អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានឱ្យដឹងថា សម្ភារៈយោធាចិន បានមកដល់កំពង់ផែក្រុងព្រះសីហនុហើយ ដើម្បីដឹកជញ្ជូនឆ្ពោះទៅខេត្តកំពង់ឆ្នាំង ជាទីតាំងធ្វើសមយុទ្ធយោធា រវាងកងទ័ពកម្ពុជា និងកងទ័ពចិន នាឆ្នាំ២០២៤នេះ។
អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា លំហាត់សមយុទ្ធ «នាគមាស» កម្ពុជា -ចិន ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងប្រទេសកម្ពុជា នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លំហាត់សមយុទ្ធនាគមាស លើកទី៦ នឹងធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌» ដែលមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីកងទ័ព ជើងគោក និងកងទ័ពជើងទឹកកម្ពុជា ក្នុងនោះសម្រាប់កងទ័ពជើងគោក នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសមយុទ្ធនៅលើសមុទ្រ គឺធ្វើឡើងនៅឯខេត្តព្រះសីហនុ៕
Comments are closed.