ស្ពានអាកាសមរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចរ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ មេសា
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសមរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចរ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយពីមានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចារលើលិខិតរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ដោយសម្រេចដាក់ឱ្យប្រើប្រាស់ នូវស្ពានអាកាសមរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចរ រវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
ស្ពានអាកាសសម្តេចតេជោ មានកម្ពស់២ជាន់ ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ពានអាកាសនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដែលមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាជាអ្នកទទួលការសាងសង។
បច្ចុប្បន្ន ការសាងសង់ស្ពានអាកាសមរតកតេជោ បានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹងបញ្ចប់ការដ្ឋាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤៕