Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អ្នកជំនាញជួសជុលនៅប្រាសាទជម ខិតខំស្វែងរកប្រភពដើមថ្ម ដែលជ្រុះធ្លាក់រាយប៉ាយ យកមកជួសជុលឡើងវិញ

ក្រុមការងារជួសជុលប្រាសាទជម បានបំពេញ ការងារសម្រង់ប្លង់ ថតរូប រៀបចំចុះបញ្ជីថ្ម រាប់រយដុំ ដែលបានរលុះធ្លាក់រាយប៉ាយនៅលើដី និងបែងចែកទៅតាមប្រភេទថ្ម ដើម្បីស្វែងរកទីតាំងដើម ហើយនឹងរៀបចំជួសជុលប្រាសាទនេះឱ្យបានពេញលេញតាមលក្ខណៈដើមឡើងវិញ ដោយព្យាយាមប្រើប្រាស់ថ្មថ្មីតិចបំផុត។

បច្ចុប្បន្ន ក្រុមការងារកំពុងសាកល្បងផ្គុំថ្មទៅតាមលំនាំដើមបានជាង២០០ដុំ ក្នុងចំណោមថ្មប្រមាណ៧០០ដុំ ដែលបន្តស្វែងរកទីតាំងដើម។

ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ដែលកំពុងរៀបចំផ្គុំសាកល្បងថ្មនៅបរិវេណខាងជើងប្រាសាទ ឱ្យដឹងថា ចំនួនថ្មរាប់រយដុំទាំងអស់នេះ កាលមុនរៀបចំជួសជុល គឺស្ថិតក្នុងបរិវេណប្រាសាទ ខ្លះកប់ក្នុងដី និងខ្លះទៀតនៅគរលើគ្នា។ ក្រោយមកក្រុមការងារបានថតរូប ចុះបញ្ជី សម្រង់ប្លង់ និងរើយកថ្មទាំងនោះដាក់នៅខាងក្រៅបរិវេណប្រាសាទ ដើម្បីងាយស្រួលបំពេញ ការងារ។

ជាមួយគ្នានេះ ក្រុមការងារក៏បានកំណត់អត្តសញ្ញាណ និងវាស់វែងដុំថ្មនីមួយៗ ព្រមទាំងបានបែងចែកទៅតាមប្រភេទដូចជាថ្មហោជាង ថ្មដំបូល ថ្មខឿន និងថ្មជញ្ជាំងជាដើម មុននឹងសាកល្បងផ្គុំទៅតាមបច្ចេកទេស និងទម្រង់របស់ថ្មនីមួយៗនៃប្រាសាទ។

លោក ថៃ យ៉ាម៉ង់ បញ្ជាក់ថា មកដល់ពេលនេះ ក្រុមការងារបានរកឃើញថ្ម និងបានផ្គុំសាកល្បងត្រូវតាមលំនាំដើមរបស់រចនាសម្ព័ន្ធនៃប្រាសាទ ក្នុងនោះមានហោជាងទាំង៤ទិស  និងថ្មកំពូលប្រាសាទមានរាងជាផ្កាឈូក ថ្មខឿន ថ្មជញ្ជាំង ថ្មកំពូលជាដើម។

ទោះបីមានការលំបាកយ៉ាងណាក្តី ក្រុមការងារនៅតែបន្តខិតខំប្រឹងប្រែងស្វែងរកថ្មដែលជ្រុះធ្លាក់លាយឡំគ្នាទាំងនេះ។ ចំពោះបញ្ហាដែលថ្មខ្លះពុកផុយ ខ្លះបាក់បែក និងខ្លះទៀតសឹករេចរឹលរលុបនូវក្បាច់ធ្វើឱ្យពិបាកបែងចែកប្រភេទ និងពិបាកកំណត់ប្រភពនៃទីតាំងដើម គឺក្រុមការងារត្រូវការចំណាយពេលវេលាមួយសមស្រប ដើម្បីជួសជុល និងស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ។

ការព្យាយាមរបស់អ្នកជួសជុល និងអភិរក្សជំនាន់ថ្មីនេះ ដើម្បីការពារ និងលើកតម្លៃប្រាសាទជម ដែលជាកេរដូនតាខ្មែរឱ្យបាននូវលក្ខណៈដើមឡើងវិញ និងគង់វង្សបានយូរអង្វែងតទៅទៀត៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ភោគ ជា

 

Comments are closed.