាមិនទាន់អាចដោះដៃចេញពីចំណងទំនាក់ទំនងដ៏ស្អិតល្មួត និងគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិនបានដែរ ព្រោះស្ថានភាពនេះកម្ពុជា នឹងចាប់យកចិនធ្វើជាមិត្តជាជាងចាប់យកសហរដ្ឋអាមេរិកធ្វើជាមិត្ត ដោយសារតែបញ្ហាទាក់ទងនឹងភូមិសាស្ត្រ និងទំនាក់ទំនងបញ្ហានយោបាយ។

លោកសុជាតិ៖«យើងដឹងហើយថា អ្នកប្រជាធិបតេយ្យនៅប្រទេសកម្ពុជាមានការគាំទ្រពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយធ្វើឱ្យរដ្ឋអំណាចកម្ពុជានៅពេលបច្ចុប្បន្នមានការមិនសប្បាយចិត្ត ហើយចង់ឱ្យសហរដ្ឋអាមេរិករឹតត្បិតអ្នកប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ដើម្បីកុំឱ្យប្រើប្រាស់ឥទ្ធិពលធ្វើឱ្យរង្គោះរង្គើទៅដល់ស្ថានភាពនយោបាយ និងអំណាចរបស់គណបក្សកាន់អំណាចនៅពេលបច្ចុប្បន្ន»។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ នាថ្ងៃល្ងាចថ្ងៃទី២៧ ឧសភានេះ។ ប៉ុន្តែលោកបានប្រាប់វិទ្យុបរទេសមួយថា លោកបានទទួលដំណឹងអំពីគម្រោង នៃដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិនៃសហរដ្ឋអាមេរិកមកកាន់កម្ពុជាដែរ។ ប៉ុន្តែលោកថា មិនទាន់ដឹងនៅឡើយថា តើរដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ នឹងយកបញ្ហាអ្វីខ្លះមកនិយាយជាមួយកម្ពុជាទេ៕

Comments are closed.