កម្ពុជាមានខ្យល់កន្ត្រាក់និងរន្ទះបាញ់បណ្តាលឱ្យមនុស្សស្លាប់និងរបួស៥០នាក់ និងប៉ះពាល់ផ្ទះជាង១ពាន់ខ្នង ចាប់ពីថ្ងៃទី១ ដល់១៥ ឧសភា
លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខ្យល់កន្ត្រាក់បានកើតឡើងទៅលើរាជធានី-ខេត្តចំនួន២២ លើកលែងខេត្តកំពង់ចាម ព្រះសីហនុ និងខេត្តកណ្តាល។ ឧបទ្ទវហេតុនេះ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសចំនួន ៥០នាក់។
គ្រោះមហន្តរាយនេះ បណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរ ១៧២ខ្នង របើកដំបូល និងខូចមធ្យម ១ ១៤៤ខ្នង របើកដំបូលសាលារៀន ១២អគារ សាលាឃុំ សាលាឆាន់ និងការិយាល័យស្រុក៣កន្លែង ដួលរលំគ្រោងអគាររោងចក្រ២ខ្នង ឃ្លាំងស្តុកទំនិញ ១កន្លែង និងរោងចញ្ចឹមមាន់ ១កន្លែង ខូចខាតដើមស្វាយចន្ទីរ ៧,៦ហិកតា មនុស្សស្លាប់២នាក់ និងរបួស៩នាក់។
ដោយឡែកគ្រោះថ្នាក់រន្ទះបាញ់បានកើតឡើងចំនួន ៤០លើក នៅតាមបណ្តាខេត្តចំនួន១៥ បណ្តាលឱ្យមនុស្សស្លាប់២១នាក់ របួស១៨នាក់ ងាប់គោក្របី១១ក្បាល និងខូចខាតផ្ទះ១០ខ្នង។
លោកបានបញ្ជាក់ថា តួលេខនេះបើធៀបទៅនឹងខែមេសា ឆ្នាំ២០២៤កន្លងទៅឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងខែមេសាខ្យល់កន្ត្រាក់បានកើតឡើងចំនួន៤៨លើកបណ្តាលឱ្យរលំផ្ទះ៧៥ខ្នងរបើកដំបូលផ្ទះ ៦១៣ខ្នងសាលារៀន១២ខ្នង តូបផ្សារ៤តូប អគារដ្ឋបាល ៣ និងរបួសមនុស្ស២នាក់ ខណៈរន្ទះបាញ់បានកើតឡើងចំនួន៥លើក បណ្តាលឱ្យមនុស្សស្លាប់៣នាក់។
យោងតាមក្រសួងធនធានទឹក និងឧត្តុនិយមបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្ពុជា អាចមានភ្ញៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីចំនួន៣០% ៕
Comments are closed.