ក្រសួងអប់រំដាក់វិធានការ ៥ចំណុចដល់គ្រូបង្រៀន ដើម្បីទប់ស្កាត់បាតុភាពអវិជ្ជមាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្រោយពីអាណាព្យាបាលសិស្សត្អូញត្អែរពីការចំណាយលើការរៀនក្រៅម៉ោង
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់វិធានការ ៥ចំណុច ដល់គ្រូបង្រៀន ដោយប្រាប់ឱ្យគ្រូៗ ត្រូវអនុវត្តសេចក្តីណែនាំរបស់ក្រសួង ដែលផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ឱ្យមានប្រសិទ្ធភាព និងទប់ស្កាត់បាតុភាពអវិជ្ជមាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់។
ការដាក់ចេញវិធានការ ៥ចំណុច កាលពីថ្ងៃទី៧ ឧសភា នេះ ក្រោយពីក្រសួងអប់រំ ទទួលបានព័ត៌មានពីការត្អូញត្អែររបស់មាតាបិតា និងអាណាព្យាបាលសិស្សមួយចំនួន ពាក់ព័ន្ធនឹងការលំបាកក្នុងការចំណាយលើការរៀនបន្ថែមក្រៅម៉ោង(រៀនគួរ)របស់កូនៗ ទាំងនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សា ព្រមទាំងបានភ្ជាប់ទៅនឹងបាតុភាពអវិជ្ជមាន ដែលបង្កឡើង ដោយការបង្រៀនគួរ ដូចជាការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសនូវលំហាត់ ឬខ្លឹមសារ ដូចទៅនឹងការបង្រៀនគួររួច។
វិធានការ៥ចំណុចនោះ ទី១ ប្រាប់ឱ្យគ្រូបង្រៀនត្រូវអនុវត្តតាមកម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀនបានរៀបចំ ដើម្បីធានាឱ្យបាននូវការបង្រៀន និងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។ ទី២ គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ និងអនុវត្តតេស្តស្តង់ដាសម្រាប់ការប្រឡងគ្រប់ប្រភេទ និងពង្រឹងការរៀន និងបង្រៀន ដើម្បីលើកកម្ពស់គុណភាពការអប់រំ។ ទី៣ គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀន ឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡង។ ទី៤ គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ និងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សា យ៉ាងតិច ២ម៉ោងបន្ថែម និងទី៥ មាតាបិតាត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សា និងរៀនសូត្រនៅផ្ទះ។
ក្រសួងអប់រំបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖«ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើឱ្យមាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាធារណជនទាំងអស់ ចូលរួមតាមដាន ចូលរួមគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងគ្រប់គ្រងដំណើរការសាលារៀនប្រកប ដោយប្រសិទ្ធភាព និងគណនេយ្យភាព»៕
Comments are closed.