ព្រះមហាក្សត្រប្រាប់ព្រឹទ្ធសភា ដែលលោកហ៊ុន សែន ទើបជាប់ជាប្រធាន ត្រូវការពារប្រយោជន៍ទូទៅ ការពារយុតិ្តធម៌សង្គម និងគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីភាពកក់ក្តៅដល់ប្រជារាស្ត្រ
ព្រះរាជសុន្ទរកថាជាង២ទំព័រ របស់ព្រះមហាក្សត្រកម្ពុជា ដែលព្រះអង្គបានយាងជាព្រះជាធិបតីក្នុងពិធីប្រារព្ធបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣ ខែមេសា ដែលលោកហ៊ុន សែន ទើបជាប់ឆ្នោតជាប្រធាន ក្នុងព្រះរាជសុន្ទរកថានោះ ព្រះករុណាព្រះបាទបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ព្រឹទ្ធសភាដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ ត្រូវការពារផលប្រយោជន៍ទូទៅនិងយុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជារាស្ត្រគ្រប់រូប។
ព្រះរាជសុន្ទរកថាបញ្ជាក់ថា៖«ក្នុងស្មារតីនេះ ខ្ញុំសូមសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា ខិតខំបំពេញការងារ ប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌របស់ព្រឹទ្ធសភា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការសម្រេចនូវមុខងារភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅដល់ប្រជារាស្ត្រយើង»៕