Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

លោក ហ៊ុន សែន ថា ព្រែកជីកតេជោហ្វូណនមិនធ្វើឱ្យលម្អៀងអព្យាក្រឹតភាពកម្ពុជា និងស្នើឱ្យបញ្ឈប់ការមួលបង្កាច់

 

ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន ថ្លែងថា ព្រែកជីកតេជោហ្វូណននឹងមិនធ្វើឱ្យលម្អៀងអព្យាក្រឹតភាពរបស់កម្ពុជាឡើយ។ ការថ្លែងរបស់លោក ហ៊ុន សែន បែបនេះ គឺដើម្បីឆ្លើយតបទៅនឹងការរិះគន់ថា ព្រែកជីកហ្វូណននឹងសម្រួលដល់វត្តមានកងទ័ពជើងទឹកចិននៅកម្ពុជា។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៩ ខែមេសានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីថ្លែងថា បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណនម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតក្នុងគម្រោងនៅឡើយ។

ប្រមុខរដ្ឋស្តីទីរូបនេះបន្តថា៖«ថ្ងៃនេះខ្ញុំចង់ដាស់តឿនដល់មិត្តភក្តិ ឬមិនមែនមិត្តភក្តិ លើចំណុចមួយចំនួនដូចខាងក្រោម៖
១. តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? ២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ ៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

លោកចោទសួរថា៖«៤. តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការណ៍គោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ»?

ត្រង់ចំណុចលេខ៥ លោកបញ្ជាក់ថា ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឱ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។

លោកហ៊ុន សែន ថ្លែងថា ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។ ៦. ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឱ្យកម្ពុជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។

លោកហ៊ុន សែន បញ្ជាក់ថា៖«ជួយឱ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននូវផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។»។

អតីតនាយករដ្ឋមន្ត្រីរូបនេះបន្តថា ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតព្រែកជីកនេះមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រឡើយ ដោយកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥។

ជាមួយគ្នានេះលោកក៏បានស្នើឱ្យបញ្ឈប់មួលបង្កាចកម្ពុជាក្នុងបំណងប្រឆាំងចិន តាមរយៈយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយ។

អ្នកវិភាគ និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ថ្លែងថា ព្រែកជីកហ្វូណននឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចកម្ពុជា ព្រោះវាជាផ្លូវដឹកជញ្ជូនដែលមានតម្លៃធូរថ្លៃជាងក្នុងចំណោមផ្លូវដឹកជញ្ជូនទាំងអស់។ ប៉ុន្តែវាមិនមែនជាចំណុចអាទិភាពដែលកម្ពុជាត្រូវតែជីកឡើយ ល្គឹកណាកម្ពុជាគ្មានថវិកាខ្លួនឯងគ្រប់គ្រាន់ដើម្បីអភិវឌ្ឍ។

លោកឯម សុវណ្ណារ៉ា ថ្លែងថា៖«យើងនិយាយទៅបើសិនជាកម្ពុជាមានថវិកាសម្រាប់អភិវឌ្ឍខ្លួនឯងវាល្អជាង ជាជាងយើងឱ្យកម្ចី ឬក៏គេហៅថាផ្តល់នូវBOT (សាងសង់ធ្វើអាជីវកម្មផ្ទេរ)ហើយបានយើងទទួលយកវិញ៥០ឆ្នាំក្រោយ វាខាតអត្ថប្រយោជន៍កម្ពុជាច្រើនដែរ។ អ៊ីចឹង បើសិនលទ្ធភាពយើងមានខ្លួនឯង យើងធ្វើមិនអីទេ បើសិនយើងអត់យើងអាចទុកសិន។ ខ្ញុំគិតថា អ្វីដែលចាំបាច់ការអភិវឌ្ឍផ្លូវដែកវាសំខាន់ជាង»។

ប៉ុន្តែអ្នកវិភាគរូបនេះមិនឯកភាពចំពោះការរិះគន់ថា ព្រែកជីកហ្វូណននេះសម្រួលដល់វត្តមានកងទ័ពជើងទឹកចិននៅកម្ពុជាទេ ព្រោះព្រែកជីកនេះជីកនៅក្នុងទឹកដីកម្ពុជា មិនមែនជីកនៅតាមព្រំដែនកម្ពុជាវៀតណាមឡើយ៕ ដោយ បញ្ញា ពល

Comments are closed.