Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

គណៈមេធាវីកម្ពុជាបង្កើតក្រុមមេធាវីជួយពលរដ្ឋរងគ្រោះក្នុងការដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន CIC ខណៈក្រសួងយុត្តិធម៌ ថា ករណីនេះ មិនដូចករណី ឡេង ចាន់ណា ដែលជាករណីបោកប្រាស់

0

 

ក្រោយរឿងមិនប្រក្រតីផ្ទុះឡើងក្នុងក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអេលស៊ី(CIC Plc) គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្កើតក្រុមមេធាវី ជួយពលរដ្ឋរងគ្រោះពាក់ព័ន្ធនឹងក្រុមហ៊ុនCIC ដោយគណៈមេធាវីប្រាប់ឳ្យពលរដ្ឋមកកាន់ទីស្នាក់ការគណៈមេធាវី ដើម្បីពិគ្រោះយោបល់ផ្នែកច្បាប់ ឬពឹងពាក់មេធាវីការពារក្តី។

គណៈមេធាវី បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២៥ មីនា ថា កន្លងមកមានក្រុមហ៊ុន និងបុគ្គលមួយចំនួនតូចតែងតែបង្កើតគម្រោងវិនិយោគ ដោយប្រមូលប្រាក់ពីប្រជាពលរដ្ឋ ក្នុងរូបភាពប្រមូលមូលធនយកទៅវិនិយោគ ហើយចុងបញ្ចប់ប្រជាពលរដ្ឋដែលដាក់ប្រាក់វិនិយោគតែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។

គណៈមេធាវី បានបញ្ជាក់ថា ដោយបេសកកម្មរបស់វិជ្ជាជីវៈមេធាវីត្រូវចូលរួមបម្រើវិស័យយុត្តិធម៌ ចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធករណីក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC) Plc)។ ក្រុមមេធាវីនេះមានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នែកច្បាប់ ពិនិត្យ និងរៀបចំឯកសារជាភស្តុតាង និងធ្វើបណ្តឹង និងជួយការពារជូនប្រជាពលរដ្ឋ ដោយឥតគិតកម្រៃ។
គណៈមេធាវី បញ្ជាក់ទៀតថា៖«ដូច្នេះ ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋ ដែលខាតបង់ផលប្រយោជន៍ជាមួយក្រុមហ៊ុនខេបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Plc) ហើយមានបំណងពិគ្រោះយោបល់ផ្នែកច្បាប់ ឬពឹងពាក់មេធាវីជួយការពារក្តី សូមអញ្ជើញមកកាន់ទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា»។

ស្នាក់ការគណៈមេធាវី ស្ថិតនៅអគារកាច់ជ្រុង ផ្លូវលេខ ១១២៩ និងផ្លូវលេខ ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាធារណជន អាចមកកាន់ស្នាក់ការរៀងរាល់ម៉ោងការងារ ឬទំនាក់ទំនងជាមួយលោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ទូរស័ព្ទលេខ ០៧៧ ៣៥២០៨៦ ៩១៩ ១៦៨ និងលោកមេធាវី យូ លីមហួត ប្រធាននាយកដ្ឋានអធិការកិច្ច ទូរស័ព្ទលេខ ០១៧ ៥៨៤ ៤៤៥។

ប៉ុន្តែលោក ជិន ម៉ាលិន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឳ្យដឹងថា ករណីនេះ បើតាមក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃក្រសួងយុត្តិធម៌ដែលទទួលបានព័ត៌មានពីស្ថាប័នមានសមត្ថកិច្ច ករណីនេះមិនដូចករណី ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ។ ករណីក្រុមហ៊ុន CIC គឺជាក្រុមហ៊ុន ដែលមានការចុះបញ្ជី ដើម្បីធ្វើការវិនិយោគ មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ចត្រួតពិនិត្យកិច្ចការនេះ។

ប្រភពដដែលបន្តថា កន្លងមក តាមអ្វី ដែលបានដឹង គឺស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ ខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។
ប្រភពដដែលបញ្ជាក់ថា៖«ដូចនេះជាព័ត៌មានមិនពិត ដែលថា អាជ្ញាធរមានសមត្ថកិច្ច មិនធ្វើការងារលើករណីនេះ។ សូមរង់ចាំមើលអ្វី ដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហា ក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ»៕

Leave A Reply

Your email address will not be published.