Your Hot News in Hands

BREAKING NEWS

លោក កើត សារ៉ាយ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទ២បទល្មើស

36

 

ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ អាយុ៣២ឆ្នាំ និងគូកនត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ចំនួន២បទល្មើស គឺបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងករណីមិនរាងចាល។

បទចោទនេះជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៨ មាត្រា៤៨៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលCNNទទួលបាននៅថ្ងៃទី៧ ខែមេសា។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កាលពីអំឡុងខែមីនា ឆ្នាំ២០២៤ ឈ្មោះ កើត សារ៉ាយ និងគូកនបានរៀបចំផែនការអូសទាញប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ និងចេញតតាំង ប្រឆាំងដោយហិង្សានឹងអាជ្ញាធរមានសមត្ថកិច្ច ហើយបំផុសឱ្យប្រជាពលរដ្ឋភ័យខ្លាចរត់ភៀសខ្លួនចូលព្រៃ និងរៀបចំរូបភាពជាការភ័យខ្លាចចំពោះអាជ្ញាធរមានសមត្ថកិច្ច និងទុក្ខលំបាកវេទនា បើទោះជា អាជ្ញាធរខេត្ត ព្រះវិហារសុំឱ្យមកសហការ ដើម្បីជួយប្រជាពលរដ្ឋ ក៏ក្រុមជនសង្ស័យមិនទទួលយកជំនួយពីអាជ្ញាធរខេត្ត។

សេចក្តីប្រកាសបន្តថា ក្រុមជនសង្ស័យបានបញ្ជូនរូបភាពទាំងនេះឱ្យបណ្តាញផ្សព្វផ្សាយក្រៅប្រទេស ដើម្បីឱ្យសាធារណជនក្នុង និងក្រៅប្រទេស មានការភាន់ច្រឡំ ពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និង ចូលរួមប្រឆាំងរាជរដ្ឋាភិបាល។

ប្រភពដដែលបន្ថែមថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ កើត សារ៉ាយ បានផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លូន ដោយបញ្ជាក់ថា ជនសង្ស័យបានដឹកនាំយុវជនសិទ្ធិមនុស្ស ចំនួន៤រូបចូលទៅជួបប្រជាពលរដ្ឋដែលរត់ចូលក្នុងព្រៃ និងបានធ្វើបទសម្ភាសន៍ប្រជាពលរដ្ឋនៅទីនោះ។

ប្រភពដដែលបញ្ជាក់ថា៖«ថែមទាំងថតពីសកម្មភាពរស់នៅ ហើយបានធ្វើការអះអាងផ្សព្វផ្សាយជាសាធារណៈដោយបំភ្លៃព័ត៌មានមិនពិត។ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល»។

សេចក្តីប្រកាសបានរំឭកថា ជនសង្ស័យឈ្មោះ កើត សារ៉ាយ ត្រូវបានសាលាដំបូងរាជធានី ភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល២០ខែ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល តែទោសនេះត្រូវអនុវត្តដាក់ពន្ធនាគារចំនួន១៤ខែ ទោសសល់ពីនេះត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈសាលក្រមព្រហ្មទណ្ឌលេខ៣៥១៥ “ន” ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ម្តងរួចមកហើយ៕អត្ថបទ គឹម សារុំ