Your Hot News in Hands

BREAKING NEWS

មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក អ៊ុ វីរៈរដ្ឋ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់ ប៉ុន្តែគណបក្សនេះចាត់ទុក ជាការគំរាមកំហែងផ្នែកនយោបាយ

177

 

ប្រធានក្រុមការងារបណ្តោះអាសន្ន នៃគណបក្សកម្លាំងជាតិ ប្រចាំខេត្តកំពង់ស្ពឺ លោក អ៊ុ វីរៈរដ្ឋ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួន នៅព្រឹកថ្ងៃទី៣០ មីនា ពីបទរួមគំនិតក្បត់ ក្រោយពីថ្នាក់ដឹកនាំ និងក្រុមមន្ត្រី របស់គណបក្សនេះទៅដាក់កម្រងផ្កា រំឭកខួបដល់ជនរងគ្រោះ ដែលស្លាប់ដោយសារគប់គ្រាប់បែក នៅមុខអតីតរដ្ឋសភា។

លោក អ៊ុ វីរៈរដ្ឋ ជាអគ្គហេរញ្ញឹក និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ហើយក៏ជាបេក្ខជនលេខរៀងទី១ នៃគណបក្សកម្លាំងជាតិ សម្រាប់តំណែងសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧។ លោក អ៊ុ វីរៈរដ្ឋ គឺជាមន្ត្រី១រូបរបស់គណបក្សកម្លាំងជាតិ ក្នុងចំណោមមន្ត្រីចំនួន១១រូប ដែលត្រូវបានអយ្យការ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ កាលពីខែតុលា ឆ្នាំ២០១៩ ពីបទរួមគំនិតក្បត់។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់ CNN ថា ការចាប់ខ្លួនលោក អ៊ុ វីរៈរដ្ឋ មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ គឺកម្លាំងសមត្ថកិច្ចអនុវត្តតាមដីការបស់ចៅក្រម នៃសាលាដំបូងខេត្តកំពង់ស្ពឺ ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ រួមគំនិតក្បត់ ហើយក៏បានបញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺរួចហើយដែរ។

លោក សំ វិច្ឆិកា ថ្លែងថា៖«ហើយការឃាត់ខ្លួននេះ សូមបញ្ជាក់អ៊ីចេះ [ក្រុមប្រឆាំងខ្លះ]បានប្រតិម្មថា ជាការអនុវត្តគំរាមកំហែង បំភិតបំភ័យ ឬក៏អាចពាក់ព័ន្ធរឿងនយោបាយ។ ក្នុងនាមខ្ញុំបាទ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ»។

លោកបញ្ជាក់ថា៖«អ៊ីចឹង ការអនុវត្តវិធានការច្បាប់ អនុវត្តទៅតាមដីការបស់តុលាការសាលាដំបូងខេត្តកំពង់ស្ពឺ។ ការអនុវត្តនេះមិនជាប់ពាក់ព័ន្ធរឿងនយោបាយទេ»។

ប៉ុន្តែគណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍នាថ្ងៃនេះ សម្តែងការសោកស្តាយ ចំពោះការចាប់ខ្លួនលោក អ៊ុ វីរៈរដ្ឋ និងចាត់ទុកការចាប់ខ្លួននេះ ជាការគំរាមកំហែង បំភិតបំភ័យផ្នែកនយោបាយថ្មីបន្ថែមទៀតទៅលើគណបក្សកម្លាំងជាតិ ព្រោះការចាប់ឃុំខ្លួននាថ្ងៃទី៣០ មីនានេះ គឺអាចពាក់ព័ន្ធនឹងសំណុំរឿងចាស់ ឆ្នាំ២០១៩ ដែលករណីនេះត្រូវបានអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានថ្លែងលើកលែងការចោទប្រកាន់ជាផ្លូវការរួចរាល់ហើយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖«គណបក្សកម្លាំងជាតិសូមអំពាវនាវដល់តុលាការខេត្តកំពង់ស្ពឺ ទម្លាក់បទចោទប្រកាន់ និងដោះលែងលោក អ៊ុ វីរៈរដ្ឋ អគ្គហេរញ្ញឹកគណបក្ស ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ ដើម្បីបើកលំហសិទ្ធិសេរីភាពនយោបាយសម្រាប់គណបក្សកម្លាំងជាតិក្នុងការចូលរួមចំណែកលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា»។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ថ្លែងថា ករណីចាប់ខ្លួននេះជារឿងចាស់ ប៉ុន្តែវាបន្តកើតមានដល់ពេលបច្ចុប្បន្ន ហើយក៏អាចបន្តទៅថ្ងៃអនាគតទៀត ប្រសិនបើរឿងចម្រូងចម្រាសនយោបាយនៅកម្ពុជាមិនអាចដោះស្រាយបាន ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ។ លោកថា ការចាប់ខ្លួនអ្នកនយោបាយនេះ បង្ហាញឱ្យឃើញកាន់តែច្បាស់ពីសម្ពាធនយោបាយ ការរឹតត្បិតសេរីភាពនយោបាយ ក៏ដូចជាបង្ហាញឱ្យឃើញពីការអនុវត្តច្បាប់នៅកម្ពុជា ហាក់ដូចមិនរីកចម្រើន និងរឹតតែធ្វើឱ្យមានការបារម្ភ ដល់គ្រប់ភាគីពាក់ព័ន្ធ។

លោក សេក សុជាតិ បន្ថែមថា៖«រូបភាពនេះនឹងធ្វើឱ្យរដ្ឋាភិបាលកម្ពុជាប្រឈមនឹងសហគមន៍ជាតិ និងអន្តរជាតិ នៅក្រោមគោលនយោបាយរឹតត្បិតសេរីភាពកាន់តែខ្លាំង។ ដូច្នេះធ្វើឱ្យប៉ះពាល់មុខមាត់ និងសេចក្តីថ្លៃថ្នូរ របស់រដ្ឋាភិបាល»។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីខែតុលា ឆ្នាំ២០១៩ ការចោទលោក អ៊ុ វីរៈរដ្ឋ និងមន្ត្រី១០នាក់ទៀត គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគេ ដែលបានសរសេរជំហរច្បាស់លាស់តាមគណនីបណ្តាញសង្គមហ្វេសប៊ុក និងក្នុងគ្រុបទំនាក់ទំនងបណ្តាញសង្គមហ្វេសប៊ុក មានខ្លឹមសារវាយប្រហាររាជរដ្ឋាភិបាល។ បំផុសបំផុល ញុះញង់ ឃោសនា កៀរគរឱ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកល ជាផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញ របស់ទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៩៕