មានករណីរថភ្លើងបុកជាមួយឡានក្រុងដឹកអ្នកដំណើរ បណ្តាលឱ្យមានអ្នករងរបួសធ្ងន់ចំនួន៥នាក់ និងស្រាល ៤១នាក់ កាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី២៩ ខែមីនា ស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ញឹម វុត្ថា នាយប៉ុស្តិ៍នគរបាលឈើតុំ បានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះជិះលើរថយន្តទាំងអស់ចំនួន៤៥នាក់ ក្នុងនោះរបួសស្រាល ៤១នាក់ ធ្ងន់ចំនួន៤នាក់ និងអ្នកបើកបររថភ្លើងម្នាក់ទៀតបាក់ជើង។
លោកបានបញ្ជាក់ថា មុនពេលកើតហេតុ រថភ្លើងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ ឯរថយន្តធ្វើដំណើរពីជើងទៅត្បូងខ្វះការប្រុងប្រយ័ត្ន ក៏ប៉ះនឹងរថភ្លើងចំពីមុខបុកទទឹងរថយន្តពេញទំហឹង បណ្តាលឱ្យមនុស្សរបួសធ្ងន់ និងស្រាល។
បើតាមលោកនាយប៉ុស្តិ៍ ត្រង់ចំណុចកើតហេតុមានដាក់សញ្ញាប្រាប់ដំណឹងត្រឹមត្រូវ។ អ្នករងរបួសទាំង៤៦នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕


