រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើគ្រប់ប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយពីសារអប់រំគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព នាឱកាសបុណ្យចូលឆ្នាំ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភក្ត្រា បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយផ្សព្វផ្សាយឱ្យបានជាអតិបរមា នូវសារអប់រំគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលមន្ត្រីរាជការ កម្មករ និយោជិត និងប្រជាពលរដ្ឋគ្រប់រូបបានឈប់សម្រាកពីការងារ។
លោកនេត្រ ភក្ត្រា បានស្នើតាមរយៈលិខិត នាថ្ងៃទី៨ ខែមេសា ថា៖«ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្នើ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយជំរុញឱ្យពិធីករ ពិធីការិនីធ្វើការអប់រំ ណែនាំ ដាស់តឿន ក្រើនរំលឹក និងផ្សព្វផ្សាយឱ្យបានជាអតិបរមានូវសារអប់រំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងសារអប់រំគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងបំផុសស្មារតីប្រជាពលរដ្ឋយើងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ និងការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ ក្នុងការធានានូវសុវត្ថិភាព និងចៀសផុតពីការប្រើប្រាស់គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍…»៕
Comments are closed.